ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតីម្នាក់មានជំងឺវិបល្លា.ស ត្រូវម្តាយចុះចា.លតាំងពីតូច​ នៅ​ជាមួយ​ឪពុកដើររើសអេតចាយ រស់ក្រោមដំបូលតង់ធ្លុះធ្លាយ ជីវភាពទីទាល់ក្រ

2 ថ្ងៃ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ព្រះ​គ្រូ​ឆន្ទ​វិ​ស​សិទ្ធិ មាស​សុផល ព្រះរាជា​គណៈថ្នាក់​កិត្តិយស​ជា​ព្រះ​បាឡាត់​គណ​ខេត្ត​ព្រះ​សីហ​នុ​ និង​ជា​ចៅអធិការ​វត្ត​អូរ​ត្រេះ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​៦  សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ កញ្ញា ឆ្នាំ ២០២៦​កន្លង​មក​ថ្មី​ៗ​នេះ បាន​ប្រគល់គ្រឿង​ឧបភោគបរិភោគ​និង​ភេ​សជ្ជៈ ​រួម​ជាមួយ​ថវិកាមួយ​ចំនួន​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​ទាន​របស់​ពុទ្ធ​បរស័ទ​​ជិត​ឆ្ងាយ​នៅ​ក្នុង​គ្រា​កន្លង​មក ត្រូវ​បាន​ព្រះ​តេជគុណ​ប្រគល់​ជូន​លោក រស់ ភី​ណា សហការី​អ្នក​យក​ព័ត៌មាន​កាសែត​កោះសន្តិភាព ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​យក​ទៅ​ប្រគល់​ជូន​យុវតី​ឈ្មោះ​យ៉ុ​ន ផៃ​យ៉ា​ណា អាយុ​១៧ឆ្នាំ​ មាន​ជំងឺ​វិប្បល្លាស​ប្រចាំកាយ ត្រូវ​ម្តាយ​ចុះ​ចោល​ចាប់តាំងពី​អាយុ​បាន​បី​ខួប​មក​ម្លេះ រស់នៅ​ជាមួយ​ឪពុក​ឈ្មោះ​កែវ ចន្ទី​ អាយុ​៤៥ ឆ្នាំ​ ប្រកប​របរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​ក្រោម​ដំបូល​តង់​ធ្លុះធ្លាយ​ ដោយ​សុំ​ដី​ឡូ​តិ៍​ទំនេរ​របស់​គេ​ស្នាក់​នៅ​បណ្តោះអាសន្ន​ ស្ថិត​ក្នុង​ក្រុម​០២ ភូមិ​០២ សង្កាត់​លេខ​០១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

តាម​ការឱ្យ​​ដឹង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​ក្បែរ​ផ្ទះ​យុវតី​កំព្រាម្តាយ​ហើយ​មាន​ជម្ងឺវិបល្លាស ​បាន​ឲ្យ​ដឹង​ថា​​គ្រួសារ​យុវតី​យ៉ុ​ន ផៃ​យ៉ា​ណា ដែល​មាន​ជម្ងឺ​ប្រចាំ​កាយនេះ​ ​មាន​ឪពុក​ប្រកបរ​បរជា​អ្នក​ដើរ​រើស​អេ​ត​ចាយ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ រក​ព្រឹក​ខ្វះ​ល្ងាច កូនស្រី​មាន​ជំងឺ​វិបល្លាស​ជា​ច្រើន​ឆ្នាំ​កន្លង​មក ​មិន​មាន​ថវិការ​សម្រាប់​យក​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព្យាបាល ហេតុនេះ​ហើយ​ទើប​ប្រពន្ធ​គេ​ចុះ​ចោល​ទុក​ឲ្យ​កូនស្រី​និង​ឪពុក​រស់នៅ​កណ្តោចកណ្តែង​ទ្រាំ​តាម​យថាកម្ម​ក្រោម​ម​ដំបូល​តង់​ដែល​លេចមុខ​លេច​ក្រោយ​ស្ទើរ​រក​កន្លែង​សម្រាក​មិន​បាន​.​។ មាន​ពេល​ខ្លះ​ភ្លៀង​ធ្លាក់​មក​ខ្លាំង​ឡើង​អង្គុយ​ទាំង​ពីរ​នាក់​ឪពុក​និង​កូន​​ទំរាំ​ភ្លៀង​រាំង ​ទើប​សម្រាក​បាន​បន្ត​ទៀត​ជីវិត​ពោរពេញ​ដោយ​ក្តី​វេទនា​យ៉ាងខ្លាំង ​។

ចំពោះ​គ្រឿង​ឧប្បភោគបរិភោគ​ដែល​បាន​យក​មក​ប្រគល់​ជូន​រួម​មាន​ដូច​ជា ១-អង្ករ​០១​បាវ​ មាន​ទម្ងន់​២៥​គីឡូ​ក្រាម​, ​មី​ជាតិ​១​កេស​និង​៥​កញ្ចប់​ ទឹកស៊ីអ៊ីវ ទឹកត្រី ​ប្រេងឆា​ ទឹក​ប្រេងខ្យង ទឹក​ផ្លែ​ឈើ​ ទឹកបរិសុទ្ធ​០១​កេស​និង​ថវិកាមួយ​ចំនួន​ផង​ដែរ ។​

ព្រះ​តេជគុណបាន​មាន​សង្ឃដីការ​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ដោយ​មើលឃើញ​អំពី​ស្ថានភាព​មាន​ជម្ងឺ​ប្រចាំ​កាយ​ធ្លាក់ខ្លួន​ពិការ​ភាព​ផ្នែក​វិបល្លាសកំព្រាម្តាយ ​ថែម​ទាំង​លំបាក​ខ្វះខាត​នៅ​ក្នុង​ជីវភាព​គ្រួសារ​ យើង​ត្រូវ​តែ​ជួយ​សម្រួលការ​លំបាក​ ដោយ​បរិ​ច្ចាគ​​ទាន​ជួយ​ដល់​សាធុជន​ដោយ​មិន​ប្រកាន់​ពូជ​សាសន៍​ ពណ៌​សម្បុរ​ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​ ​ហើយ​បើ​ទោះបីជា​ការ​ផ្តល់​អំណោយ​ជា​គ្រឿង​ឧប្បភោគបរិភោគ​និង​ភេ​សជ្ជៈ ​និង​ថវិកា​នា​ពេល​នេះ មាន​ចំនួន​បន្តិចបន្តួច​ក្តី​ តែ​អាច​ជួយ​សម្រួល​ដល់​ជីវភាព​ខ្វះខាត​ប្រចាំ​ថ្ងៃ​បាន​មួយ​រយៈ ​និង​ជា​​ការ​ចែករំលែក (ជួយ​គ្នា​​នៅ​ក្នុង​គ្រាក្រ​ និង​គ្រា​ដ៍​លំបាក​ខាងលើ​នេះ) ។​

ឪពុក​យុវតី​ខាងលើ​បាន​លើកដៃ​ទាំង​ទ្វេសំពះ​​ថ្លែងអំណរគុណ​ចំពោះ​ព្រះ​តេជគុណ​ព្រះ​គ្រូ ឆន្ទ​វិ​សិទ្ធិ មាស សុផល ព្រះរាជា​គណៈថ្នាក់​កិត្តិយស​ជា​ព្រះ​បាឡាត់​គណ ខេត្ត​ព្រះ​សីហ​នុ​និង​ជា​ចៅអធិការ​វត្ត​អូរ​ត្រេះ ដែល​មានទឹក​ប្រ​ទ័យ​អាណិតអាសូរ​ដល់​ជន​ទី​ទ័លក្រ​ដូច​រូប​គាត់​និង​សូម​ប្រគេន​ពរ​ជូន​ដល់​ព្រះ​អង្គ សូម​ទទួល​បាន​ព្រះ​សុខភាព​ល្អ​ព្រះ​កាយ​មាំមួន​ដើម្បី​បន្ត​ដឹកនាំ​វិស័យ​ពុទ្ធចក្រ​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​។

គួរ​រំលឹក​​ឡើង​វិញ​​ថា​នេះ​ជា​សកម្មភាព​អំណោយ​សប្បុរសធម៌​របស់​ព្រះ​តេជគុណ​ព្រះ​គ្រូ ឆន្ទ​វិ​សិទ្ធិ មាស សុផល ព្រះរាជា​គណៈថ្នាក់​កិត្តិយស​ជា​ព្រះ​បាឡាត់​គណ ខេត្ត​ព្រះ​សីហ​នុ​និង​ជា​ចៅអធិការ​វត្ត​អូរ​ត្រេះ​លើក​ទី​៥ ដែល​អ្នក​យក​ព័ត៌មាន​យើង​បាន​ពាំនាំ​យក​មក​ចែក​ជូន​ដល់​ជន​ទី​ទ័លក្រ​នៅ​ក្នុង​ក្រុងព្រះសីហនុ ដែល​ជា​សកម្មភាព​ចូលរួម​ចំណែក​មនុស្សធម៌​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​យើង៕