ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​គ្រាប់​ជ័យជម្នះ​កម្ពុជា​! ស៊ិ​ន កក្កដា ប្រាប់ FIFA ថា បើ​មានឱកាស​ចង់​ប្តូរ​អាវ​ជាមួយ Lamine Yamal

2 ថ្ងៃ មុន

ទីក្រុង​ហុងកុង ៖ កីឡាករ ស៊ិ​ន កក្កដា ម្ចាស់​គ្រាប់​បាល់​ជ័យជម្នះ សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពានរង្វាន់​ថ្មី FIFA ASEAN Cup កម្រិត​ទី​២ ឆ្នាំ​២០២៦ បាន​ប្រាប់​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) ថា បើ​មានឱកាស​រូបគេ​ចង់​ប្តូរ​អាវ​ជាមួយ​កីឡាករ​ឆ្នើម Lamine Yamal​។

ខ្សែបម្រើ ស៊ិ​ន កក្កដា បាន​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ នៅ​ចុង​ម៉ោង ពោល​នាទី ៩០+៤ ជូន​ក្រុម​គោព្រៃ​កម្ពុជា​លើ​មី​យ៉ា​ន់​ម៉ា ដោយ​លទ្ធផល ១-០ ការ​ប្រកួត​បើក​ឆាក​ពានរង្វាន់ FIFA ASEAN Cup កម្រិត​ទី​២ កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៦ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហុងកុង​។

ក្រោយ​ចប់​ការ​ប្រកួត ក្រុមការងារ​ផ្សព្វផ្សាយ FIFA បាន​សម្ភាសន៍​​ខ្សែបម្រើ​កម្ពុជា​រូប​នេះ ដោយ​បាន​បង្ហាញ​ក្តី​សុបិន​មួយ ដែល​ជា​ក្តី​សុបិន​ហួស​ឆ្ងាយ​ពី​ត្រឹម​ភាព​ជោគជ័យ​ក្នុង​ពានរង្វាន់ FIFA ASEAN Cup ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នេះ​។ កក្កដា បាន​ពន្យល់​ប្រាប់ FIFA ថា ប្រសិនបើ​កម្ពុជា​អាច​បន្តដំណើរ​ឆ្ពោះទៅ​មុខ​ប្រកបដោយ​ភាព​លេចធ្លោ​ដូច​ពេល​នេះ នោះ​ការ​ប្រកួត​ពានរង្វាន់ FIFA World Cup លើក​ក្រោយ (​ឆ្នាំ ២០៣០) ក៏​អាច​ទៅ​រួច ហើយ​នៅ​ពេល​ដែល​គោលដៅ​នោះ​ត្រូវ​បាន​សម្រេច នោះ​នៅ​សល់​គោលដៅ​ចុង​ក្រោយ​មួយទៀត​ប៉ុណ្ណោះ សម្រាប់​កីឡាករ​រូប​នេះ​។

ស៊ិ​ន កក្កដា បាន​និយាយ​ថា «​ប្រសិនបើ​ខ្ញុំ​គិត​ពី​អ្នក​ដែល​ខ្ញុំ​ចង់​ប្តូរ​អាវ​ជាមួយ​នៅ​ឆ្នាំ ២០៣០ នោះ​ច្បាស់​ជា Lamine Yamal ហើយ​! ពិត​ណាស់ យើង​មិនដឹង​ថា​អាច​ទៅ​ដល់​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣០ ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ក្នុង​នាម​ជា​កីឡាករ​ម្នាក់ វា​គឺជា​អ្វី​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​សម្រេច​ឱ្យ​បាន​ខ្លាំង​បំផុត និង​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ យើង​មាន​បំណងប្រាថ្នា​មួយ​ជាមួយ​គ្រូបង្វឹក​របស់​យើង ក្នុង​ការ​នាំ​កម្ពុជា​ទៅ​កាន់​ព្រឹត្តិការណ៍ World Cup ហើយ​ខ្ញុំ​នឹង​ធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ក្រុម​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​នោះ​»​។

គួរ​បញ្ជាក់​ថា ជ័យជម្នះ​លើ​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា កម្ពុជា​មានឱកាស​ខ្ពស់​បន្ត​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FIFA ASEAN Cup កម្រិត​ទី​២ ដោយ​ក្រុម​របស់​លោក Koji Gyotoku ត្រូវការ​ត្រឹម​ស្មើ​ការ​ប្រកួត​បន្ទាប់​ជាមួយ​ទី​ម័​រ​ខាងកើត នា​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ ២០២៦​។ ដ្បិត​កម្ពុជា​កំពុង​ឈរ​នៅ​កំពូល​តារាង​ពូ​ល B ខណៈ​ដែល​មី​យ៉ា​ន់​ម៉ា​ក៏​មាន​៣​ពិន្ទុ​ដែរ ប៉ុន្តែ​អស់​ប្រកួត​សន្សំ​ពិន្ទុ​ហើយ​៕ ប្រភព ៖ FIFA