ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០១១ សាលាស្រុកកណ្តាលស្ទឹង បានធ្វើពិធីបិទវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមដល់អ្នកស្ម័គ្រចិត្តនិងប្រកាសទទួលស្គាល់បន្ថែមអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកណ្តាលស្ទឹង ក្រោមអធិបតីភាពលោកកឹម ជាតិ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ប្រធានព្រឹទ្ធសភានិងជាអនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង លោកអភិបាល និងអភិបាលរងស្រុក លោកប្រធានពន្ធនាគារខេត្តកណ្តាលនិងសមាជិក សមាជិកាកាកបាទក្រហមកម្ពុជា ស្រុកកណ្តាលស្ទឹងជាច្រើនរូបទៀត។
លោកបូ ណារ៉េត អភិបាលស្រុកនិងជាប្រធានអនុសាខាកាកបាទក្រហម ស្រុកកណ្តាលស្ទឹង បានឡើងថ្លែងសុន្ទរកថាស្វាគមន៍និងធ្វើរបាយការណ៍សង្ខេប ដោយគូសបញ្ជាក់អំពីការងារកាកបាទក្រហមឆ្លើយតបលើគ្រោះមហន្តរាយនិងការអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ក្នុងស្មារតីសន្និបាត គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដែលបានដាក់ចេញនូវគោលការសម្រាប់បណ្តាស្រុកអនុវត្ត គឺចំពោះគ្រួសាររងគ្រោះចំនួន៥គ្រួសារប្រគល់ឱ្យអនុសាខាកាកបាទស្រុកជាអ្នកដោះស្រាយនិងចំនួន៣គ្រួសារទៀតសម្រាប់ក្រុមការងារកាកបាទក្រហមឃុំជាអ្នកដោះស្រាយនេះជាលទ្ធផល ដែលអនុសាខាកាកបាទក្រហមស្រុក និងក្រុមការងារកាកបាទក្រហមឃុំបានអនុវត្តពេលកន្លងមក។
ជាក់ស្តែងចុះចែកអំណោយផ្ទាល់ដល់គ្រួសាររងគ្រោះបានចំនួន៦៩លើក មាន១៤ឃុំក្នុងចំណោម១៨ឃុំ។ លោកប្រធានអនុសាខាកាកបាទក្រហមស្រុកបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលត្រូវបានបញ្ចប់ការសិក្សានេះមានចំនួន២៨៧នាក់ក្នុងនោះស្ត្រី១២៧នាក់។
លោកអភិបាលរងស្រុកបាន ឱ្យដឹងថាសភាពការសន្តិសុខនិងសណ្តាប់ធ្នាប់សង្គមក្នុងឆមាសទី១ ឆ្នាំ២០១១ កន្លងមកស្រុកបានលើកកម្ពស់រក្សានូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមបានយ៉ាងល្អប្រសើរ។
ពីលោកទៀង សុគន្ធ នាយករងសាខាកាកបាទក្រហមខេត្តបានរឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់បន្ថែមសមាសភាពអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកណ្តាលស្ទឹង គឺលោកស្រីភួង ម៉ាឡាកឹមជាតិ ដែលត្រូវបានប្រកាសតែងតាំងនៅពេលនេះ។ ក្នុងឱកាសនោះលោកកឹម ជាតិ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ប្រធានព្រឹទ្ធសភាជាតិបានមានមតិសំណេះសំណាល ដោយពាំនាំនូវការនឹករលឹកពីសំណាក់សម្តេចទាំងបីជាពិសេសលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលនៅជាប់ជាមួយប្រជាពលរដ្ឋទូទាំងប្រទេសមកជម្រាបជូនប្រជាពលរដ្ឋក៏ដូចសមាជិក សមាជិកាក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហមស្រុកកណ្តាលស្ទឹង បើទោះជាសម្តេចទាំងបី និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតមានការមមាញឹកក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសយ៉ាងណាក៏ដោយ។ លោកកឹម ជាតិក៏បានក្រើនរំលឹកផងដែរ ដល់សិក្ខាកាមលោកគ្រូ-អ្នកគ្រូ នៃក្រុមស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាស្រុកកណ្តាលស្ទឹង ឱ្យមានការយល់ដឹងពីគោលការគ្រឹះរបស់កាកបាទក្រហមកម្ពុជាដែលមានតួនាទីជាមនុស្សធម៌។
សូមបញ្ជាក់ថា នៅក្នុងពិធីនេះលោកកឹម ជាតិ និងលោកស្រីបានជួយឧបត្ថម្ភជាសម្ភារនិងថវិកាដល់លោកគ្រូ-អ្នកគ្រូ៧នាក់ក្នុងម្នាក់សារ៉ុង១ ថវិការ៥ម៉ឺនរៀល សិក្ខាកាម៣០៧នាក់ ក្នុងម្នាក់សារ៉ុង១ ថវិកា១ម៉ឺនរៀល អនុសាខាកាកបាទក្រហមស្រុកមី១៥កេស ថវិកា៣០ម៉ឺនរៀល នគរបាលស្រុក២០ម៉ឺនរៀល និងសាលាស្រុកកៅអី២០០កៅអី ថវិកា២០ម៉ឺន រៀល៕
ចែករំលែកព័តមាននេះ