ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀង! លិចលង់ផ្ទះសម្បែង ផ្លូវ​ច្រើនកន្លែង និងដំណាំកសិកម្ម នៅស្រុកសាលាក្រៅ ខណៈអាជ្ញាធរខេត្តប៉ៃលិនចុះជួយសង្គ្រោះ​ប្រជាពលរដ្ឋ​

1 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក រហូត​ដល់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៧​នេះ ជំនន់​ទឹកភ្លៀង​បាន​ជន់លិច​​លំនៅ​ឋាន ផ្ទៃដី​កសិកម្ម និង​ផ្លូវថ្នល់ ជា​ច្រើន​កន្លែង ក្នុងស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ក៏​បាន​នាំ​គ្នា​សស្រាក់សស្រាំ ចុះ​ទៅ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ភូមិ​វាលទំនាប​មួយ​ចំនួន ប្រញាប់​ស្វែងរក​ទីទួល​មាន​សុវត្ថិភាព ។ តែ​គេ​ពុំ​ទាន់​ដឹង​ថា បញ្ហា​គ្រោះ​ធម្មជាតិ ដែល​កើតឡើង​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ដំណាំ​កសិកម្ម លំនៅ​ឋាន​ប្រជាពលរដ្ឋ និង​ផ្លូវថ្នល់​អស់​ប៉ុន្មាន​នៅឡើយ​ទេ ព្រោះ​ក្រុមការងារ​កំពុង​មមាញឹក​ក្នុង​ការ​ចុះ​ទៅ​ដល់​លំនៅ​ឋាន ជន​រង​គ្រោះ ហើយ​ត្រៀម​បង្ការ​ជួយ​សង្គ្រោះ ព្រោះ​ផ្ទៃមេឃ​នៅ​តែ​ស្រអាប់ ហើយ​បន្ត​ធ្លាក់​ភ្លៀង​ថែម​ទៀត ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កន្លង​មក​ប៉ុន្មាន​ថ្ងៃនេះ បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង​បាន​ជន់​យ៉ាង​គំហុក ដោយ​ហូរ​ធ្លាក់​ចុះ​ពីលើ​ដងភ្នំ​ខៀវ ហើយ​បន្ត​ហូរ​ចូល​ទៅ​តាម​អូរ និង​ស្ទឹង​ប៉ៃលិន យ៉ាង​ខ្មួលខ្មាញ់ ហើយ​ក៏​ហៀរ​ចូល​ទៅ​តាម​ភូមិ​នានា នៅ​ភាគ​ខាងក្រោម ជា​ពិសេស​ស្ថិត​នៅ​ក្នុង​ឃុំ​សាលា​ក្រៅ និង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ បណ្តាល​ឱ្យ​លិចលង់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ចាប់តាំងពី​ថ្ងៃ​ទី​២៤-២៧ ខែកញ្ញា​នេះ ទឹកស្ទឹង​មានការ​ស្រក​ចុះ​វិញ​បន្តិច​ហើយ ។ បើសិនជា​មេឃ​មិន​បន្ត​ធ្លាក់​ភ្លៀង​ខ្លាំង​ដូច​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទេ ទឹកជំនន់​ក៏​អាច​នឹង​ស្រក​ចុះ​ជា​បណ្តើរ​ៗ ។ តែបើ​មេឃ​នៅ​បន្ត​ធ្លាក់​ភ្លៀង​ថែម​ហើយ​ថែម​ទៀត នោះ​អាច​នឹង​មានការ​លិចលង់​រាលដាល​ជា​ច្រើន​ភូមិ​ជា​មិន​ខាន ។

ប្រភព​បញ្ជាក់​ទៀត​ថា ដោយសារ​ឃើញ​សភាព​ការ​មិន​ស្រួល​បែប​នេះ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ផ្ទាល់ ដោយ​ផ្តល់​ជា​ស្បៀងអាហារ​ចាំបាច់ សម្លៀក​បំពាក់ ព្រមទាំង​ណែនាំ​ឱ្យ​ពួក​គាត់​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង កាលពី​វេលា​ម៉ោង ១២ និង​២៨​នាទី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៦​នេះ​ដែរ​ថា ជំនន់​ទឹកភ្លៀង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទៃដី​កសិកម្ម លំនៅ​ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន​ជាដើម ដោយ​លិច​ប្រព័ន្ធ​ធារាសាស្ត្រ តែ​ទំហំ​នៃ​ការ​ខូចខាត​នេះ មិន​ទាន់​បាន​វាស់វែង​នៅឡើយ​ទេ ព្រោះតែ​ទឹកជំនន់​នេះ​នៅ​បន្ត​ឡើង​ចុះ​ៗ ថែម​ទៀត ។

លោក​បន្ត​ទៀត​ថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន មានការ​ធូរស្បើយ​បន្តិច​ហើយ ដោយឡែក​ភូមិ​មួយ​ចំនួន​នៃ​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ជា​ពិសេស​ឃុំ​ស្ទឹង​ត្រង់ កំពុង​ទទួល​រង​ជំនន់​ដោយសារ​តែ​ឃុំ​ទាំងនេះ​ស្ថិត​នៅ​ភាគ​ខាងក្រោម ហើយ​ជាប់​នឹង​ស្រុក​កំ​រៀង​ខេត្តបាត់ដំបង ។ លោក​បញ្ជាក់​ថា ទឹកជំនន់​នេះ គឺ​ស្ថិត​នៅ​ក្នុង​ខ្នាត​ធំ​បង្គួរ ដែល​បាន​កើន​ឡើងជា​បន្តបន្ទាប់ ដូចដែល​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​អំពាវនាវ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ឱ្យ​ក្រុមការងារ កងកម្លាំងប្រដាប់អាវុធ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន រៀបចំ​ផែនការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ហើយ​ក៏​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រៀប​រៀបចំ​ទ្រព្យសម្បត្តិ ទុកដាក់​ឱ្យ​បាន​ល្អ ជៀសវាង​អណ្តែត​តាម​ទឹក ។

ម្យ៉ាងវិញទៀត បើសិនជា​អត់​មាន​ភ្លៀង​បន្ត​ទៀត​ថា ជំនន់​នេះ នឹង​ស្រុក​ចុះ​ទៅ​វិញ​ក្នុង​រយៈពេល​២​ទៅ​៤​ថ្ងៃ​ខាង​មុខ ។ តែបើ​មាន​ករណី​ភ្លៀង​បន្ត​ទៀត ជំនន់​អាច​នឹង​កើនឡើង ហើយ​ក៏​នឹង​រីក​រាលដាល់​ចូល​ទៅ​ក្នុងភូមិ​ផ្សេង​ៗ​ទៀត​ផង​ដែរ ៕