ពលរដ្ឋសាទរមន្ទីរសាធារណការជួសជុលផ្លូវទំនប់ត្នោតទេរដែលរងខូចខាត
- តាកែវ
ខេត្តតាកែវ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានចាប់ផ្តើមអនុវត្តការងារជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅលើខ្នងទំនប់ត្នោតទេរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។

លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសបានចុះអនុវត្តការងារចាក់ដីថ្មបន្ថែម ព្រមទាំងកៀរកិនបង្ហាប់តួថ្នល់នៅលើកំណាត់ផ្លូវខ្នងទំនប់ត្នោតទេរយ៉ាងសកម្ម ដើម្បីពង្រឹងគុណភាពផ្លូវ និងជួយសម្រួលការធ្វើចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ និងអ្នកធ្វើដំណើរឆ្លងកាត់។

ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់នៅក្នុងការដ្ឋាន និងជំរុញឱ្យការអនុវត្តការងារបច្ចេកទេសប្រព្រឹត្ត ទៅបានឆាប់រហ័សតាមផែនការ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ដែលត្រូវឆ្លងកាត់កំណាត់ផ្លូវខាងលើ មេត្តាបង្កើនការប្រុងប្រយ័ត្ន បន្ថយល្បឿន និងយោគយល់អធ្យាស្រ័យចំពោះការកកស្ទះចរាចរណ៍ដែលអាចកើតមានឡើងជាបណ្តោះអាសន្ន ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា អាជ្ញាធរក៏បានណែនាំផងដែរថា ប្រសិនបើអាច បងប្អូនប្រជាពលរដ្ឋគប្បីបង្វែរទិសដៅធ្វើដំណើរតាមផ្លូវវាងផ្សេងទៀតជាបណ្តោះអាសន្ន ដើម្បីចៀសវាងការកកស្ទះ និងជួយឱ្យការដ្ឋានជួសជុលផ្លូវនេះដំណើរការទៅដោយរលូន ៕







ចែករំលែកព័តមាននេះ