ខេត្តស្វាយរៀង ៖ អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីបានទទួលបានព័ត៌មានជំនាញ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងជំនាញ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវ និងបង្ក្រាបនៅចំណុចបន្ទប់ជួល ០១កន្លែង ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុប ០៥នាក់ ប្រុស (វៀតណាម ០៤នាក់ និងខ្មែរ ០១នាក់) និងបានចាប់យកសារធាតុញៀនសរុបទម្ងន់ ៩គីឡូក្រាម និង៧៧៤.១៣ក្រាម ក្នុងនោះមាន ៖
-មេតំហ្វេតាមីន ទម្ងន់ ២,២៩៧.៤៣ក្រាម
-កេតាមីន ទម្ងន់ ១,៥៦៦.៥៨ក្រាម
-អិចស្ត្រាស៊ី ទម្ងន់ ៥,៧១០.១២ក្រាម
-កញ្ឆាក្រាម ០៤កញ្ចប់ ទម្ងន់ ៨.៨១ក្រាម
-ជញ្ជីងថ្លឹង ០៣គ្រឿង
-ឧបករណ៍កែច្នៃគ្រឿងញៀន ០១គ្រឿង
-ទូរសព្ទដៃ ០៩គ្រឿង
-ម៉ូតូ ០១គ្រឿង
-លិខិតឆ្លងដែន ០៥ច្បាប់
-អត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាម០៥សន្លឹក
និងឧបករណ៍ សម្ភារសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ ត្រូវបានសាលាដំបូងខេត្តសម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង រួចហើយ ៕










ចែករំលែកព័តមាននេះ