ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកឆេរ​ផ្ទះល្វែង និង​បុរី​ជួល ៣២​ខ្នង​នៅ​ក្រុង​បា​វិត រក​ឃើញ​៥​កន្លែង​ពាក់ព័ន្ធ​អន​ឡាញ​ស្គេ​ម ឃាត់ខ្លួន​ជនបរទេស​២០​នាក់

5 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៦​នេះ លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត ដោយ​ទទួល​បានការ​ចង្អុលបង្ហាញ​ពី​លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត និង​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ចំហ និង​បន្ត​ស្រាវជ្រាវ​បង្ក្រាប​ទីតាំង​សង្ស័យ​មាន​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ស្ថិត​នៅ​ចំណុច​ទីតាំង​ផ្ទះល្វែង និង​បុរី​សម្រាប់​ជួល (​សរុប​មាន​ចំនួន ៣២​ផ្ទះល្វែង​) ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ទីតាំង​ខាងលើ​នេះ មាន​តំណាង​ម្ចាស់​ឈ្មោះ SHEN CHAOLIN ភេទ​ប្រុស ជនជាតិ​ចិន ។

ប្រតិបត្តិការ​នេះ ក៏​មានការ​ចូលរួម​សហការ​ពី​លោក ម៉ែ​ន ចាន់​រ៉ា អភិបាលក្រុង​បា​វិត ព្រមទាំង​កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត និង​កម្លាំង​ជំនាញ​បង្ការ​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​ជា​ច្រើន​រូប ។

លទ្ធផល នៃ​ការ​ចុះ​អនុវត្ត​ការងារ​រដ្ឋបាល​ចំហ​ចំនួន ០៤​ទីតាំង រួម​មាន ៖
ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​ជនបរទេស​ស្នាក់​នៅ​សរុប​ចំនួន ៣៥​នាក់ (​ស្រី ០៤​នាក់​) មាន ០៣​សញ្ជាតិ (​វៀតណាម ៩​នាក់ ស្រី ១​នាក់ មាន​លិខិតឆ្លងដែន ៥​ក្បាល​, ចិន ៣៣​នាក់ ស្រី ១​នាក់ មាន​លិខិតឆ្លងដែន ៥​ក្បាល និង​មី​យ៉ា​ន់​ម៉ា ស្រី ១​នាក់ មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​)​។ ក្នុង​នោះ​៖

ទីតាំង​ទី​១ ៖ (​ផ្ទះល្វែង​លេខ ១-០៣)៖ មាន​ជនបរទេស ០៤​នាក់ (​ស្រី ១​នាក់​) រួម​មាន ជនជាតិ​ចិន ០៣​នាក់ (​ប្រុស​) និង​វៀតណាម ០១​នាក់ (​ស្រី​) មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ និង​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស Online Scams ឡើយ​។
ទីតាំង​ទី​២ ៖ (​ផ្ទះល្វែង​លេខ ៣-០២)៖ មាន​ជនជាតិ​ចិន​ចំនួន ១០​នាក់ (​ប្រុស​) មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ និង​ពុំ​ពាក់ព័ន្ធ​នឹង​បទល្មើស Online Scams​។
ទីតាំង​ទី​៣ ៖ (​ផ្ទះល្វែង​លេខ ៣-០៨)៖ មាន​ជនបរទេស ០៤​នាក់ (​ស្រី ១​នាក់​) រួម​មាន ចិន ០៣​នាក់ (​ប្រុស​) និង​មី​យ៉ា​ន់​ម៉ា ០១​នាក់ (​ស្រី​) មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ និង​ពុំ​ពាក់ព័ន្ធ​នឹង​បទល្មើស Online Scams​។
ទីតាំង​ទី​៤ ៖ (​ផ្ទះល្វែង​លេខ ២-០៧)៖ មាន​ជនបរទេស ០៧​នាក់ (​ស្រី ១​នាក់​) រួម​មាន វៀតណាម ០១​នាក់ (​ប្រុស​) និង​ចិន ០៦​នាក់ (​ស្រី ១​នាក់​) មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ និង​ពុំ​ពាក់ព័ន្ធ​នឹង​បទល្មើស Online Scams ឡើយ​។

លទ្ធផល​នៃ​ការ​ឆែកឆេរ និង​ត្រួតពិនិត្យ​ជាក់ស្តែង​ទីតាំង​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង ONLINE SCAMS ចំនួន ០៥​ទីតាំង​៖
កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​ជនបរទេស​ចំនួន ២០​នាក់ (​ស្រី ០១​នាក់​) មាន ០២​សញ្ជាតិ ព្រមទាំង​ដកហូត​សម្ភារ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ជា​ច្រើន រួម​មាន​៖

១. ផ្ទះល្វែង​លេខ ៥-០២៖ រក​ឃើញ​ជនជាតិ​វៀតណាម​ចំនួន ០៩​នាក់ (​ស្រី ០១​នាក់ មាន​លិខិតឆ្លងដែន ០៥​ក្បាល​), កុំព្យូទ័រ All-in-One ចំនួន ១៣​គ្រឿង​, ទូរស័ព្ទ​ចម្រុះ ០៥​គ្រឿង​, ទូរស័ព្ទ​ផ្ទាល់ខ្លួន ០៧​គ្រឿង​, ដុំ Wi-Fi ០១​គ្រឿង និង​រថយន្ត ០១​គ្រឿង ម៉ាក Lexus CT200 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BR-3799​។
២. ផ្ទះល្វែង​លេខ ៥-០៣៖ រក​ឃើញ​ជនជាតិ​ចិន​ចំនួន ០៤​នាក់ (​ប្រុស គ្មាន​លិខិតឆ្លងដែន​), កុំព្យូទ័រ​យួរដៃ (Laptop) ចំនួន ០៩​គ្រឿង​, ទូរស័ព្ទ​ដៃ​ចម្រុះ ២៧​គ្រឿង​, ទូរស័ព្ទ​ផ្ទាល់ខ្លួន ០៦​គ្រឿង និង​ដុំ Wi-Fi ០១​គ្រឿង​។
៣. ផ្ទះល្វែង​លេខ ៥-០៨៖ រក​ឃើញ​ជនជាតិ​ចិន​ចំនួន ០៤​នាក់ (​ប្រុស មាន​លិខិតឆ្លងដែន ០៤​ក្បាល​), កុំព្យូទ័រ​យួរដៃ ១២​គ្រឿង​, ទូរស័ព្ទ​ដៃ​ចម្រុះ ៥៣​គ្រឿង​, ទូរស័ព្ទ​ផ្ទាល់ខ្លួន ០៤​គ្រឿង និង​ដុំ Wi-Fi ០១​គ្រឿង​។
៤. ផ្ទះល្វែង​លេខ ១-០៦៖ គ្មាន​មនុស្ស​ស្នាក់​នៅទេ ប៉ុន្តែ​បាន​រក​ឃើញ​ម៉ូនីទ័រ​ចំនួន ០២​គ្រឿង​, សំបក​ធុង CPU ចំនួន ០២​គ្រឿង​, កុំព្យូទ័រ​យួរដៃ ១៤​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចម្រុះ​ចំនួន ៦៦​គ្រឿង​។
៥. ផ្ទះល្វែង​លេខ ៣-០១៖ រក​ឃើញ​ជនជាតិ​ចិន​ចំនួន ០៣​នាក់ (​ប្រុស មាន​លិខិតឆ្លងដែន ០២​ក្បាល​), កុំព្យូទ័រ​យួរដៃ ០៣​គ្រឿង​, ទូរស័ព្ទ​ដៃ​ចម្រុះ ០៤​គ្រឿង​, ទូរស័ព្ទ​ផ្ទាល់ខ្លួន ០៥​គ្រឿង និង​ដុំ Wi-Fi ចំនួន ០៦​គ្រឿង​។

ក្រោយ​ការ​ត្រួតពិនិត្យ​លើ​សម្ភារ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ទាំងអស់​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​តម្រុយ និង​ភស្តុ​តាង​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

បច្ចុប្បន្ន ក្រុមការងារ​បាន​សម្រេច​ប្រគល់​មនុស្ស និង​វត្ថុ​តាង​ពាក់ព័ន្ធ​ទាំងអស់ ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ព្រមទាំង​បាន​សម្រេច​បិទ​ទីតាំង​ផ្ទះល្វែង​សង្ស័យ​ទាំងនោះ​ជា​បណ្តោះអាសន្ន​ផង​ដែរ​៕