ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ធនធានទឹក និង​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ចុះ​ពិនិត្យ​ទឹកជំនន់ និង​ជួយ​ដល់​ប្រជាពលរដ្ឋ ២៥​ខ្នង​ផ្ទះ

5 ថ្ងៃ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥​នេះ មន្ទីរ​ជំនាញ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​ប៉ៃលិន បាន​សហការ​ជាមួយនឹង​រដ្ឋបាល​ស្រុក​សាលា​ក្រៅ ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បន្ត​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹកជំនន់ ដែល​កំពុង​តែ​ជន់​ឡើង​ខ្លាំង​នៅ​តាម​ដងស្ទឹង រួច​ហូរ​ចូល​ទៅ​តាម​ភូមិ​មួយ​ចំនួន ស្ថិត​នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ជួយ​ជន្លៀស​ប្រជាពលរដ្ឋ​ទទួល​រង​ការ​លិចលង់​ឱ្យ​ប្រញាប់​ទៅ​រក​ទីទួល​សុវត្ថិភាព ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជោកជាំ​អស់​រយៈពេល​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា ធ្វើ​ឱ្យ​ទឹកអូរ និង​ទឹកស្ទឹង​ហក់​ឡើង​យ៉ាង​ឆាប់រហ័ស រហូត​ដល់​ហូរ​ចូល​ទៅ​ក្នុងភូមិ​របស់​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​កន្លែង​ដី​ទំនាប ទើប​លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ប៉ៃលិន ដឹកនាំ​ក្រុមការងារ ដោយ​សហការ​ជាមួយ​លោក សៀ សុខុម អភិបាលស្រុក ដោយ​មានការ​ចូលរួម​ពី​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សាលា​ក្រៅ លោក​មេឃុំ ដឹកនាំ​កម្លាំង​ស​ត្ថ​កិច្ច​ចម្រុះ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ ក្នុង​ឃុំ​សាលា​ក្រៅ និង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ជា​ពិសេស​នៅ​តាម​តំបន់​ដី​ទំនាប តាម​ដងស្ទឹង​កុយ និង​អូរ​នានា​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦ ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ច្រើន គ្របដណ្តប់​ទូ​ទាំង​ខេត្ត បាន​បណ្តាល​ឱ្យ​មាន​ជំនន់​តាម​ដងស្ទឹង និង​ដងអូរ​ជា​ច្រើន​ទូ​ទាំង​ខេត្ត ពិសេស​ស្រុក​សាលា​ក្រៅ ដែល​ស្ថិត​នៅ​ផ្នែក​ខាងក្រោម​មានទឹក​ហក់​ឡើង​យ៉ាង​ខ្លាំង កើត​ទៅ​ជា​ជំនន់ បាន​ប៉ះពាល់​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ជន់​លិច​ផ្លូវ​មួយ​ចំនួន​ក្នុង​រយៈពេល​ខ្លី បណ្តាល​ឱ្យ​ហូរ​ដាច់​ខូច​ជា​អន្លើរ ។

ប្រភព​ព័ត៌មាន បាន​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៦ មាន​ករណី​ភ្លៀង និង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង មាន​ចំនួន​២៥​ខ្នង​ផ្ទះ ស្មើនឹង​២​ឃុំ ស្ថិត​ក្នុង​ឃុំ​ស្ទឹង​ត្រង់ និង​ឃុំ​សាលា​ក្រៅ ។ ទី​១- ឃុំ​ស្ទឹង​ត្រង់ ទទួល​រង​ផល​ប៉ះពាល់ ចំនួន​១៦​ខ្នង​ផ្ទះ នៅ​ចំណុច​វត្ត​ផ្ទះស្បូវ ភូមិ​ផ្ទះស្បូវ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ទី​២- ឃុំ​សាលា​ក្រៅ ទទួល​រង​ផល​ប៉ះពាល់​ចំនួន​១៩​ខ្នង​ផ្ទះ – ស្ថិត​នៅ​ចំណុច​ជិត​ស្ពាន​ឆ្លង​ទៅ​ភូមិ​ស្រែ​អន្ទាក់ ភូមិ​ភ្នំ​កុយ មាន​ប្រជាពលរដ្ឋ ដែល​ជាប់​នៅ​ក្នុង​ទឹកជំនន់​ចំនួន​២​គ្រួសារ ស្មើនឹង​មនុស្ស​ចំនួន​៥​នាក់ ស្រី​ចំនួន​៣​នាក់ ។

ប្រភព​ដដែល​បញ្ជាក់​ថា កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សាលា​ក្រៅ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក និង​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន និង​កងកម្លាំង​កងរាជអាវុធហត្ថ​ស្រុក បាន​ធ្វើការ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​នៅ​ជាប់​ក្នុង​ទឹកជំនន់​បាន​មក​ដល់ទី​ទួល​មាន​សុវត្ថិភាព ។

បច្ចុប្បន្ន​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​៤ កំពុង​ចុះ​តាមដាន​ទឹក​បន្ត​ផង​ដែរ ខណៈ​ដែល​ផ្ទៃមេឃ​នៅ​ជា​មាន​ភ្លៀង​ធ្លាក់ រីឯ​អាកាសធាតុ​ក៏​អាប់អួរ ពោល​គឺ​គ្មាន​ពន្លឺព្រះអាទិត្យ​ពេញ ១​ថ្ងៃ តែ​ម្តង ៕