ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ចិន ​កាដូ​ខ្លាឃ្មុំ​ផេ​ន​ដា​យក្ស និង​ទិដ្ឋាការ​និស្សិត ១០​ម៉ឺន​នាក់​ ដល់​សហ​រដ្ឋអាមេរិក

1 ខែ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង (Xi Jinping) កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) បាន​ប្រកាស​នៅ​ឯ​សេត​វិមាន​ថា លោក​នឹង​ផ្តល់​កាដូ​សត្វ​ខ្លាឃ្មុំ​ផេ​ន​ដា​យក្ស (Giant Panda) ២ ក្បាល និង​ផ្តល់​ទិដ្ឋាការ​និស្សិត​អា​មេ​រិ​ក​ចំនួន ១០​ម៉ឺន​នាក់ ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន The Hill ។

លោក ស៊ី បាន​ថ្លែងការណ៍​រួម​គ្នា​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) និង​មន្ត្រី​ដទៃ​ទៀត​នៃ​ប្រទេស​ទាំង​ពីរ​ថា សត្វ​ខ្លាឃ្មុំ​ផេន​ដា​យក្ស គឺជា​ទូត​នៃ​ការ​ចងមិត្ត​រវាង​ប្រជាជន​ចិន និង​ប្រជាជន​អា​មេ​រិ​ក ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ខ្លាឃ្មុំ​ផេ​ន​ដា​យក្ស ២ ក្បាល ឈ្មោះ ភីង ភីង (Ping Ping) និង ហ្វូ ឈួ​ន (Fu Shuang) នឹង​មក​ដល់​ផ្ទះ​ថ្មី​របស់​ពួក​វា នៅ​ក្នុង​សួនសត្វ​អា​ត្ល​ង់​តា (Zoo Atlanta) ហើយនឹង​ជួប​ជាមួយ​ប្រជាជន​អា​មេ​រិ​ក​។

ស្រប​ពេល​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ក៏​បាន​ចែករំលែក​រូបភាព​របស់ ភីង ភីង និង ហ្វូ ឈួ​ន នៅ​លើ​បណ្តាញ​សង្គម X ផង​ដែរ​។

សួនសត្វ​នៅ​ទីក្រុង​អា​ត្ល​ង់​តា មិន​មាន​សត្វ​ខ្លាឃ្មុំ​ផេ​ន​ដា​ទេ ចាប់តាំងពី​ឆ្នាំ ២០២៤ មក បន្ទាប់​ពី​កិច្ចព្រមព្រៀង​ពី​មុន​ជាមួយ​ប្រទេស​ចិន​បាន​អស់​សុពលភាព​។ យោង​តាម​សភា អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា កម្មវិធី​ការទូត​ផេ​ន​ដា​នេះ បាន​ចាប់ផ្តើម​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៥៧ ហើយ​ត្រូវ​បាន​បន្ត​សុពលភាព​ជា​ហូរហែ ដើម្បី​អនុញ្ញាត​ឱ្យ​សត្វ​ខ្លាឃ្មុំ​ទាំងនេះ អាច​បន្ត​រស់នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​។

ក្រៅពី​កាដូ​សត្វ​ខ្លាឃ្មុំ​ផេ​ន​ដា​យក្ស ប្រធានាធិបតី​ចិន​ក៏​បាន​ប្រកាស​អញ្ជើញ​និស្សិត​វ័យក្មេង​អា​មេ​រិ​ក​ចំនួន ១០​ម៉ឺន​នាក់ មក​សិក្សា​នៅ​ប្រទេស​ចិន​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ដើម្បី​ស្តារ​ឡើង​វិញ​ភាព​រុងរឿង​របស់​ប្រទេស​ចិន និង​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​អស្ចារ្យ​ឡើង​វិញ ដោយ​អាច​ដើរ​ទន្ទឹម​គ្នា​។ លោក​ក៏​បាន​សង្កត់ធ្ងន់​ថា ក្តី​សង្ឃឹម និង​អនាគត​នៃ​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋអាមេរិក គឺ​ស្ថិត​លើ​ប្រជាជន និង​យុវជន នៃ​ប្រទេស​ទាំង​ពីរ​។

គួរ​បញ្ជាក់​ថា កាដូ​ទាំងនេះ​កើតឡើង ចំ​ពេល​ដែល​លោក ស៊ី និង​លោក ត្រាំ ចាប់ផ្តើម​ថ្ងៃ​ទី ២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ដ៏​ធំដុំ និង​ហ្មត់ចត់​របស់​មេដឹកនាំ​ចិន​នៅ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​៕