ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវពិបាកធ្វើដំណើរ ដូចទៅឋាននរក…​ក្រោយកោះសន្តិភាពផ្សាយ លោកអភិបាលខេត្តសុំក្រសួងជួយស្ថាបនា

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ បន្ទាប់ពីមានការចុះផ្សាយលើកាសែតកោះសន្តិភាព អំពីស្ថានភាពផ្លូវខ្នងទំនប់​ត្នោតទេ ប្រវែងជិត៣គីឡូម៉ែត្រ ដែលប្រជាពលរដ្ឋនៅតំបន់ឃុំលំចង់ និងឃុំទ្រា ស្រុក​សំរោង បានលើកឡើងពីការលំបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូន ពេលនេះ រដ្ឋបាលខេត្តតាកែវ បានចាត់វិធានការបន្ត ដោយដាក់សំណើទៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យលទ្ធភាពស្ថាបនាផ្លូវនេះជាប្រភេទផ្លូវកៅស៊ូ BDST ។

លោក ណុបនី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានបញ្ជាក់កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ថា លោក វ៉ីសំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដាក់សំណើជាបន្ទាន់ទៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្នើសុំសាងសង់ផ្លូវខ្នងទំនប់ត្នោតទេ ជាប្រភេទផ្លូវកៅស៊ូ BDST សង្ឃឹមថា ក្រសួងប្រាកដជាមិន​មើលរំលងឡើយ ។

តាមការបញ្ជាក់របស់ប្រធានមន្ទីរ ផ្លូវដែលស្នើសុំស្ថាបនានេះ មានប្រវែងជិត៣,០០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ឃុំលំចង់និងឃុំទ្រាស្រុកសំរោងខេត្តតាកែវ ។

ការដាក់សំណើនេះ ធ្វើឡើងក្នុងគោលបំណងស្នើឱ្យក្រសួងពិនិត្យលទ្ធភាពជួយកែលំអ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះជាប្រចាំ ។ ជាពិសេស ផ្លូវខ្នងទំនប់ត្នោតទេ មានសារសំខាន់សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ព្រមទាំងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងការតភ្ជាប់ទៅកាន់តំបន់ជុំវិញ ។

ប្រសិនបើសំណើនេះ ទទួលបានការអនុម័ត និងអនុវត្ត នោះផ្លូវដែលមានស្រាប់នឹងត្រូវបានលើកកម្ពស់គុណភាពទៅជាផ្លូវកៅស៊ូប្រភេទBDST ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងបង្កើនសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះ ។

គួរបញ្ជាក់ថា ការដាក់សំណើទៅក្រសួងសាធារណការ និងដឹកជញ្ជូននេះ គឺជាជំហានស្នើសុំឱ្យពិនិត្យលទ្ធភាពសាងសង់ ខណៈការអនុវត្តគម្រោង និងពេលវេលាសាងសង់ នឹងអាស្រ័យលើការពិនិត្យ និងសម្រេចរបស់ក្រសួងពាក់ព័ន្ធ ។

ព័ត៌មានបន្តនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។