ភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើឱ្យស្ទឹងនៅប៉ៃលិនហក់ឡើងលិចលំនៅឋានប្រជាពលរដ្ឋ អាជ្ញាធរអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ មេឃនៅតែមិនឈប់ធ្លាក់ភ្លៀង ដែលធ្វើឱ្យទឹកនៅតាមដងអូរ និងស្ទឹងកំពុងហក់ឡើងយ៉ាងខ្ពស់គួរឱ្យព្រួយបារម្ភ ទើបលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អមដំណើរដោយក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធព្រមទាំងអាជ្ញាធរមូលដ្ឋាន កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ ដើម្បីធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពឱ្យទាន់ពេលវេលា ជាពិសេស គឺភូមិដែលកំពុងលិចស្ថិតនៅក្នុងភូមិទំបន់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថា ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាប់ៗគ្នា ជាហេតុធ្វើឱ្យទឹកស្ទឹងបានហក់ខ្ពស់ឡើងគួរឱ្យកត់សម្គាល់ ហើយរហូតមកដល់ពេលនេះ បានធ្វើឱ្យជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួន ស្ថិតនៅក្នុងភូមិទំនប់ និងភូមិមួយចំនួនទៀត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឱ្យខូចខាតផលដំណាំសម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ។

ដូច្នេះ លោកជំទាវក៏អំពាវនាវសូមអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ជាពិសេ សមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ទឹកភ្លៀងមានស្ថានភាពមិនល្អ ព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។ នៅក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងនានា និងផ្នែកខាងក្រោមសូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាបែបនេះ ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវប្រញាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងរស់នៅប្រកប ដោយអនាម័យល្អ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗផងដែរ ។

សូមបញ្ជាក់ថា ខេត្តប៉ៃលិនតែងតែរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងស្ទើរតែរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំប៉ែកខាងលើជួរភ្នំខៀវ ហើយចាប់តាំងពីថ្ងៃរហូតមកដល់យប់ថ្ងៃដដែលនេះ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត, សាខាកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងត្រៀមខ្លួនជាស្រេច ដើម្បីពិនិត្យមើលផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះ ងាយស្រួលធ្វើការជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ ៕





ចែករំលែកព័តមាននេះ