ប្រទេសជប៉ុន ៖ កីឡាការិនីលើកទម្ងន់កូរ៉េខាងជើង Ri Song-gum កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានបង្កើតកំណត់ត្រាពិភពលោកថ្មីចំនួន ៣ ក្នុងពេលតែមួយ ដើម្បីដណ្តើមបានមេដាយមាស ជូនប្រទេសជាតិក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ឆ្នាំ ២០២៦ ដែលកំពុងរៀបចំឡើងនៅទីក្រុងណាហ្គូយ៉ា (Nagoya) ប្រទេសជប៉ុន។
កីឡាការិនី Ri Song-gum បានបញ្ចប់ការប្រកួតជាមួយទម្ងន់សរុប ២១៥ គីឡូក្រាម ដោយលើកបានទម្ងន់ ៩៤ គីឡូក្រាម ក្នុងវិញ្ញាសា Snatch (លើកមួយដំណាក់កាលផុតក្បាល) និង ១២១ គីឡូក្រាម ក្នុងវិញ្ញាសា Clean and Jerk (លើកពីរដំណាក់កាល ឡើងត្រឹមស្មា រួចរុញឡើងផុតក្បាល)។ ដូច្នេះលទ្ធផលទាំង ៣ វិញ្ញាសា Snatch, Clean and Jerk និងទម្ងន់សរុប ដែលកីឡាការិនីវ័យ២៨ឆ្នាំរូបនេះសម្រេចបាន គឺជាកំណត់ត្រាពិភពលោកថ្មីទាំងអស់។
នៅក្នុងការប្រកួតវិញ្ញាសាជាមួយគ្នានេះ កីឡាការិនីឥណ្ឌា Mirabai Chanu Saikhom ឈ្នះមេដាយប្រាក់ ជាមួយទម្ងន់សរុប ១៩៨ គីឡូក្រាម ហើយកីឡាការិនីឥណ្ឌូណេស៊ី Luluk Diana Tri Wijayana ឈ្នះមេដាយសំរឹទ្ធ ជាមួយទម្ងន់សរុប ១៩១ គីឡូក្រាម។
តាមរយៈការបង្កើតកំណត់ត្រាថ្មីនេះ Ri Song-gum ក៏ជាអត្តពលិកដំបូងគេ ដែលឈ្នះមេដាយមាសជូនប្រទេសកូរ៉េខាងជើងនៅក្នុងកីឡាអាស៊ីឆ្នាំ២០២៦ ផងដែរ។ លើសពីនេះទៀត សមិទ្ធផលដ៏អស្ចារ្យនេះ ក៏បានរុញកីឡាការិនីរូបនេះ ឱ្យក្លាយជាអត្តពលិកស្ត្រីដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រ ដែលបានឈ្នះមេដាយមាស ៣ លើកជាប់គ្នានៅក្នុងវិញ្ញាសាលើកទម្ងន់ នៃព្រឹត្តិការណ៍កីឡាអាស៊ី ពោលគឺនៅឆ្នាំ ២០១៨, ២០២៣ និង ២០២៦។
គួរបញ្ជាក់ថា មុនសម្រេចលទ្ធផលជាប្រវត្តិសាស្ត្រនេះ Ri Song-gum មេដាយមាសនៅព្រឹត្តិការណ៍ជើងឯកពិភពលោក (World Championships) នៅក្នុងឆ្នាំ ២០២៤ និង ២០២៥ ផងដែរ៕ ប្រភព ៖ The Korea Times និង CNA

ចែករំលែកព័តមាននេះ