ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​​ប្រកាស​អាសន្ន​ឱ្យ​ពលរដ្ឋ​រស់នៅ​ក្បែរ​មាត់​អូរ និង​ដងស្ទឹង​ប៉ៃលិន ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង

1 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ចាប់តាំងពី​យប់​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦​នេះ មេឃ​ខ្មៅ​អួរ​អាប់​ធ្លាក់​ភ្លៀង​ខ្លាំង​ឡើង​ៗ ធ្វើ​ឱ្យ​កំពស់​ទឹកស្ទឹង​ប៉ៃលិន ហក់​ឡើង​ខ្ពស់​គួរ​ឱ្យ​ព្រួយបារម្ភ ខណៈ​ដែល​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​រម្លឹក​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​លំនៅ​ឋាន​នៅ​ក្បែរ​មាត់​ស្ទឹង ឬ​ដងអូរ ត្រូវ​តែ​ត្រៀម​វេច​ខ្ចប់​របស់របរ ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ឱ្យ​រួច​ជា​ស្រេច ត្រៀម​​ជម្លៀស​​ចេញ​ទៅ​រក​ទីទួល​សុវត្ថិភាព បើសិនជា​ភ្លៀង​នៅ​បន្ត​ធ្លាក់​ខ្លាំង​ឥត​ឈប់​បែប​នេះ ហើយ​ឈាន​ដល់​លិចលង់​ក្នុងភូមិ​ណាមួយ​ក្បែរ​ស្ទឹង ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ ម៉ៅ ភេទ​ប្រុស រស់នៅ​ក្នុង​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ឈាន​ចូល​ដល់​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ មេឃ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​ខ្លាំង​ចាប់តាំងពី​យប់​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឈប់​នៅឡើយ​ទេ ពោល​គឺ​មេឃ​កាន់តែ​ធ្លាក់​ភ្លៀង​ខ្លាំង​ឡើង​ៗ ជា​ហេតុ​ធ្វើ​ឱ្យ​ទឹក​ហូរ​ត្របាញ់​ចុះ​ពីលើ​ភ្នំ​ខៀវ ឆ្ពោះទៅ​តាម​អូរ និង​ស្ទឹង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កំពស់​ទឹកស្ទឹង​នា​ពេល​នេះ​ហក់​ឡើង​ខ្ពស់​ខុស​ពី​ធម្មតា គឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង ។ ពួក​គាត់​ក៏​បាន​ទទួល​ដំណឹង​ពី​អាជ្ញាធរ​មូលដ្ឋាន ប្រកាស​ឱ្យ​អ្នក​ដែល​រស់នៅ​ក្បែរ​មាត់​ស្ទឹង ដងអូរ ទាំងអស់ ត្រៀម​រៀបចំ​ទុកដាក់​សម្ភារៈ​ផ្ទះសម្បែង​របស់​ខ្លួន​ឱ្យ​បាន​ល្អ ជៀសវាង​ទឹកជំនន់​ទឹកភ្លៀង​ហូរ​ចូល​ទៅ​ដល់​ក្នុងផ្ទះ​អាច​នឹង​ទាញ​នាំ​អណ្តែត​ទៅ​តាម​ទឹក ធ្វើ​ឱ្យ​បាត់បង់ និង​ខូចខាត​របស់​ទាំងនោះ​ផង​ដែរ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​ជំទាវ បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​តែ​កើត​មាន​ឡើង​នេះ ។

លោក​ជំទាវ​អភិបាលខេត្ត​បានឱ្យ​ដឹង​ថា ជម្រាប​ជូន​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​ជិត​មាត់​អូរដងស្ទឹង សូម​មេត្តា​មានការ​ប្រុង​ប្រយ័ត្ន រៀបចំ​ទុកដាក់​ទ្រព្យសម្បត្តិ​ត្រៀម​ឱ្យ​រួច​ជា​ស្រេច ព្រោះ​កម្រិត​ទឹកស្ទឹង​ហាក់​ឡើង​ខ្ពស់ អាកាសធាតុ​ភ្លៀង​នៅ​តាម​ជ្រលង​ភ្នំ​នៅ​តែ​បន្ត​ធ្លាក់​។ លោក​ជំទាវ​អភិបាលខេត្ត​បាន​បន្ត​ទៀត​ថា ក្រុមការងារ​ជួយ​សង្គ្រោះ​គ្រប់​លំ​ដា​ប់​ថ្នាក់​ប្រចាំការ​នៅ​មូលដ្ឋាន​កំពុង​តាមដាន និង​នៅ​ជិត​ពុក​ម៉ែ​បងប្អូន​គ្រប់​វិនាទី ។

សូម​បញ្ជាក់​ផង​ដែរ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ជាប់​ៗ​គ្នា ហើយ​រហូត​មក​ដល់​វេលា​ម៉ោង​១២ និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ក​ញ្ញ ឆ្នាំ​២០២៦​នេះ ភ្លៀង​កាន់តែ​ធ្លាក់​ខ្លាំង​ឡើង​ៗ អាច​នឹង​មានការ​លិច​តាម​មាត់​ស្ទឹង​ហៀរ​ចូល​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ផង​ដែរ ៕