ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់វេទិកាអាស៊ាន ស្តីពីទេសន្តរប្រវេសន៍ការងារលើកទី ១៩ ដើម្បីពង្រឹងការការពារជនទេសន្តរប្រវេសន៍ការងារ តាមរយៈការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់

1 ខែ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់វេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី ១៩ (19th AFML) ក្រោមប្រធានបទ «ការការពារជនទេសន្តរប្រវេសន៍ការងារតាមរយៈការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់» និងប្រធានបទរងចំនួន ២ រួមមាន «ការជ្រើសរើសជនទេសន្តរប្រវេសន៍ការងារតាមប្រព័ន្ធអនឡាញ និងបញ្ហាប្រឈម» និង «ការទទួលបានការការពារ ការទទួលបានសំណង និងការគាំទ្រដល់ជនទេសន្តរប្រវេសន៍ការងារ» ។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមគម្រោង TRIANGLE Partnership ដោយមានការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអូស្ត្រាលី និងទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក សហជីព អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធជាច្រើនទៀត ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សេង សក្តា បានបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងប្រមូល និងចែករំលែកព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ដែលបានផ្តល់ដោយវេទិកាអាស៊ានកន្លងមក ពិភាក្សាលើប្រធានបទវេទិកាអាស៊ានលើកទី ១៩ ស្តីពី «ការការពារជនទេសន្តរប្រវេសន៍ការងារតាមរយៈការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់» និងពិភាក្សា ព្រមទាំងអនុម័តជាអនុសាសន៍របស់កម្ពុជា ដើម្បីយកទៅប្រើប្រាស់ក្នុងវេទិកា AFML លើកទី ១៩ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន នាថ្ងៃទី ១៤-១៥ ខែតុលា ឆ្នាំ ២០២៦ ។

ឯកឧត្តម​បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ដើម្បីគាំពារសិទ្ធិ និងអត្ថប្រយោជន៍របស់ជនទេសន្តរប្រវេសន៍កម្ពុជាដែលទៅធ្វើការនៅក្រៅប្រទេស និងជនបរទេសដែលមកប្រកបមុខរបរ និងធ្វើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការលើកកម្ពស់ការអនុវត្តឱ្យស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញា កតិកាសញ្ញារបស់អង្គការអន្តរជាតិ អង្គការសហប្រជាជាតិ និងលិខិតូបករណ៍អាស៊ានពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ការងារផងដែរ ។

​ទន្ទឹមនេះ លោក Karan Dhamija លេខាទូតទី ១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី Anna Engblom ប្រធានទីប្រឹក្សាបច្ចេកទេសនៃអង្គការ ILO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការការពារសិទ្ធិពលករទេសន្តរប្រវេសន៍ ក្នុងបរិបទការងារឌីជីថល ជាពិសេសការបង្ការ និងទប់ស្កាត់ហានិភ័យពីការជ្រើសរើសការងារតាមប្រព័ន្ធអនឡាញ ការផ្តល់ព័ត៌មានការងារត្រឹមត្រូវ និងការលើកកម្ពស់ចំណេះដឹងឌីជីថលរបស់ពលករ។ ភាគីទាំងពីរក៏បានបញ្ជាក់ពីការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងអាស៊ាន ដើម្បីជំរុញការធ្វើទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព យុត្តិធម៌ និងប្រសិទ្ធភាព ៕ អត្ថបទសហការ