ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាបង្ហាញយុទ្ធសាស្រ្តសំខាន់ៗចំនួនបី ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជំនាញ នៅក្នុងសន្និសីទ ជំនាញពិភពលោកឆ្នាំ២០២៦ ក្នុងទីក្រុងសៀងហៃ

1 ខែ មុន

ទីក្រុងសៀងហៃ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងសន្និសីទ ជំនាញពិភពលោកឆ្នាំ ២០២៦ ក្រោមប្រធានបទ ៖ «ការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជំនាញ ប្រកបដោយភាពចម្រុះ សហការ និងស្របតាមតម្រូវការឧស្សាហកម្ម» ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ។ សន្និសីទនេះធ្វើឡើងចាប់ពីថ្ងៃទី ២៣-២៥ ខែកញ្ញានេះ ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ «ការប្រកួតប្រជែងជំនាញពិភពលោកលើកទី ៤៨» ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកវិស័យការងារ TVET ការអភិវឌ្ឍជំនាញ និងអ្នកជំនាញអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅទូទាំងពិភពលោក ។

ថ្លែងទៅកាន់អង្គសន្និសីទ ឯកឧត្តមបានចាត់ទុកវេទិកានេះថា ជាឱកាសដ៏សំខាន់ក្នុងការពិភាក្សា និងចែករំលែកចក្ខុវិស័យគ្នាក្នុងនាមជាដៃគូសកល ស្តីពីការកសាងប្រព័ន្ធអេកូឡូស៊ីជំនាញដែលមានភាពរហ័សរហួន និងត្រៀមខ្លួនសម្រាប់អនាគត ខណៈដែលជំ​នាញកំពុងវិវត្តយ៉ាងឆាប់រហ័ស ស្របតាមការផ្លាស់ប្តូរយ៉ាងលឿននៃវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា ។ ឯកឧត្តមមានប្រ​សាសន៍ថា ការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជំនាញដែលមានភាពធន់ តម្រូវឱ្យមានការប្តេជ្ញាចិត្តរួមគ្នាពីសំណាក់រដ្ឋាភិបាល សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល ឪពុកម្តាយ និងបងប្អូនកម្មករនិយោជិត ដើម្បីអាចព្យាករណ៍ និងឆ្លើយតបតាមតម្រូវការកម្លាំងពលកម្មដែលកំពុងមានការផ្លាស់ប្តូរ ។

ក្នុងន័យនេះ ឯកឧត្តម ហេង សួរ បានលើកឡើងពីយុទ្ធសាស្រ្តសំខាន់ចំនួនបី ដោយក្នុងនោះ ទីមួយ ៖ គោលនយោបាយជំនាញ គឺត្រូវមានការរួមបញ្ចូលយ៉ាងជិតស្និទ្ធជាមួយយុទ្ធសាស្ត្រឧស្សាហកម្ម និងវិនិយោគ ព្រមទាំងព័ត៌មានទីផ្សារការងារ ដែលគោលការណ៍នេះត្រូវបានជំរុញតាមរយៈការតម្រឹមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មតាមវិស័យ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោ​បាយជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីកំណត់ទិសដៅនៃការអភិវឌ្ឍឧស្សាហកម្ម តម្រូវការជំនាញ និងធនធានដែលមានសម្រាប់ការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍជំនាញ ។

ទីពីរ ៖ កិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍជំនាញ គឺត្រូវកើតចេញពីការដឹកនាំដ៏រឹងមាំ និងការលើកទឹកចិត្ត ដែលគ្រឹះស្ថានបណ្តុះបណ្តាល និងសហគ្រាសអាចរួមគ្នាប្រមូលផ្តុំធនធាន ចែករំលែកចំណេះដឹង និងជំនាញ ព្រមទាំងផ្តល់ឱកាសហ្វឹកហាត់ និងបទពិសោធការងារនៅក្នុងវិស័យឧស្សាហកម្ម ដើម្បីឱ្យគ្រូបណ្តុះបណ្តាល និងសិ​ក្ខាកាមអាចតាមទាន់ការរីកចម្រើននៃ AI បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាថ្មីៗក្នុងវិស័យឧស្សាហកម្ម ។

រីឯចំណុចទីបី ៖ ការលើកកម្ពស់ភាពចម្រុះ និងបរិយាបន្ននៅក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ដោយក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដែលមានក្រុមប្រជាជនងាយរងគ្រោះផ្សេងៗគ្នា កម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធី TVET ពិសេសសម្រាប់យុវជនពីគ្រួសារក្រីក្រ ក្រុមជនជាតិដើមភាគតិច ជនមានពិការភាព កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងម្ចាស់សហគ្រាសមីក្រូ តូច និងមធ្យម ដែលមានកម្រិតចំណេះដឹងខុសៗគ្នា។ ទន្ទឹមនេះ ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន ក៏ត្រូវបានរៀបចំជាពិសេសសម្រាប់ពលករទេសន្តរប្រវេសន៍ផងដែរ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការអភិវឌ្ឍជំនាញ ព្រោះថាកិច្ចសហការគ្នាអាចធានាថា ប្រព័ន្ធអេកូឡូស៊ីជំនាញនៅក្នុងប្រទេសនានានៅតែមានភាពច្នៃប្រឌិត បរិយាបន្ន និងស្របតាមតម្រូវការដែលកំពុងវិវត្តនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល៕