ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ស្វែងរក​ជំនួយ​សប្បុរសធម៌ ដើម្បី​ចុះ​ទៅ​សួរសុខទុក្ខ វីរ​កងទ័ព និង​នគរបាល​ការពារ​ព្រំដែន

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​អំពាវនាវ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​ឯកឧត្តម លោក​ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អភិបាល​ខណ្ឌ ប្រធាន​មន្ទី អង្គភាព​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ មន្ត្រីរាជការ ពាណិជ្ជករ សិប្បករ វិនិយោគិន និង​សប្បុរសជន​ទាំងអស់ មេត្តា​ជ្រាប​ថា ៖ នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០២៦ នា​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ដឹកនាំ​គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​សួរសុខទុក្ខ អង្គភាព​កង​យោធពលខេមរភូមិន្ទ និង​នគរបាល​ការពារ​ព្រំដែន ដែល​ជា​សម្ព័ន្ធមេត្រីភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រួម​មាន ៖ កងពលធំ​អន្តរាគមន៍​លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​៩ វរ​នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣ ឈរជើង​ការពារ​នៅ​ខ្សែក្រវាត់​ព្រំដែន ប្រចាំ​ទិស​ប្រាសាទព្រះវិហារ និង​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ឈរជើង​ការពារ​នៅ​តំបន់​អូរ​អាឡៃ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ប្រកបដោយ​ស្មារតី​ស្នេហា​ជាតិ​មាតុភូមិ ។

ដើម្បី​ឱ្យ​ការ​ចុះ​សួរសុខទុក្ខ​នេះ ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ភាព​ជោគជ័យ និង​បង្ហាញ​ពី​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ ក្នុង​ការ​ចូលរួម​លើកទឹកចិត្ត​ដល់​វីរ​យុទ្ធ​ជន​តាម​បន្ទាត់​ព្រំដែន​ជួរ​មុខ​នោះ ឯកឧត្តម លោក​ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អភិបាល​ខណ្ឌ ប្រធាន​មន្ទី អង្គភាព​ជុំវិញ​រដ្ឋបាល រាជធានី​ភ្នំពេញ មន្ត្រីរាជការ ពាណិជ្ជករ សិប្បករ វិនិយោគិន និង​សប្បុរសជន​ទាំងអស់ មេត្តា​ចូលរួម​បរិច្ចាគ អំណោយ​ជា​ថវិកា ស្បៀងអាហារ ឬ​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ តាម​លទ្ធភាព និង​សទ្ធា​ជ្រះថ្លា ដើម្បី​រួមចំណែក ឧបត្ថម្ភ​ដល់​វីរ​យុទ្ធ​ជន និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ រយៈពេល​វែង​នៅ​តាម​បន្ទាត់​ព្រំដែន​ជួរ​មុខ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​ពី​សត្រូវ​ឈ្លានពាន និង​ការ​អភិវឌ្ឍ តាម​បន្ទាត់​ព្រំដែន ។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​លើ​ស្មារតី និង​ទឹកចិត្ត​សប្បុរសធម៌ របស់​ឯកឧត្តម លោក​ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌ នៃ​ការ​ចែករំលែក​ក្នុង ស្មារតី​ភាតរភាព​របស់​ប្រជាជាតិ​យើង​។
អំណោយ​ទាំងអស់ សូម​មេត្តា​យក​មក​ប្រគល់​ជូន​នៅ​ទីចាត់ការ​ហិរញ្ញវត្ថុ សាលា​រាជធានី​ភ្នំពេញ រៀង​រាល់ ម៉ោង​ធ្វើការ ទូរស័ព្ទ​លេខ ០១២ ៦១៦ ៥៣៦ / ០១៧ ៨៦៧ ៨៧២ ឬ​បង្វែរ​តាម​គណនី​ធនាគារ ABA​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​៖ PHNOM PENH CAPITAL HALL លេខ​៖ 599 778 899 (KHR) និង​លេខ​៖ 399 778 899 (USD)​ ៕