បង្កើត «ផ្សារបក្សីក្រុងដូនកែវ» លើកកម្ពស់អនាម័យ និងទប់ស្កាត់ការឆ្ល.ងជំងឺផ្តាសាយបក្សី
- តាកែវ
ខេត្តតាកែវ ៖ អាជ្ញាធក្រុងដូនកែវ និងការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តតាកែវ ដោយមានការគាំទ្រពីធនាគារមួយ បានរៀបចំ «ផ្សារបក្សីក្រុងដូនកែវ» នៅក្នុងផ្សារតាកែវ ដើម្បីលើកកម្ពស់ សោភ័ណភាពផ្សារ ជាពិសេសធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺបក្សី។
លោក ឌឹម គឹមសាន្ត អភិបាលក្រុងដូនកែវ បានឲ្យដឹងថា ការកសាងផ្សារបក្សី នៅក្នុងផ្សារតាកែវនេះ គឺក្នុងគោលបំណងគ្រប់គ្រងការចរាចរណ៍សត្វ និងការសម្អាតអនាម័យកន្លែងលក់មាន់ទា ដែលកន្លងមកការលក់ មិនមានរបៀបរៀបរយ មិនមានអនាម័យល្អ ម្យ៉ាងទៀតការបង្កើតផ្សារបក្សីនេះឡើង វាបង្កលក្ខណៈងាយស្រួលដល់អាជីវករលក់មាន់ទា និងធ្វើឲ្យកន្លែងលក់មាន់ទានេះ មានអនាម័យបរិស្ថានល្អប្រសើរផងដែរ។
លោអភិបាលក្រុងដូនកែវ បានស្នើដល់អាជីវករលក់បក្សីទាំងអស់ បន្តចូលរួមជាមួយអាជ្ញាធក្រុងតាមរយៈការគោរពតាមការណែនាំរបស់អាជ្ញាធរ និងចូលលក់នៅផ្សារបក្សីតាមការរៀបចំរបស់អាជ្ញាធក្រុង ជាពិសេសសូមបងប្អូនចូលរួមសម្អាតអនាម័យឲ្យបានល្អផងដែរ។
លោក ថៃ លី ប្រធានការរិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានបន្តឲ្យដឹងថា កន្លងមកដោយឃើញអាជីវករលក់បក្សីលក់តាមផ្លូវប៉ះពាល់ដល់អនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់ដល់ការឆ្លងរីករាលដាលជំងឺផ្ដាសសាយបក្សី គម្រោងសុខភាពសត្វ និងខ្សែចង្វាក់តម្លៃសត្វដែលគាំទ្រដោយធនាគារមួយ បានជួយកសាងផ្សារនេះឡើងដើម្បីប្រមូលអាជីវករលក់បក្សីប្រមូលផ្ដុំលក់មួយកន្លែងដោយងាយស្រួលគ្រប់គ្រង ជាពិសេសការត្រួតពិនិត្យសុខភាពសត្វពីមន្ត្រីបសុព្យាបាលមិនឲ្យឆ្លងរីករាលដាលជំងឺផ្ដាសសាយបក្សី។
លោក ថៃ លី បានបញ្ជាក់ថា រាល់បក្សីដែលដាក់លក់នៅផ្សារបក្សីនេះ ត្រូវបានត្រួតពិនិត្យច្បាស់លាស់ ពោលសុទ្ធជាបក្សីដែលគ្មានជំងឺ និងធានាថាគ្មានការឆ្លងរីករាលដាលជំងឺផ្ដាសសាយបក្សីនៅផ្សារមួយនេះ៕



ចែករំលែកព័តមាននេះ