ប្រទេសជប៉ុន ៖ សមាជិកពីររូបនៃគណៈប្រតិភូកូរ៉េខាងជើង ដែលបានទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ឆ្នាំ២០២៦ នៅប្រទេសជប៉ុន កំពុងស្វែងរកសិទ្ធិជ្រកកោន។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Monthly Chosun របស់កូរ៉េខាងត្បូង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ និងត្រូវបានចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយផ្អែកទៅលើប្រភពព័ត៌មានមួយដែលត្រូវបានគេស្គាល់ថា មន្ត្រីមកពីការិយាល័យស្រាវជ្រាវ និងការសម្ងាត់នៃគណៈរដ្ឋមន្ត្រីជប៉ុននោះ ទស្សនាវដ្តី Monthly Chosun បានបញ្ជាក់ថា អ្នកទាំងពីរស្ថិតក្នុងចំណោមគណៈប្រតិភូកូរ៉េខាងជើងសរុបចំនួន ១៨០ នាក់ ដែលបានទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០២៦ នៅខេត្តអៃឈិ និងទីក្រុងណាហ្គូយ៉ា ដែលពិធីបើកបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ខែកញ្ញា កន្លងទៅ។
ប្រតិភូកូរ៉េខាងជើងទាំងពីររូបនោះ បានបង្ហាញបំណងចង់សុំសិទ្ធិជ្រកកោនក្នុងប្រទេសជប៉ុន ជាជាងការទៅប្រទេសកូរ៉េខាងត្បូង ហើយបានបញ្ជាក់ពីគោលបំណងរបស់ខ្លួនថា នឹងមិនត្រឡប់ទៅប្រទេសកំណើតវិញឡើយ។ ទោះជាយ៉ាងណាក៏ដោយ អត្តសញ្ញាណ និងតួនាទីពិតប្រាកដរបស់អ្នកទាំងពីរ មិនត្រូវបានបង្ហាញនោះទេ ហើយក៏នៅមិនទាន់ច្បាស់នៅឡើយដែរថា តើការប៉ុនប៉ងរត់ចោលស្រុកនេះ នឹងទទួលបានជោគជ័យជាផ្លូវការដល់កម្រិតណានោះទេ?
ទស្សនាវដ្ដី Monthly Chosun បានបញ្ជាក់ថា ព័ត៌មាននេះ ទទួលបានតាមរយៈប្រភពមួយផ្សារភ្ជាប់ទៅនឹងស្ថាប័នសម្ងាត់របស់ជប៉ុន និងមានទំនាក់ទំនងជាមួយនឹងសមាគមប្រជាជនកូរ៉េដែលរស់នៅក្នុងប្រទេសជប៉ុន ដែលត្រូវបានគេស្គាល់ថា «Chongryon»។
បើតាមរបាយការណ៍បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនអត្តពលិក និងមន្ត្រីប្រហែល ១៨០ នាក់ទៅកាន់ព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០២៦ រួមទាំងរដ្ឋមន្ត្រីក្រសួងកីឡា លោក Kim Il-guk ផងដែរ។
យ៉ាងណាមិញ Reuters នៅមិនទាន់អាចទាក់ទងរដ្ឋាភិបាលជប៉ុនភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយបានទេ ដោយសារចំថ្ងៃឈប់សម្រាកបុណ្យជាតិនៅក្នុងប្រទេសជប៉ុន៕

ចែករំលែកព័តមាននេះ