ផ្លូវខូចចម្ងាយជិត៣គីឡូម៉ែត្រ ពលរដ្ឋថ្ងូរស្ទើរមួយចំហៀងខេត្តតាកែវ
- តាកែវ
ខេត្តតាកែវ ៖ វាគួរឱ្យហួសចិត្ត នៅពេលផ្លូវខូចជិត៣គីឡូម៉ែត្រសោះ ធ្វើឱ្យពលរដ្ឋពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ស្ទើរតែមួយចំហៀងខេត្តតាកែវ តែគ្មានអាជ្ញាធរណាមួយអើពើសោះ ទុកឱ្យពលរដ្ឋស្រែកថ្ងូររាល់ថ្ងៃ ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ផ្លូវ១ខ្សែចាប់ពីស្ពានហូរឈាម ស្រុកអង្គរបូរី ដល់ផ្លូវជាតិ២ស្រុកសំរោង ក្រាលកៅស៊ូស្អាតណាស់ ស្រួលធ្វើដំណើរ តែពេលធ្វើដំណើរមកដល់ចន្លោះស្ពានត្នោតទេ ចំណុចភូមិសៃវៀនជិត៣គីឡូម៉ែត្រ ស្ថានភាពផ្លូវពិបាកធ្វើដំណើរខ្លាំងណាស់ដោយមានជង្ហុក និងរអិលខ្លាំង បែរជាគ្មានអាជ្ញាធរពាក់ពន្ធ័ណាចេញមុខមកជួយសម្រួលសោះ ។

ពលរដ្ឋបាននាំគ្នាចោទសួរគ្នាទៅវិញទៅមកថា តើពេលណា មន្ត្រីពាក់ព័ន្ធចេញមុខបកស្រាយថា ពេលណាទើបផ្លូវចម្ងាយ៣គីឡូម៉ែត្រខាងលើ អាចសម្រួលឱ្យពលរដ្ឋស្រួលធ្វើដំណើរ ព្រោះជិតដល់រដូវបុណ្យភ្ជុំហើយ ពលរដ្ឋត្រូវមកលេងកម្សាន្តសប្បាយនៅស្ពានត្នោតទេ ។
លោក កៅ វគ្គស៊ែល ចៅហ្វាយស្រុកសំរោង ក្រោយពេលទទួលទូរស័ព្ទឱ្យដឹងថា អ្នកសាព័ត៌មានសួររឿងផ្លូវខូចខាងលើ ស្រាប់តែលោកនិយាយថា លោកកំពុងដោះស្រាយរឿងជូនពលរដ្ឋ ។ ករណីនេះផងដែរ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ណូប នី ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវបានទេ ដោយលោកមិនទទួលទូរស័ព្ទ ។ ចំណែកលោក លីវ សំណាង ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តតាកែវបានឱ្យដឹងថា ករណីផ្លូវខាងលើមិនស្ថិតក្រោមមន្ទីរបស់លោកទេ វាស្ថិតនៅក្រោមដែនរបស់សមត្ថកិច្ចអាជ្ញាធរខេត្ត ។
ព័ត៌មានបន្តនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។

ចែករំលែកព័តមាននេះ