ចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឃា.ត.ក.ម្មប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៦នាក់ ដែលជាជនដៃដល់ក្នុងករណីឃាតកម្មកាប់សម្លាប់ជនរងគ្រោះនៅខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៣ និង៥០នាទី ស្ថិតនៅចំណុចភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ។
ការចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននេះ យោងតាមដីកាលេខ ៣៥៩ ដចន/២៦ និងលេខ ៣៦១ ដចន/២៦ របស់លោក សែង លីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធបទល្មើស «ឃាតកម្ម»។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ រ៉ាន់ សុភី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពយករ៉ាកែត/កាំបិត កាប់ទៅលើជនរងគ្រោះឈ្មោះ មុនី ព្រហ្មដានុត អាយុ១៧ឆ្នាំ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង០០:៤៥នាទី រំលងអធ្រាត្រ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ចែករំលែកព័តមាននេះ