ទោះជួបគ្រោះទឹកជំនន់ ២លើក ខាតបង់ធ្ងន់ធ្ងរ ពោតក្រហមក្នុងស្រុកកំពង់សៀម នៅតែមានឈ្មួញចុះប្រមូលទិញ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ទឹកទន្លេមេគង្គបានហក់ឡើងបន្តបន្ទាប់ពីរលើក ធ្វើឱ្យដំណាំពោតក្រហមរបស់ប្រជាពលរដ្ឋនៅឃុំកោះមិត្ត ស្រុកកំពង់សៀម បានរងការខាតអស់ប្រមាណជាង៥០ហិកតា ក្នុងចំណោមជាង៣០០ហិកតា។ ទោះជាយ៉ាងនេះក្តី គ្រាប់ពោតត្រូវបានក្រុមឈ្មួញកណ្ដាលប្រមូលទិញដើម្បីនាំចេញទៅលក់បន្តនៅទីផ្សារក្រៅប្រទេស។
អ្នកស្រីឈ្មោះស៊ាម គឹមណាយ អាយុ៦៨ ឆ្នាំ នៅភូមិកោះព្រលូង ឃុំកោះមិត្ត បានឱ្យដឹងថា គាត់មានដីទំហំ២ហិកតា ដើម្បីដាំពោតក្រហម ហើយគ្រាប់ពូជត្រូវបានទិញពីឈ្មួញមួយគីឡូតម្លៃ៣ម៉ឺនរៀល ទំហំដីរបស់គាត់ប៉ុណ្ណេះគឺទិញអស់៥០គីឡូក្រាម ។ ចំពោះពូជប្រភេទប៊ីធី ពេលដែលត្រូវហុចផលឱ្យក្នុងរយៈពេលប្រមាណ៤ខែគឺមានឈ្មួញកណ្ដាលបានចុះប្រមូលទិញដល់ចម្ការតែម្ដង។
អ្នកស្រីបានបន្តឲ្យដឹងថា នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦ ស្របពេលដែលពោតកំពុងតែចេញផ្លែមិនទាន់នឹងបានបេះផង ត្រូវបានទឹកទន្លេហក់ឡើង បណ្តាលឱ្យលិចអស់ ។ គ្រានោះគាត់បានជួលទូកគេឱ្យបេះទាំងពោតនៅក្នុងទឹកបានតែបន្តិច នឹកស្មានតែមិនអី ក្រោយពីទឹកស្រកទៅវិញ ស្រាប់តែទឹកឡើងមកលិចជាលើកទី២ បន្តទៀត ធ្វើឱ្យទិន្នផលពត ដែលត្រូវប្រមូលបេះដែលពីមុនមានទម្ងន់រហូតដល់២០តោន តែនៅពេលនេះបែរជាប្រមូលបានប្រមាណ៥តោនប៉ុណ្ណោះ ត្រូវខាតបង់ចូលដើមប្រមាណ២លានរៀល ហើយឆ្នាំកន្លងទៅ គឺអាចទប់ទល់បាន ។ របរធ្វើចម្ការនេះគឺគាត់បានធ្វើតាំងពីនៅក្មេងមកម្ល៉េះ។
លោកយាយទ័ន សៀន អាយុ៧៣ឆ្នាំ នៅភូមិកោះដាច់ ឃុំកោះមិត្ត បានប្រាប់ឱ្យដឹងថា គាត់មានដីសម្រាប់ដាំពោតក្រហម៣កន្លែង មិនមានច្រើនដូចគេនោះទេ ។ ដីនៅខាងមុខផ្ទះមានពីរកន្លែងត្រូវបានទឹកទន្លេឡើង បណ្តាលឱ្យលិច ធ្វើឱ្យការប្រមូលផលមានការធ្លាក់ចុះច្រើន គឺបានតែ៥បាវប៉ុណ្ណោះ។ ចំណែកដីនៅខាងក្រោយផ្ទះត្រូវបានប្រមូលផលលក់ឱ្យឈ្មួញបាន២០បាវ ថវិកាដែលទទួលបានមកដោះស្រាយជីវភាពមិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូនៗ៦នាក់នោះទេ ។
លោកវ៉ែន នាង មេឃុំកោះមិត្ត មានប្រសសន៏ឲ្យដឹងនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ថា ប្រជាពលរដ្ឋនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម បាននាំគ្នាដាំពោតក្រហមនៅតាមដីចំការរបស់ពួកគាត់ដែលមានចំនួនប្រមាណជាង ៣០០ហិកតា ពេលដែលទឹកទន្លេមេគង្គឡើងមកលិចពីរលើក ធ្វើឲ្យដំណាំពោតនេះខូចអស់ប្រមាណជាង៥០ហិកតា។
ប្រមូលផលរួចគឺមានក្រុមឈ្មួញកណ្ដាលចុះមកទិញដល់ចម្ការដោយពោតក្រហមមួយគីឡូតម្លៃ៨០០ រៀល ហើយបានត្រូវនាំចេញយកទៅលក់បន្តនៅទីផ្សារក្រៅប្រទេសតាមដំណឹងថាគេយកទៅផលិតចំណីសត្វ ៕






ចែករំលែកព័តមាននេះ