ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តស្វាយរៀង បើក​បង្ហាញ​ទីតាំង​បង្ក្រាប​បទល្មើស​អន​ឡាញ​នៅ​ការ​ស៊ី​ណូ Golden galaxy ដល់​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ សរុប​៣៩​អង្គភាព

1 ខែ មុន

ខេត្តស្វាយរៀង ៖ លោក ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង បាន​ផ្តល់​បទ​សម្ភាសន៍ និង​បទ​បង្ហាញ​យ៉ាង​លម្អិត​ជូន​ដល់​តំណាង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ អំពី​វិធានការ​ផ្លូវច្បាប់ កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ ការ​ចុះ​ឆែកឆេរ ក៏​ដូច​ជា​លទ្ធផល​ជាក់ស្តែង នៃ​ការ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ខុសច្បាប់​នានា ដែល​បាន​កើតឡើង​នៅ​ក្នុង​ទីតាំង​កាស៊ីណូ Golden Galaxy ក៏​ដូច​ជាទី​តាំង​នានា​ផ្សេង​ៗ​ទៀត ក្នុងភូមិ​សាស្ត្រ​ខេត្តស្វាយរៀង ក្រោយ​បង្ក្រាប​បាន និង​បន្ត​ធ្វើ​សព្វថ្ងៃ​ដោយ​គ្មាន​ការ​លើកលែង​ឡើយ ។

ការ​ផ្តល់​កិច្ច​សម្ភាសន៍ និង​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង ដែល​បាន​បង្ក្រាប​រួច​ជូន​អ្នក​សារព័ត៌មាន​នា​ពេល​នេះ គឺជា​ការ​បង្ហាញ​អំពី​ភាព​ស្មោះត្រង់ តម្លាភាព និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រដ្ឋបាល​ខេត្តស្វាយរៀង ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លុប​បំបាត់​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ល្បែងស៊ីសង​ខុសច្បាប់ និង​ការ​ជួញដូរ​មនុស្ស ដើម្បី​ធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​លើកកម្ពស់​មុខមាត់​របស់​ប្រទេស​ជាតិ នៅ​លើ​ឆាក​អន្តរជាតិ ។

កិច្ច​សម្ភាសន៍​នេះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​កាស៊ីណូ​មួយទៀត ស្ថិត​នៅ​ក្នុង​សង្កាត់​បា​វិ​យ​ក្រុង​បា​វិត ខេត្ដស្វាយរៀង ។

ការ​ចុះ​យក​ព័ត៌មាន​នេះ ធ្វើ​ឡើង​ក្រោម​ការ​សម្របសម្រួល​ពី​ក្រសួង​ព័ត៌មាន ដោយ​មានការ​ចូលរួម​ពី​អភិបាលខេត្ត ព្រះរាជអាជ្ញា សមាជិក​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) និង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។ អ្នក​សារព័ត៌មាន បាន​ចុះ​ថត​យក​រូបភាព​នៅ​ទីតាំង​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scam) នា​ពេល​នេះ មាន​គោលបំណង​ពិនិត្យ​មើល​លទ្ធផល នៃ​ការ​បង្ក្រាប​នា​ពេល​កន្លង​មក ដើម្បី​បង្ហាញ​ការ​ពិត​ថា កម្ពុជា​លែង​មាន​មណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ទ្រង់ទ្រាយ​ធំ​ទៀត​ហើយ ព្រមទាំង​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វិធានការ​ច្បាប់ ដែល​ត្រូវ​អនុវត្តន៍​បន្តបន្ទាប់​ក្រោយ​ការ​បង្ក្រាប ។

ក្នុង​ឱកាស​នោះ លោក​អភិបាល​ខេត្តស្វាយរៀង បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា កាស៊ីណូ «Golden Galaxy» ដែល​អ្នក​សារព័ត៌មាន​មក​ពិនិត្យ​មើល​នេះ ស្ថិត​នៅ​សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ហើយ​ម្ចាស់​ទីតាំង​ជា​ជនជាតិ​ចិន ឈ្មោះ ហុង ស៊ី​ង​ជឺ និង​មាន​ជនជាតិ​វៀតណាម ២​នាក់ បាន​ជួល​បន្ត​ដើម្បី​រៀបចំ​ប្រព្រឹត្ត​បទល្មើស Online Scams គឺ​ឈ្មោះ ឡេ វ៉ា​ន់​ង្វៀ​ន និង​ឈ្មោះ ង្វៀ​ន វ៉ា​ន់​វិញ ។

លោក​អភិបាលខេត្ត បាន​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​រក​ឃើញ​អ្នកចូលរួម​ប្រព្រឹត្ត​បទល្មើស​ចំនួន ២៤៤​នាក់ ដោយ​មាន ៤​សញ្ជាតិ រួម​មាន ៖ កូរ៉េ វៀតណាម ចិន និង​កម្ពុជា ក្នុង​នោះ​ជនជាតិ​វៀតណាម មាន​ចំនួន​ច្រើន​ជាងគេ រហូត​ដល់ ១៨២​នាក់ ។

លោក​បន្ដ​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​ឃុំខ្លួន​មេខ្លោង​ចំនួន ៣​នាក់​។ ចំពោះ​ជនជាប់សង្ស័យ​ផ្សេង​ទៀត សម​កិច្ច​បាន​រៀបចំ​នីតិវិធី បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​តាម​ច្បាប់​ជា​ធរមាន​។
លោក​អភិបាលខេត្ដ បាន​លើក​ឡើង​ថា ទីតាំង​នេះ ប្រព្រឹត្ត​បទល្មើស Online Scams ក្រោម​រូបភាព​ក្លែងបន្លំ​ជា​មន្ត្រី ដើម្បី​អូស​ទាញ​មនុស្ស​ឱ្យ​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​តាម​គោលដៅ​របស់​ខ្លួន ។

លោក​បាន​ថ្លែង​បញ្ជាក់​ថា ៖ «​ការ​ក្លែងបន្លំ​ជា​មន្ត្រី​ហ្នឹង គឺ​បើ​ទិស​ដៅ​គាត់​បោក​ទៅ​ប្រទេស​ណា គាត់​បន្លំ​ជា​មន្ត្រី​ប្រទេស​ហ្នឹង​។ បើ​ថា​ចិន គាត់​បន្លំ​ជា​មន្ត្រី​ចិន បើ​ថា វៀតណាម គាត់​បន្លំ​ជា​មន្ត្រី​វៀតណាម​។ មិនមែន​ទាំងអស់​ទេ អ្នកខ្លះ​គាត់​យក​ទីតាំង​ប្រទេស​កម្ពុជា ប៉ុន្តែ​គាត់​បោក​បន្ត​ទៅ​ប្រទេស​ផ្សេង ដោយសារ​គាត់​មាន​សាខា​របស់​គាត់​នៅ​ទីនោះ​» ។

ជាមួយ​គ្នា​នេះ លោក ប៉េង ពោធិ៍​សា បាន​បញ្ជាក់​បន្ថែម​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​ត្រូវ​បាន​គ្រោង​ធ្វើ​តាំងពី​មុន​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦ មក​ម្ល៉េះ បន្ទាប់​ពី​មានការ​សង្ស័យ​ថា មាន​បង្កប់​សកម្មភាព Online Scams ប៉ុន្តែ​ត្រូវ​បាន​ខកខាន​ទៅ​វិញ ដោយសារ​ម្ចាស់​អគារ​អះអាង​ថា បាន​បិទ ដើម្បី​ជួសជុល​សំណង់​ឡើង​វិញ​។ ប៉ុន្តែ​រូបភាព នៃ​ការ​ជួសជុល​នេះ ជា​ការ​ភូត​កុហក ដោយ​យក​ការដ្ឋាន​ជួសជុល​មក​បិទ​បាំង​អំពើ​ឆបោក​តែ​ប៉ុណ្ណោះ ។

លោក​អះអាង​ថា ៖ «​គាត់​ជួសជុល​បណ្តើរ គាត់​លួច​បើក និង​លួច​ប្រព្រឹត្ត​បណ្តើរ ដែល​យើង​អត់​ដឹង​។ គាត់​យក​រូបភាព​នេះ​មក​បំភាន់​ភ្នែក​អាជ្ញាធរ​។ ប៉ុន្តែ ដោយសារ​យើង​សង្ស័យ​ខ្លាំង ហើយ​មាន​ភ្នាក់ងារ​ស៊ើបការណ៍​របស់​យើង​បោះដៃ​មក​ថា គឺ​មាន ទើប​កម្លាំង​ចុះ​មក​ទាំង​កំពុង​តែ​ជួសជុល​តែ​ម្តង​។ ហើយ​ក៏​រក​ឃើញ​មាននៅ​អគារ​កាស៊ីណូ​នេះ នៅ​ជាន់​ទី​៧ និង​អគារ​នៅ​ខាងក្រោយ​នេះ​ទៀត​។ ពេល​ចុះ​បង្ក្រាប កម្លាំង​សមត្ថកិច្ច​រក​ឃើញ​មាន Laptop ទូរស័ព្ទ​ដៃ និង​ទង់ជាតិ នៃ​ជាតិ​សាសន៍ ដើម្បី​ឆបោក​ជាដើម​» ។

លោក​អភិបាលខេត្ដ​បាន បានឱ្យ​ដឹង​ទៀត​ថា មក​ទល់​ពេល​នេះ ទីតាំង​ឆបោក (scam compound) លែង​មាន​ទៀត​ហើយ​។ ប៉ុន្តែ​ឧក្រិដ្ឋជន​កំពុង​តែ​បត់បែន និង​សម្រប​ខ្លួន​ទៅ​តាម​វិធានការ​របស់​សមត្ថកិច្ច ដោយ​បំបែក និង​លាក់​កម្លាំង​នៅ​តាម​កន្លែង​តូច​ៗ ដូច​ជា​ផ្ទះ​ជួល បន្ទប់​ជួល តាម​រទេះ ឬ​រថយន្ត​ជាដើម ។

សូម​ជម្រាប​ជូន​ថា ក្នុង​ខេត្តស្វាយរៀង មាន​កាស៊ីណូ​សរុប ២៨​ទីតាំង ហើយ​កាស៊ីណូ ដែល​ឈាន​ទៅ​ដល់​ការ​បង្ក្រាប និង​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ មាន​ចំនួន ០៣​ទីតាំង ក្នុង​នោះ​នៅ​ក្រុង​បា​វិត​ចំនួន ០២​ទីតាំង និង​នៅ​ស្រុក​ច​ន្ទ្រា ចំនួន ០១​ទីតាំង​។ ចំពោះ​នៅ​ក្រុង​បា​វិត មាន​កាស៊ីណូ​មួយទៀត កំពុង​ស្ថិត​ក្នុង​នីតិវិធីតុលាការ ដើម្បី​ដក​អាជ្ញាប័ណ្ណ ដែល​ចំនួន​ការ​ស៊ី​ណូ​ត្រូវ​ដក​អាជ្ញាប័ណ្ណ​សរុប​កើនឡើង​ដល់ ០៤​ទីតាំង ។

គិត​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០២៥ ដល់​ដំណាច់​ខែសីហា ឆ្នាំ​២០២៦ សមត្ថកិច្ច​កម្ពុជា​បាន​បង្ក្រាប​ទីតាំង​បទល្មើស Online Scam ចំនួន ៦៦៣​ទីតាំង ដោយ​ក្នុង​ចំណោម​នោះ បាន​បិទ និង​គ្រប់គ្រង​មណ្ឌល​ឆបោក​ចំនួន ៨៦​ទីតាំង​(scam compounds) ដើម្បី​ឈាន​ទៅ​រឹបអូស​តាម​នីតិវិធី​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ។ ទន្ទឹម​គ្នា​នេះ ថវិកា​ជាង ៣០០​លាន​ដុល្លារ​អាម៉េរិក នៅ​ក្នុង​គណនី​ធនាគារ ក៏​ត្រូវ​បាន​បង្កក រួម​ទាំង​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត ដែល​កំពុង​បន្ត​នីតិវិធី​បង្កក និង​ធ្វើការ​វាយតម្លៃ​ជា​បន្តបន្ទាប់ ៕