ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​វេ​អងដឹក​ជន្លង់ម្រេច​ អត់ប៉ាស្ព័រសង្ស័យលោតឆត្រទៅវៀតណាម​

2 អាទិត្យ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ រថយន្ត​ជា​ច្រើន​បាន​បើកបរ​តាម​ដងផ្លូវ​ជាតិ​លេខ​ ៧ ក្នុង​នោះ​មាន​ប្រភេទ​វេអង​ទ្រុង​វែង​ៗ​គ្មាន​នរណា​ម្នាក់​ដឹង​ថា​នៅ​លើ​នោះ​មាន​ផ្ទុក​អ្វី​ឡើយ​ សង្ស័យសុទ្ធតែអត់ប៉ាស្ព័រ និងលោតឆត្រទៅវៀតណាម ។​ តែ​ចៃដន្យ​មាន​រថយន្ត​មួយ​គ្រឿង​បាន​ដឹកឈើ​ប្រភេទ​ជន្លង់ម្រេច​ពេញ​ សង្ស័យ​បម្រុង​បើក​ឆ្លង​ដែន​ទៅ​វៀតណាម​តាម​ច្រក​កូនជ្រូក ​ក្នុង​ទឹកដី​ស្រុក​ពញាក្រែក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃើញ​ឃាត់​ ក្រោយមក​មេឃ​ក៏​បាន​ភ្លៀង​ធ្លាក់​បែក​ភក់ ចំណែក​អ្នកបើកបរ​រថយន្ត​វិញ​បាន​បិទទ្វារ​រថយន្ត​រត់បាត់ ។

លោក​ហេង ពិសិដ្ឋ ប្រធាន​ម​​ន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ខេត្ត​ត្បូងឃ្មុំ​ បាន​ឱ្យ​​ដឹង​តាម​ទូរ​ស័ព្ទ​នា​រសៀល​ថ្ងៃ​ទី ​២១​ កញ្ញា​ ឆ្នាំ ​២០២៦​ ថា​ រូប​លោក​ពុំ​ទាន់​ទទួល​បាន​របាយការណ៍​ណាមួយ​ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៅឡើយ​ ។ ហើយ​រថយន្ត​ដែល​បាន​ដឹក​ជន្លង់ម្រេច​នេះ​គោល​ដៅ​​ចេញ​មក​ពី​ប្រភព​ និង​គោលដៅ​ទៅ​កាន់​កន្លែង​ណាមួយ​ នៅ​មិន​ទាន់​ដឹង ​ដោយសារ​រូប​លោក​ជាប់​បំពេញបេសកកម្ម​ការងារ​ ។

ប្រភព​ពី​សមត្ថកិច្ច​វិញ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ប្រភេទ​វេ​អង​ដឹក​ជន្លង់ម្រេច​នេះ​គោលដៅ​ឆ្ពោះទៅ​កាន់​ខេត្តស្វាយរៀង​ តែ​បាន​បើក​ខុស​គោលដៅ​មក​កាន់​ខេត្ត​ត្បូងឃ្មុំ​ ទើបត្រូវ​បាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ឃាត់​ ហើយ​បាន​នាំ​មក​ដាក់​នៅរដ្ឋបាល​ព្រៃឈើ​មេមត់ ដើម្បី​បំពេញ​តាម​នីតិវិធី ​។

តាម​ប្រភព​ពី​ក្រុម​បងប្អូន​អ្នក​សារព័ត៌​មាននៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ពួក​គាត់​បាន​ផ្សព្វផ្សាយ​ពី​សកម្មភាព​រថយន្ត​ដឹក​ជន្លង់ម្រេច​តាម​រថយន្ត​ធំ​ៗ ហើយ​បាន​រយៈពេល ​២​ថ្ងៃ​ក្រោយមក ​ស្រាប់តែ​មាន​កម្លាំង​របស់​រដ្ឋបាល​ព្រៃឈើ​ស្ទាក់​ឃាត់​រថយន្ត​ដឹក​ជន្លង់ម្រេច​មួយ​គ្រឿង​ ដែល​មាន​បរិមាណ​ប្រមាណ​ ៦០០០ ​ទៅ​ ៧០០០​ដើម​ សុទ្ធតែ​កូនឈើ​កាប់ពីក្នុងព្រៃ គឺកាប់តាមចិត្ត ។

ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់​រថយន្ត​នោះ​ គឺ​មិន​មាន​ឯកសារ​ដឹកឈើ​អ្វី​នោះ​ទេ​ តែ​ក្រោយមក​បាន​លេចឮ​ថា​ មានច្បាប់​ដឹក​ជញ្ជូន​ទៅ​វិញ​​ មិនដឹងគេឆ្ពិនភ្នែក ឬក្រូមេបែបណាទេ ។​ រថយន្ត​មួយ​គ្រឿង​នេះ​អាច​មាន​ទម្ងន់​ខ្ទង់រយ​តោន​ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ផ្លូវ​ខូចខ្ទេចខ្ទី​​ តែ​បាន​បើក​ឆ្លងកាត់​ស្នាក់​ការ​ថ្លឹង​រថយន្ត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្នួល ​ខេត្តក្រចេះ បាន​ដោយ​រលូន ។

នគរបាល​មួយ​រូប​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​ប្រាប់​ថា​ មូលហេតុ​ដែល​កម្លាំង​នគរបាល​សេដ្ឋកិច្ច​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ឃាត់​រថយន្ត​ដឹក​ជន្លង់ម្រេច​មួយ​គ្រឿង​នេះ​ រថយន្ត​បាន​បើក​ខុស​គោលដៅ​បម្រុង​ឆ្លង​ចូល​ទៅ​ប្រទេស​វៀតណាម​ ។

លោក​ សួរ ដា​វី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ ត្រូវបានភ្នាក់ងារសារព័ត៌មានខលទៅច្រើនលើកតែមិនលើក​​ទូរ​ស័ព្ទ​​ដើម្បី​សុំ​ការ​បំភ្លឺ​ទេ ។

មក​ដល់​ពេល​នេះ ​គេ​ពុំ​ទាន់​ដឹង​ថា ​ឈើ​ជន្លង់ម្រេច​ពេញ​មួយ​រថយន្ត​វេរ​អង​នោះ​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ណាមួយ​នៅឡើយ​ទេ​ ។ ​ចំពោះ​ទំហំ​ទឹកប្រាក់​ឈើ​មួយ​រថយន្ត​នេះ​អាច​ចូល​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ​ ។​

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​