ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ ណែនាំ​១២​ចំណុច ដើម្បី​បង្ការ និង​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់ ចំពោះ​គ្រោះ​ទឹកជំនន់​នៅ​រាជធានី​ភ្នំពេញ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ការ​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​បញ្ជាក់​ជា​បន្តបន្ទាប់​ថា ឆ្នាំ​នេះ ស្ថានភាព​ភ្លៀង​ធ្លាក់​ច្រើន ដែល​ជំរុញ​ឱ្យ​កម្ពស់​ទឹកទន្លេ ស្ទឹង ព្រែក កើនឡើង​ខ្ពស់ អាច​បង្ក​ជា​គ្រោះ​ទឹកជំនន់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និង​អាយុជីវិត របស់​ប្រជាពលរដ្ឋ​។ សម្រាប់​រាជធានី​ភ្នំពេញ មាន​ភូមិសាស្ត្រ​ស្ថិត​នៅ​ជាប់​ទន្លេចតុមុខ និង​ដងស្ទឹង​ព្រែក​ត្នោត ដែល​ជា រៀង​រាល់​ឆ្នាំ តំបន់​មួយ​ចំនួន​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​។ ឈរ​លើ​មូលដ្ឋាន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​យន្តការ​ការងារ ដើម្បី​បង្ការ ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់​ចំពោះ​គ្រោះ​មហន្តរាយ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ស្តារ​ឡើង​វិញ​ក្រោយ​ពេល​គ្រោះ​ទឹកជំនន់​ថមថយ តាម​រយៈ​ការ​ពង្រឹង​របៀបរបប​ការងារ​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់ និង​បាន​រៀបចំ​សៀវភៅ​ផែនការ​ត្រៀម​បម្រុង សម្រាប់​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់​គ្រោះ​មហន្តរាយ​នៅ​រាជធានី​ភ្នំពេញ ជា​ពិសេស​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឱ្យ​ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​តំបន់ ងាយ​រង​គ្រោះ​មួយ​ជំហាន​មុន​ផង​ដែរ ។

ក្នុង​ន័យ​នេះ ដើម្បី​ចូលរួម​បង្ការ និង​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់ ចំពោះ​គ្រោះ​មហន្តរាយ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​រាជធានី​ភ្នំពេញ ឱ្យ​បាន​ទាន់​ពេលវេលា សំដៅ​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ លើកកម្ពស់​ជីវភាព សុខភាព សុខុមាលភាព ការពារ​ទ្រព្យសម្បត្តិ ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ល្អ​ប្រសើរ និង​អនុវត្ត​ឱ្យ​មាន ប្រសិទ្ធភាព​នូវ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៦ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​នាម​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖

១- បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ទន្លេចតុមុខ និង​ដងស្ទឹង​ព្រែក​ត្នោត ៖
-​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ត្រូវ​តាមដាន​ព័ត៌មាន​ជាប់​ជា​ប្រចាំ​អំពី​ស្ថានភាព​អាកាសធាតុ និង​កម្ពស់​ទឹក ត្រៀមលក្ខណៈ​ជា​មុន ដោយ​ត្រូវ​ត្រៀម​រៀបចំ​ទ្រព្យសម្បត្តិ សត្វពាហនៈ និង​សម្ភារៈ​ចាំបាច់​ផ្សេង​ទៀត ឱ្យ​បាន​រៀបរយ ដើម្បី​ត្រៀម​ជម្លៀស​ទៅ​ទីតាំង​ទីទួល​/​មណ្ឌល​ជម្លៀស​មាន​សុវត្ថិភាព ដែល​អាជ្ញា​ធរមាន សមត្ថកិច្ច​បាន​រៀបចំ​ជូន​យកចិត្តទុកដាក់​ថែរក្សា​អនាម័យ បរិស្ថាន​រស់នៅ និង​សុខភាព ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ ឬ ជំងឺ​ផ្សេង​ៗ និង បង្កើន​ការ​ការពារ និង​បង្ការ​ពី​សត្វល្អិត ទិច ឬ ខាំ ។
-​ ចុះ​ឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹង​មុន ១២៩៤ ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ទទួល​បាន​ព័ត៌មាន​ទាន់ ហេតុការណ៍​អំពី​គ្រោះ​មហន្តរាយ​នានា​។

២- ម្ចាស់​អាជីវកម្ម​កំពង់ចម្លង និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក ប្រើប្រាស់​ទូក កាណូត ឬ ស្រឡាង ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​មិន​ត្រូវ​ជិះ ឬ ផ្ទុក​មនុស្ស ហួស​កម្រិត​ឡើយ ហើយ​ករណី​ធ្វើ​ដំណើរ នៅ​ពេល​យប់ ឬ មេឃងងឹត ត្រូវ​មាន​ភ្លើង​បំភ្លឺ មាន​អាវ​ពោង​សុវត្ថិភាព និង​ឧបករណ៍​សង្គ្រោះ​ចាំបាច់​ផ្សេង​ទៀត និង​សូម​ផ្អាក​ការ​ធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន​សិន នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ឬ ខ្យល់​កន្ត្រាក់​ខ្លាំង លើកលែង ក្នុង​ករណី​ចាំបាច់​បន្ទាន់​។

៣- ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​៖

  • ចាត់តាំង​មន្ត្រី​ប្រចាំការ​នៅ​អង្គភាព​ជា​ប្រចាំ និង​ទទួល​លេខ Hotline ២៤​ម៉ោង​/២៤​ម៉ោង
  • ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ និង​នៅ​តំបន់​រង​គ្រោះ តាម​ផែនការ​ដែល​បាន​រៀបចំ​ទុក ដោយ​ត្រូវ ត្រៀមកម្លាំង​សរុប និង​មធ្យោបាយ​សរុប (​ទូក កាណូត អូ​ប័​រ រថយន្ត​ដឹក​ជញ្ជូន និង​សម្ភារៈ​ផ្សេង​ៗ) ដើម្បី អន្តរាគមន៍​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា
  • ត្រៀម​កាណូត អូ​ប័​រ និង​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវទឹក ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក ក្នុង​ករណី​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ​។

៤- រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ជា​ពិសេស​រដ្ឋបាល​ខណ្ឌ​ស្ថិត​នៅ​តាម​បណ្តោយ​ទន្លេចតុមុខ និង​ដងស្ទឹង​ព្រែក​ត្នោត រួម​មាន ជ្រោយចង្វារ ឫស្សី​កែវ ចំការមន ដូនពេញ ច្បារ​អំពៅ ព្រែក​ព្នៅ មាន​ជ័យ ពោធិ៍​សែន​ជ័យ ដង្កោ កំ​បូល ត្រូវ​ប្រើប្រាស់​យន្តការ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខណ្ឌ និង​សង្កាត់ អនុវត្ត​ការងារ​៖

  • រៀបចំ​ក្រុម​វេន​យាម​ប្រចាំការ​នៅ​តាម​រដ្ឋបាល​ខណ្ឌ សង្កាត់ និង​ទីស្នាក់ការ​ភូមិ ដើម្បី​ប្រមូល​ព័ត៌មាន ត្រៀម អន្តរាគមន៍​ជួយ​សង្គ្រោះ និង​ចាត់វិធានការ​ដោះស្រាយ​រាល់​បញ្ហា​ផ្សេង​ៗ ឱ្យ​បាន​ទាន់​ពេលវេលា​។
  • ពិនិត្យ​ទីតាំង​ទីទួល​/​មណ្ឌល​ជម្លៀស​មាន​សុវត្ថិភាព​ដែល​បាន​រៀបចំ​រួចរាល់ និង​ត្រៀម​ទីតាំង​បម្រុង​ជាក់ស្តែង បន្ថែម​ទៀត (​ករណី​ចាំបាច់​) ដោយ​ត្រូវ​ពិនិត្យ ជួសជុល កែ​លម្អ សម្អាត​អនាម័យ​-​បរិស្ថាន បំពាក់​ឧបករណ៍​/ សម្ភារៈ និង​សម្របសម្រួល​ការងារ​ផ្សេង​ទៀត ដើម្បី​ធានា​សុវត្ថិភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​រង​គ្រោះ​។
  • ត្រៀមកម្លាំង​សរុប និង​មធ្យោបាយ​សរុប (​រថយន្ត បាវ​ខ្សាច់ ចប បង្គី ឧបករណ៍ សម្ភារៈ​ផ្សេង​ៗ ស្បៀង​) ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ និង​ត្រូវ​សហការ​ការពារ​សន្តិសុខ សុវត្ថិភាព និង​រៀបចំ​សណ្តាប់ធ្នាប់ នៅ​ទីតាំង​ទីទួល​/​មណ្ឌល​ជម្លៀស​មាន​សុវត្ថិភាព​ឱ្យ​បាន​ល្អ​ប្រសើរ
  • ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​រង​គ្រោះ ដើម្បី​ត្រៀម​ផ្តល់​ជំនួយ​អន្តរាគមន៍​គាំពារ​សង្គម​ផ្សេង​ៗ ឱ្យ​បាន​ទាន់​ពេលវេលា និង​បំពេញ​ទម្រង់​ព័ត៌មាន​ប្រមូល​របាយការណ៍​ស្តី​ពី​ផល​ប៉ះពាល់ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​សម្រាប់ បញ្ចូល​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍ និង​អង្កេត​តាមដាន​ស្ថានការណ៍​គ្រោះ​មហន្តរាយ (PRISM)​។
  • ណែនាំ​រដ្ឋបាល​សង្កាត់ ភូមិ និង​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​យកចិត្ត ទុកដាក់​ខ្ពស់​លើ​ប្រជាពលរដ្ឋ​រង​គ្រោះ និង​ងាយ​រង​គ្រោះ ដូច​ជា ស្ត្រី​មាន​ផ្ទៃពោះ ចាស់ជរា កុមារ និង​ជន​ពិការ ដោយ​ត្រូវ​មាន​ត្រៀម​ឈើច្រត់ រទេះរុញ ឬ ឱសថ​ព្យាបាល​ជំងឺ​បឋម​។ ដោយឡែក សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ត្រូវ​តាមដាន​សុខភាព ឬ ជិត​ដល់​ពេល​សម្រាល ត្រូវ​រក​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ហើយ​ត្រូវ​នាំ​កូន ទៅ​ចាក់​វ៉ាក់សាំង​បង្ការ និង​ពិនិត្យ​សុខភាព​តាម​ការ​កំណត់ ស្រប​តាម​លក្ខខណ្ឌ​នានា ចៀសវាង​បាត់បង់​អត្ថប្រយោជន៍​ពី​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ រាយការណ៍​អំពី​ស្ថានភាព​អាកាសធាតុ និង​កម្ពស់​ទឹក​នៅ​តាម​ស្ថានីយ​នីមួយ​ៗ​ជា​ប្រចាំ ។

៥- មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​តាមដាន ការ​ព្យាករណ៍​ជា​ប្រចាំ​អំពី​អាកាសធាតុ និង​កម្ពស់​ទឹក ដោយ​ត្រូវ​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​ជំនាញ ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ព្រមទាំង​ត្រៀម​សហការ​សម្របសម្រួល​ការងារ​បច្ចេកទេស​ផ្សេង​ៗ ។

៦- មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ​គោលដៅ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​លើ ការងារ​ទឹក​ស្អាត និង​អនាម័យ​ជនបទ ទាំង​មុន​ពេល​មាន​ទឹកជំនន់ ក្នុងអំឡុងពេល​មាន​ទឹកជំនន់ និង​ក្រោយ​ពេល ទឹកជំនន់​។

៧- មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖

  • ណែនាំ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ត្រូវ​មាន​បុគ្គលិក ក្រុម​គ្រូពេទ្យ និង​រថយន្ត​គិលានសង្គ្រោះ​ប្រចាំការ ២៤​ម៉ោង​/២៤​ម៉ោង
  • ត្រៀម​ស្តង់​ពេទ្យ ក្រុម​គ្រូពេទ្យ ថ្នាំសង្កូវ និង​រថយន្ត​គិលានសង្គ្រោះ សម្រាប់​ផ្តល់​សេវា​សុខាភិបាល​ជូន ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ទីតាំង​ទីទួល​មាន​សុវត្ថិភាព និង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ថ្នាក់​ជាតិ ករណី អ្នកជំងឺ​ធ្ងន់ធ្ងរ ឬ មាន​ស្ថានភាព​បន្ទាន់​សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ សង្កាត់ និង​ភូមិ ចុះ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ ឱ្យ​បាន​យល់​ដឹង​ជ្រួតជ្រាប អំពី​ការ​ថែទាំ​សុខភាព អនាម័យ​ក្នុង​ការ​រស់នៅ និង​ការ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ផ្នែក​សុខាភិបាល ស្រប​តាម គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

៨- មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ​គោលដៅ ត្រៀម​បង្គន់​អនាម័យ​ចល័ត ត​បណ្តាញ​អគ្គិសនី ទឹក​ស្អាត និង ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ នៅ​ទីតាំង​ទីទួល​មាន​សុវត្ថិភាព និង​តំបន់​រង​គ្រោះ

  • ត្រៀម​គ្រឿងចក្រ កាណូត ទូក អូ​ប័​រ និង​សម្ភារៈ​ផ្សេង ដើម្បី​អន្តរាគមន៍​ជួយ​សង្គ្រោះ​នៅ​តំបន់​រង​គ្រោះ
  • ចាត់តាំង​បុគ្គលិក​ប្រចាំការ​នៅ​ស្ថានីយ​អាង​ស្តុក​ទឹក និង​ត្រៀម​ម៉ាស៊ីនបូមទឹក
    ពិនិត្យ ជួសជុល​ប្រព័ន្ធ​លូ ប្រឡាយ​ទឹក ដើម្បី​រំដោះ​ទឹក​ចេញ ចៀសវាង​បង្កើន​ការ​ជន់​លិច​។

៩- មន្ទីរ​អប់រំ យុវជន និង​កីឡា និង​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ​៖

  • ណែនាំ​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ ឯកជន វត្ត​អារាម និង​វិហារ​សាសនា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ងាយ រង​គ្រោះ ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ត្រូវ​ណែនាំ​គ្រូបង្រៀន បុគ្គលិក​អប់រំ សិស្ស ដូនជី តាជី ព្រះសង្ឃ និង​អ្នក​ស្នាក់​នៅ​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព ការ​ថែទាំ​សុខភាព និង​អនាម័យ​-​បរិស្ថាន
  • ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​សិស្ស តាម​លទ្ធភាព​ជាក់ស្តែង​។ ក្នុង​ករណី​ចាំបាច់ ត្រូវ​ស្នើ​សុំ​គោលការណ៍​ទៅ ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា និង​ផ្ទេរ​សិស្ស​ទៅ​សិក្សា​នៅ​គ្រឹះស្ថាន សិក្សា​ផ្សេង​ជា​បណ្តោះអាសន្ន ដើម្បី​ធានា​សុវត្ថិភាព និង​និរន្តរភាព​ការ​សិក្សា​។

១០-​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា មន្ទីរ​ផែនការ និង​សាខា​មូលនិធិ​ជាតិ​ជំនួយ​សង្គម រាជធានី ភ្នំពេញ កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​រង​គ្រោះ និង​ងាយ​រង​គ្រោះ ដើម្បី​ត្រៀម​សម្របសម្រួល​ផ្តល់​ជំនួយ អន្តរាគមន៍​សង្គម ស្រប​តាម​កម្មវិធី​ជាតិ​ជំនួយ​សង្គម ឬ ផ្តល់​សេវា​គាំពារ​សង្គម​ចាំបាច់​ផ្សេង​ទៀត តាម​ជាក់ស្តែង ស្រប​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​។

១១- មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ ត្រៀម​ផ្តល់​គ្រាប់ពូជ (​ដំណាំ សត្វ វារីវប្បកម្ម​) និង​រៀបចំ ស្តារ​ទីតាំង​ដាំ​ដុះ​ធ្វើ​កសិកម្ម ហើយ​ត្រៀម​ស្នើ​សុំ​គ្រាប់ពូជ​បន្ថែម​ទៅ​ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ករណី​ចាំបាច់​។

១២-​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ផ្សព្វផ្សាយ​ជា​ប្រចាំជូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​អំពី​ស្ថានភាព​អាកាសធាតុ និង​កម្ពស់​ទឹក និង​ចាត់តាំង​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ ឱ្យ​បាន​ទូលំទូលាយ​។

ទទួល​បាន​សេចក្តីណែនាំ​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​ចូលរួម អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕