ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ​ចំនួន​១០​ភូមិ ក្នុងស្រុក​សាលា​ក្រៅ

2 អាទិត្យ មុន

ខេត្ត​ប៉ៃលិន ៖ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៦ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ខេត្ត​ប៉ៃលិន បាន​រៀបចំ​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​១០​ភូមិ ក្នុង​ឃុំ​អូរ​អណ្តូង និង​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ស្ថិត​ក្រោម​អធិបតីភាព​លោក​ជំទាវ​ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ និង​ប្រជាពលរដ្ឋ ជា​ម្ចាស់​អចលនវត្ថុ​ផង​ដែរ ។

​មាន​ប្រសាសន៍​ក្នុង​ពិធី លោក​ជំទាវ បាន ស្រី​មុំ បាន​បញ្ជាក់​ថា ការ​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់ អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ គឺជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី និង​ជា​វិធានការ​ដ៍​សំខាន់​ក្នុង​ការ​ធានា សុវត្ថិភាព នៃ​ការ​កាន់កាប់​ និង​ប្រើប្រាស់​អចលនវត្ថុ​របស់​ខ្លួន​ពីព្រោះ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ គឺ​មាន​សារៈ សំខាន់​ក្នុង​ការ​បញ្ជាក់​សិទ្ធិ​លើ​អចលនវត្ថុ​របស់​ម្ចាស់ កម្មសិទ្ធិ​ជួយ​កាត់​បន្ថយ​ហា​នី​ភ័យ​នៃ​ការ​កើត​មាន​ទំនាស់​ពាក់ព័ន្ធ​នឹង​ដីធ្លី និង​សម្រួល​ដល់​ការ​ធ្វើ​ប្រតិបត្តិការ​ផ្សេង​ៗ ដែលពាក់ព័ន្ធ នឹង​អចលនវត្ថុ រួម​ទាំង​ការ​ផ្ទេរសិទ្ធិ ឬ​កម្មសិទ្ធិ​បន្ត​តាម​នីតិវិធី​ច្បាប់ ​។

លោក​ជំទាវ​អភិបាលខេត្ត ក៏​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​នាមជាអ្នក​ផ្តល់​សេវា​សាធារណៈ ត្រូវ​អនុវត្ត​ការងារ​ដោយ​តម្លាភាព ត្រឹមត្រូវ និង​ច្បាស់លាស់ ព្រមទាំង​គិតគូរ​ពី​ផលប្រយោជន៍ ប្រជាពលរដ្ឋ​ជា​ធំ ព្រោះ​បញ្ហា​ដីធ្លី​ជា​បញ្ហា​រសើប ដែល​តម្រូវ​ឱ្យ​មានការ​យកចិត្តទុកដាក់ និង​អនុវត្ត​ការងារ​ប្រកប ដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ត្រូវ​រក្សា ទុក​ឯកសារ​ឱ្យ​បាន​ល្អ និង​ប្រើប្រាស់​ឯកសារ​តាម​គោលការណ៍ និង​នីតិវិធី​ច្បាប់​ព្រមទាំង​ចូលរួម​ថែរក្សា និង​ការពារ​សិទ្ធិ ស្របច្បាប់​លើ​អចលនវត្ថុ​របស់​ខ្លួន​។​លោកស្រី​បណ្ឌិត បាន ស្រី​មុំ បាន​ផ្តាំផ្ញើ ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់លាស់ អំពី​នីតិវិធី​នៃ​ការ​ចុះបញ្ជី​ និង​ការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី ដើម្បី​ជៀសវាង​ការ​ចាញ់បោក​ជនខិលខូច ដែល​អាច​ឆ្លៀតឱកាស​ទារ​កម្រៃ​បន្ថែម​លើ​សេវា​ដែល​បាន​កំណត់​តាម​ច្បាប់ និង​តារាង​តម្លៃ​សេវា​សាធារណៈ ហើយ​បើ​ករណី​មាន​ច​ម្ង​ល់ ឬ​មិន​មាន​ភាព​ច្បាស់លាស់​ពាក់ព័ន្ធ​ទៅ​នឹង​នីតិវិធី​និង​សេវាកម្ម លោក​ជំទាវ​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ស្វែងរក ការ​ប្រឹក្សា​យោបល់ ពី​មន្ត្រី​ជំនាញ​នៅ​តាម​ទីតាំង​ផ្តល់​សេវា រួម​មាន​រដ្ឋបាល​ក្រុង ស្រុក និង​ច្រក​ចេញចូល​តែ​មួយ​នៅ​រដ្ឋបាល​ខេត្ត ដើម្បី​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ ជៀសវាង​ការ​ចំណាយ​ក្រៅផ្លូវការ​ ។

បើ​តាម​របាយការណ៍​របស់​លោក ហុង ពៅ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បានឱ្យ​ដឹង​ថា​៖ ខេត្ត​ប៉ៃលិន មាន​ក្បាលដី​ប៉ាន់ស្មាន​ប្រមាណ ​៦០,២០៨​ក្បាលដី ក្នុង​នោះ​ការ​ចុះបញ្ជី និង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​រួច មាន​ចំនួន ២១,៣១៤​ក្បាលដី ក្នុង​នោះ ស្រុក​សាលា​ក្រៅ មាន​ក្បាលដី​ប៉ាន់ស្មាន​ប្រមាណ​៣៤,៨៥៧ ក្បាលដី ហើយ​ការងារ​វាស់វែង​ក្បាលដី​បាន​បញ្ចប់ ១០០​ភាគរយ ដោយ​ចុះបញ្ជី​ដីធ្លី និង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​រួច មាន​ចំនួន​៩,២៨៧ ក្បាលដី​ ៕