ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន អូរ​ទុរេន ជាក​សិ​-​ទេសចរណ៍ធម្មជាតិ គឺជា​តំបន់​ដែល​មាន​ទេសភាព​ស្រស់​ស្អាត ហើយ​ម្ចាស់​ដាំ​ដំណាំ​គ្រប់​ប្រភេទ​សម្រាប់​ទទួលភ្ញៀវ

2 អាទិត្យ មុន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​រមណីយដ្ឋាន​ក​សិ​-​ទេសចរណ៍​មួយ​កន្លែង ស្ថិត​នៅ​តំបន់​អូរ​ទុរេន ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​ជា​តំបន់​មួយ មាន​ទេសភាព​ស្រស់​ស្អាត​គួរ​ឱ្យ​ចង់​គយគន់ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ភាគច្រើន ហាក់ដូចជា​មើល​រំលង ហើយ​អ្នកខ្លះ​មិន​ធ្លាប់​បាន​ទៅ​លេង​ទីនោះ​ឡើយ ក៏​មាន​ភ្ញៀវ​ទេសចរ​ភាគច្រើន​ ក៏​មិន​ធ្លាប់​ស្គាល់​ទៅ​ទីនោះ​ដែរ។ រមណីយដ្ឋាន​អូរ​ទុរេន ស្ថិត​នៅ​ភាគ​ខាងលិច​ឈាង​ខាងត្បូង​ នៃ​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​មាន​ចំងាយ​ពី​ទីរួមខេត្ត​ប៉ៃលិន ប្រមាណ​១០​ទៅ​១៥​គីឡូម៉ែត្រ ជាប់​នឹង​ទឹកដី​ស្រុក​សំឡូត ខេត្តបាត់ដំបង ហើយ​ក៏​ជាប់​ជាមួយនឹង​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ ផង​ដែរ។ មិន​ត្រឹមតែ​ទេសភាព​ស្រស់បំព្រង​ប៉ុណ្ណោះ​ទេ រមណីយដ្ឋាន​មួយ​នេះ ត្រូវ​បាន​ម្ចាស់​ដាំ​ដំណាំ​ជា​ច្រើន​ប្រភេទ​ដូច​ជា​ដំណាំ​ក្រូចពោធិ៍សាត់ ដំណាំ​ទុរេន ដំណាំ​សាវម៉ាវ ដំណាំ​ចេក ស្វាយកែវ​រមៀត និង​ដំណាំ​ផ្សេង​ៗ ជា​ច្រើន​ដើម​ទៀត ។

បើ​តាម​ការ​រៀបរាប់​ពី​ម្ចាស់​រមណីយដ្ឋាន​ខាងលើ ឈ្មោះ កែ សា​រ៉េ​ត ភេទ​ប្រុស បានឱ្យ​ដឹង​ថា កាលដែល​លោក​ចូល​ទៅ​ដល់​កន្លែង​នោះ​ជា​លើក​ដំបូង គឺ​មានចិត្ត​ស្រឡាញ់​ធម្មជាតិ​នៅ​តំបន់​នោះ​អស់ពី​បេះដូង​តែ​ម្តង ទើប​ក្រោយមក លោក​ក៏​បាន​ពិភាក្សា​ជាមួយ​ប្រពន្ធ ដោយ​រៀបចំ​គម្រោង​សុំ​ច្បាប់​រដ្ឋាភិបាល ដើម្បី​បង្កើត​កន្លែង​ទេសចរ ដែល​អាច​ទាក់ទាញ​ទាំង​ភ្ញៀវ​ទេសចរ​បរទេស និង​ភ្ញៀវ​ទេសចរ​ជាតិ​ឱ្យ​ចូល​ទៅ​លេង​កាន់តែ​ច្រើន ព្រោះ​កន្លែង​នោះ​មាន​សភាព​ស្ងប់ស្ងាត់ និង​ស្រស់​ស្អាត ហើយ​ថែម​ទាំង​មាន​ទឹកអូរ​ថ្លាឈ្វេង​នៅ​លើ​ផ្ទាំង​ថ្ម​ឥត​ដាច់ ពេល​ភ្ញៀវ​ចុះ​ងូតទឹក​អូរ​លេង ធ្វើ​ឱ្យ​ត្រជាក់​កាយ​សប្បាយចិត្ត បំបាត់​នូវ​ទុក្ខ​កង្វល់​ថែម​ទៀត ។

លោក​បាន​បន្ត​ទៀត​ថា លោក​ក៏​បាន​រៀបចំ​កន្លែង​ទទួលភ្ញៀវ​ស្នាក់​នៅ​ជា​បន្ទប់​ៗ ដោយ​មាន​របៀបរៀបរយ គឺ​មានផ្ទះ​សំណាក់ រី​ហ្សត​ជាដើម ។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ពេល​ដែល​លោក​បើក​កន្លែង​រមណីយដ្ឋាន​នេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មានការ​ងារ​ធ្វើ​ប្រចាំ​ថ្ងៃ ។ ក្រៅពី​កន្លែង​ស្នាក់​នៅ និង​កន្លែង​បោះ​តង់ ដ៏​ធំ​ទូលាយ លោក​ក៏​បាន​ដាំ​ដំណាំ​ស្ទើរ​គ្រប់​ប្រភេទ​នៅ​ជុំវិញ​រមណីយដ្ឋាន ដោយ​ប្រើ​ជីធម្មជាតិ ខណៈ​ដែល​ភ្ញៀវ​ទិញ​ផ្លែ​ឈើ​ទាំងនោះ​យក​ទៅ​បរិភោគ គឺ​មិន​ប៉ះពាល់​សល់​សុខភាព​ឡើយ ។

លោកស្រី រ៉េ​ត សុ​ម៉ា​លី ត្រូវជា​ប្រពន្ធ​ម្ចាស់​រមណីយដ្ឋាន​ខាងលើ ក៏​បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ គឺ​មានចិត្ត​ស្រឡាញ់​វិស័យ​ទេសចរ​ខ្លាំង​បំផុត ដោយ​មានការ​រៀបចំ​រមណីយដ្ឋាន​បណ្តើរ ក៏​ជួល​កម្មករ​ឱ្យ​ដាំ​ដំណាំ​ហូប​ផ្លែ​ស្ទើរ​គ្រប់​មុខជា​បណ្តើរ​ៗ ដើម្បី​ងាយស្រួល​ពេល​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​ម្តង​ៗ គឺ​មាន​ទាំង​កន្លែង​លេង កន្លែង​ស្នាក់​នៅ និង​មាន​ផ្លែ​ឈើ​ទទួលទាន​ជួបជុំ​គ្រួសារ​ផង​ដែរ ។ លើស​ពី​នេះ ការ​ដែល​គាត់​នាំ​គ្នា​គិតគូរ​បង្កើត​រមណីយដ្ឋាន​ធម្មជាតិ​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​មានចិត្ត​សប្បាយ​រីករាយ​បំបាត់​ស្ត្រេ​ស ភាព​តានតឹង ហើយ​ក៏​ធ្វើ​ឱ្យ​ខ្លួនឯង​មានការ​សប្បាយ​ក្នុង​ចិត្ត​ផង​ដែរ ។ ពួក​គាត់​ក៏​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មិន​ធ្លាប់​ទៅ​លេង​កន្លែង​របស់​ខ្លួន អាច​ធ្វើ​ដំណើរ​ទៅ​លេង​ម្តង​ឱ្យ​ស្គាល់ ដើម្បី​ងាយស្រួល​ថ្ងៃក្រោយ​នាំ​បងប្អូន​មិត្តភក្តិ​ទៅ​លេង​ថែម​ទៀត​ដែរ ៕