ដំណាំប៉េងប៉ោះឆឺរី កំពុងមានទីផ្សារល្អ និងបង្កើតប្រាក់ចំណូលដល់កសិករ នៅខេត្តប៉ៃលិន
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រជាកសិករមួយគ្រួសារកំពុងតែប្រមូលផលដំណាំបន្លែប៉េងប៉ោះឆឺរី ដែលដាំតាមលក្ខណៈបច្ចេកទេសធម្មជាតិ ហើយមានការបង្រៀន និងណែនាំពីខាងមន្ទីរកសិកម្មខេត្តប៉ៃលិន ពីវិធី និងរបៀបដាំដុះ ដើម្បីឱ្យទទួលបានផលច្រើន និងការប្រើប្រាស់ជីកំប៉ុស ដែលមិនបង្កការប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។
បើតាមការរៀបរាប់ពីស្ត្រីម្នាក់ ឈ្មោះ ផុន ចាន់រ៉ី រស់នៅក្នុងភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យភ្នាក់ងារកោះសន្តិភាពដឹងថា ៖ គាត់បានដាំដំណាំបន្លែប៉េងប៉ោះឆឺរីនៅក្នុងរោងកសិដ្ឋានប្រភេទផ្ទះសំណាញ់ ចំនួន៤ខ្នង ដោយក្នុង១ថ្ងៃ គាត់អាចប្រមូលផលបានរហូតដល់៥០០គីឡូក្រាម ។
គាត់បន្តទៀតថា បើប្រមូលផលបន្លែនេះ ចាប់ពី៣០០គីឡូក្រាមឡើងទៅ គឺគាត់អាចទទួលបានប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយក្រោយពេលប្រមូលផលរួច គាត់ក៏បានដឹកយកទៅលក់ដូរនៅក្នុងផ្សារខេត្តប៉ៃលិន រហូតដល់ផ្សារប៉ុមពុយ ខេត្តបាត់ដំបងផងដែរ ។
គាត់បញ្ជាក់ទៀតថា ក្នុង១គីឡូក្រាម អាចលក់បានតម្លៃចាប់ពី៣០០០ទៅ៣៥០០រៀល ហើយគាត់ក៏បានសង្កេតឃើញថា បន្លែប៉េងប៉ោះឆឺរី ត្រូវបានអតិថិជន ចូលចិត្តទិញយកទៅធ្វើបន្លែ និងម្ហូបអាហារប្រចាំថ្ងៃ ដោយអ្នកខ្លះជ្រើសរើសយកប៉េងប៉ោះពណ៌ក្រហម និងខ្លះទៀតយកប៉េងប៉ោះពណ៌ខៀវ តាមតម្រូវការរបស់ខ្លួន ។
បើតាមប្រភពព័ត៌មានពីលោក ស វែង ជាមន្ត្រីបច្ចេកទេសកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងដែរថា ការបណ្តុះកូនប៉េងប៉ោះ គឺកសិករអាចរកទិញគ្រាប់ពូជ បាននៅតាមទីផ្សារ និងកន្លែងលក់គ្រាប់ពូជនានា ដោយពួកគាត់អាចដាំដំណាំនេះ ក្នុងចន្លោះខែវិច្ឆិកា រហូតដល់ខែកុម្ភៈ ។
លោកបន្តទៀតថា មុនដំបូង ប្រជាកសិករត្រូវភ្ជួរដីហាលឱ្យបានស្ងួតល្អក្នុងរយៈពេល២ទៅ៣សប្តាហ៍ មុនពេលនឹងដាំកូនប៉េងប៉ោះ ដើម្បីឱ្យស្មៅងាប់ស្រឡះ ហើយផ្តល់នូវជីជាតិដល់ដំណាំបន្លែ ។ បន្ទាប់មក គេត្រូវយកជីលាមកសត្វ ឬជីកំប៉ុសដែលផលិតបាន ទៅលាយជាមួយនឹងដីឱ្យបានសព្វល្អ រួចសាបគ្រាប់ពូជប៉េងប៉ោះពីលើដីនោះ លុះដល់ពេលកូនប៉េងប៉ោះដុះលូតលាស់បានរយៈពេល១៥ ទៅ២០ថ្ងៃហើយ កសិករអាចដកយកកូនប៉េងប៉ោះទាំងនោះទៅដាំនៅលើដីកសិដ្ឋានរបស់ខ្លួន ។
លោកក៏បានណែនាំដល់កសិករ ដែលប្រកបមុខរបរដាំបន្លែ ឱ្យដាំប៉េងប៉ោះឆឺរីទៅតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ ដោយមានកសិករសរុប៧៥គ្រួសារ ដែលបានចូលរួមនៃការបណ្តុះបណ្តាលបច្ចេកទេសនៃការងារអនុវត្តកសិកម្មល្អ ក្នុងគោលបំណងឱ្យកសិករផលិតអាហារដែលមានសុវត្ថិភាព គ្មានសារធាតុគីមី និងជម្រុញឱ្យការងារកសិកម្មនេះ ទទួលបានលទ្ធផលល្អប្រសើរ ។
លោកបញ្ជាក់ទៀតថា ការងារនេះរួមបញ្ចូលទាំងការប្រើប្រាស់ទឹក ដែលមានប្រភពច្បាស់លាស់ ដែលមិនទទួលរងនូវការបំពុល ដោយដីដាំដំណាំបន្លែ ក៏មិនត្រូវឱ្យនៅក្បែររោងចក្រឬកន្លែងណាដែលទទួលរងនូវការបំពុលផ្សេងៗ ។ អ្វីដែលសំខាន់ជាងគេនោះ គឺឱ្យកសិករផ្តោតទៅលើការប្រើប្រាស់ប្រភេទជីធម្មជាតិ ជីកំប៉ុស ដោយកាត់បន្ថយការប្រើប្រាស់ជីគីមី ដែលប៉ះពាល់ដល់សុខភាព ជាពិសេសការគ្រប់គ្រងកត្តាចង្រៃតាំងពីជំងឺ ឬសត្វល្អិត ដោយប្រើប្រាស់តាមវិធានការចម្រុះ ៕





ចែករំលែកព័តមាននេះ