អភិបាលខេត្ត ៖ ក្រុមវិស្វកម្មគ្រោងជួសជុលច្រាំងទន្លេដែលបា.ក់នៅស្រុកស្រីសន្ធរ នារដូវទឹកស្រក
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ច្រាំងទន្លេដែលបាក់មានប្រវែងសរុបចំនួន១៣គីឡូម៉ែត្រ បណ្ដាលឱ្យប៉ះពាល់ផ្ទះ៧១គ្រួសារ ក្នុងនោះរុះរើ៤២ខ្នង។ នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងឱ្យកាសចែកអំណោយរបស់សម្ដេចបវរធិបតី ជូនដល់ពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេច្រើនគ្រួសារនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យឫស្សីស្រុក ស្រុកស្រីសន្ធរ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍លើកឡើងថា ពេលដែលមានគ្រោះមហន្តរាយកើតឡើងនៅទីណាមួយគឺសម្ដេចបវរធិបតីនិងឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម តែងតែគិតគូរ និងយកចិត្តទុកដាក់ជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេល ។ ជាក់ស្ដែង នៅពេលនេះពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេចំនួន២៣គ្រួសារ គឺបានទទួលអំណោយសម្រាប់យកទៅដោះស្រាយជីវភាពគ្រួសារ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍បន្តថា នៅក្នុងស្រុកស្រីសន្ធរ បានរងផលប៉ះពាល់ចំនួនពីរលើក ក្នុងនោះមានគ្រោះមហន្តរាយបាក់ច្រាំងទន្លេនៅឃុំកោះអណ្ដែត ឫស្សីស្រុក ព្រែកពោធិ៍ ហើយនៅឃុំខ្នារស ស្វាយពោធិ៍ បែរជាខ្វះទឹកទៅវិញធ្វើឲ្យដំណាំស្រូវប្រមាណ៥០០ហិកតា រងផលប៉ះពាល់ដោយមានការអន្តរាគមន៍តាមរយៈការបូមទឹកតាមប្រព័ន្ធធារាសាស្ត្រគឺបានស្រោចស្រពដំណាំស្រូវទាំងនោះបានឡើងវិញ គួបផ្សំនឹងភ្លៀងធ្លាក់ផងដែរ។ ជាក់ស្ដែងនៅឫស្សីស្រុក បាក់ច្រាំងទន្លេដោយសារតែកត្តាធម្មជាតិ ព្រោះកោះនៅកណ្ដាលទន្លេបានដុះកាន់តែវែង ធ្វើឲ្យចរន្តទឹកបានហូរបុកចំភូមិឋានរបស់ពលរដ្ឋជាហេតុបណ្ដាលឲ្យបាក់យ៉ាងដូច្នេះ។
ចំពោះទីតាំងដែលបានបាក់ច្រាំង ក្នុងនោះមាននៅឃុំកោះអណ្ដែត និងឫស្សីស្រុកប្រវែង១២០០ម៉ែត្រ នឹងត្រូវជួសជុលឆាប់ៗក្នុងរដូវទឹកសម្រកទៅវិញដោយកងកម្លាំងវិស្វកម្ម។
លោកតាអ៊ុក ស៊ីនួន អាយុ៧៩ឆ្នាំ មេភូមិក្បាលកោះ បានលើកឡើងថា ផ្ទះរបស់គាត់សង់អំពីឈើមានទំហំ៦ម៉ែត្រ គុណ១៣ម៉ែត្រ ដោយសាងសង់ជាង៣០ឆ្នាំមកហើយ ចំណែកច្រាំងទន្លេនៅចម្ងាយពីផ្ទះជាង៣០០ម៉ែត្រឯណោះ ស្ថិតនៅឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ តែគ្រោះធម្មជាតិបានបាក់មកកៀកផ្ទះនៅឆ្នាំ២០២៦នេះ ក៏រុះរើទៅនៅកន្លែងថ្មីចម្ងាយពីកន្លែងចាស់៧០០ ម៉ែត្រ ។លោកតាមានអារម្មណ៍សប្បាយរីករាយពេលទទួលបានអំណោយសម្ដេចបវរធិបតី នេះបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ៕





ចែករំលែកព័តមាននេះ