ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចឃាត់ខ្លួនក្មេងស្រី៥នាក់ ក្នុងករណីបង្ហោះវីដេអូហិ.ង្សា.សម្តែងលេងលើបណ្តាញសង្គម

1 ខែ មុន
  • កំពត

ខេត្តកំពត៖ ក្រោមការអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់​លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ កុល ណារុំ អធិការនគរបាលក្រុងកំពត បានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវករណីគណនីហ្វេសប៊ុក (Facebook) ឈ្មោះ Ly Jing ដែលបានបង្ហោះវីដេអូបង្ហាញពីសកម្មភាពក្រុមក្មេងស្រីប្រើប្រាស់ហិង្សាវាយតប់គ្នាទៅវិញទៅមកនៅទីសាធារណៈ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញ និងនាំខ្លួនក្រុមយុវតីពាក់ព័ន្ធចំនួន ៥នាក់ មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកំពត។

ក្រោយពេលសាកសួរ ក្រុមយុវតីទាំងនោះបានសារភាពថា សកម្មភាពហិង្សាក្នុងវីដេអូនោះ គ្រាន់តែជាការ​ថតសម្ដែងលេង ដើម្បីបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកតែប៉ុណ្ណោះ។

មុននឹងអនុញ្ញាតឱ្យអាណាព្យាបាលធ្វើកិច្ចសន្យាធានាពួកគាត់ត្រឡប់ទៅផ្ទះវិញ សមត្ថកិច្ចបានតម្រូវឱ្យយុវតីទាំងនោះ ធ្វើសកម្មភាពសម្អាតអនាម័យដោយដើររើសសំរាម នៅចំណុចមាត់ព្រែកកំពត និងនៅមុខរូបសំណាកត្រីសេះសមុទ្រ មុខសាលាខេត្តកំពត ។ បន្ទាប់មក ទើបប្រគល់ជូនអាណាព្យាបាលនាំយកទៅអប់រំណែនាំបន្ថែម ដើម្បីបញ្ឈប់រាល់ទង្វើដែលបង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរក្នុងសង្គម។

ឆ្លើយតបនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត សូមអំពាវនាវដល់យុវជន និងសាធារណជនទាំងអស់ មេត្តាកុំយកតម្រាប់តាមទង្វើបែបនេះ និងត្រូវចូលរួមប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរសម្រាប់សង្គមជាតិយើងទាំងអស់គ្នា ។