ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រង់ចាំ៨ឆ្នាំ! អ្នករងគ្រោះពីការបាក់រលំទំនប់វារីអគ្គិសនីនៅឡាវ នឹងទទួលសំណងចុងក្រោយ ៤,៦លានដុល្លារ

1 ថ្ងៃ មុន

ប្រទេសឡាវ៖ ក្រោយរង់ចាំអស់រយៈពេល៨ឆ្នាំ គ្រួសារដែលរងផលប៉ះពាល់ពីការបាក់រលំទំនប់វារីអគ្គិសនី សេ​ពៀន សេ​ណាំណយ នៅខេត្តអត្តពឺ ភាគខាងត្បូងប្រទេសឡាវ នឹងទទួលសំណងជុំចុងក្រោយនៅក្នុងខែកញ្ញា ឆ្នាំ២០២៦នេះ។ សំណងសរុបប្រមាណ​ ៤,៦លានដុល្លារអាម៉េរិក នឹងត្រូវចែកជូនគ្រួសារដែលរងផលប៉ះពាល់ធ្ងន់ធ្ងរចំនួន ៩៦៨គ្រួសារ នៅក្នុងភូមិចំនួន៦ និងទីតាំងតាំងទីលំនៅមួយ។ នេះបើយោងតាមសារព័ត៌មាន The Laotian Times ចុះផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

អាជ្ញាធររំពឹងថា ការទូទាត់សំណងនឹងបញ្ចប់នៅត្រឹមចុងខែកញ្ញា ខណៈកាលពីថ្ងៃទី១៤ ខែកញ្ញា មន្ត្រីខេត្តបានជួបប្រជាពលរដ្ឋដែលរងគ្រោះ ដើម្បីពន្យល់ពីកញ្ចប់សំណងជុំទី៦ និងជុំចុងក្រោយ។ ការបាក់រលំទំនប់បានកើតឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។

សំណងសម្រាប់គ្រួសាររងគ្រោះត្រូវបានបែងចែកជា៦ប្រភេទ រួមមាន ការបាត់បង់ជីវិត ផ្ទះសម្បែង ជីវភាព ហេដ្ឋារចនាសម្ព័ន្ធ ដីធ្លី និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ប្រភេទ៥ដំបូងត្រូវបានទូទាត់រួចរាល់ ខណៈជុំចុងក្រោយផ្តោតលើទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដូចជា គ្រឿងអលង្ការ យានយន្ត និងសត្វចិញ្ចឹម បន្ទាប់ពីអាជ្ញាធរខេត្ត និងក្រុមហ៊ុនវារីអគ្គិសនី សេ​ពៀន សេ​ណាំណយ ឈានដល់កិច្ចព្រមព្រៀង។

តាមតួលេខផ្លូវការ ការបាក់រលំទំនប់វារីអគ្គិសនីនោះ បានបណ្តាលឱ្យទឹកជំនន់ហូរឆ្លងកាត់តំបន់ជ្រលង សេពៀន និង សេណាំណយ ឆ្ពោះទៅស្រុក សាណាំសៃ ដោយបំផ្លាញ ឬធ្វើឱ្យខូចខាតភូមិចំនួន៥។ មនុស្ស៤៩នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ២២នាក់ទៀតនៅបាត់ខ្លួន និងជាង៦,០០០នាក់ត្រូវបានជម្លៀស ខណៈការខូចខាតសរុបត្រូវបានប៉ាន់ប្រមាណ​ ១៥០លានដុល្លារអាម៉េរិក តាមអត្រាប្តូរប្រាក់ឆ្នាំ២០១៨៕