មជ្ឈិមបូព៌ា៖ ចំនួនអ្នកស្លាប់ពីការបាក់រលំអគារលំនៅឋានមួយនៅភាគខាងលិចទីក្រុងហ្គាហ្សាបានកើនដល់ ២១នាក់ ក្នុងនោះមានកុមារ ១១នាក់ និងស្ត្រី ៦នាក់ ខណៈមនុស្សជាង ២៥នាក់រងរបួស។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
អគារនោះមានកម្ពស់ ៦ជាន់ ដែលធ្លាប់រងការខូចខាតដោយការវាយប្រហារ បានបាក់រលំនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា។ អ្នកស្រុកបានឱ្យដឹងថា អគារនេះធ្លាប់ជាទីជម្រករបស់ជនភៀសខ្លួនប្រមាណ ១០០នាក់។
ក្រុមការពារជនស៊ីវិលបានចំណាយពេល ១៦ម៉ោងក្នុងប្រតិបត្តិការសង្គ្រោះ ដោយជួយមនុស្ស ៤៥នាក់ និងរកឃើញសាកសព ២១នាក់ ខណៈមនុស្ស ៣៥នាក់ផ្សេងទៀតអាចរត់គេចបាន។ ប្រតិបត្តិការត្រូវបានរាំងស្ទះដោយសារខ្វះឧបករណ៍ធុនធ្ងន់ ហើយមន្ត្រីបានព្រមានថា អគារលំនៅឋានជាង ២,០០០ខ្នងទៀតអាចប្រឈមហានិភ័យបាក់រលំ។
ហេតុការណ៍នេះកើតឡើងស្របពេលមានការរាយការណ៍អំពីការរំលោភបទឈប់បាញ់ជាបន្តបន្ទាប់ ខណៈការចរចារវាងហាម៉ាសនិងអ៊ីស្រាអែលមិនទាន់មានការរីកចម្រើន បើទោះបីកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមានតាំងពីខែតុលា ឆ្នាំ២០២៥ក៏ដោយ៕
ចែករំលែកព័តមាននេះ