ឃាត់ខ្លួនបុរស២នាក់ ពាក់ព័ន្ធនឹងការលួចនាំចូលទំនិញខុសច្បាប់ពីប្រទេសថៃចូលខេត្តកោះកុង
- កោះកុង
ខេត្តកោះកុង ៖ ជនសង្ស័យចំនួន២នាក់ (ម្នាក់ជាម្ចាស់ទំនិញ និងម្នាក់ទៀតជាម្ចាស់រថយន្ត) ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី១៦ កញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពាក់ព័ន្ធនឹងករណីលួចនាំចូលទំនិញហាមឃាត់ពីប្រទេសថៃតាមច្រកសមុទ្រដោយខុសច្បាប់ ។

យោងតាមការឱ្យដឹងពីលោកស្នងការរងនគរបាលខេត្តកោះកុងបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមមាន៖ ១-ឈ្មោះ ពុត ភារៈ ភេទប្រុស អាយុ៤៣ឆ្នាំ (ជាម្ចាស់ទំនិញ) ២-ឈ្មោះ យុន ចាន់ថា ភេទប្រុស អាយុ៣៧ឆ្នាំ (ជាម្ចាស់រថយន្តដឹកជញ្ជូន) ។

លោកស្នងការរងបានបន្តថា ក្រុមឈ្មួញខិលខូចបានលួចដឹកជញ្ជូនទំនិញហាមឃាត់ និងទំនិញខុសច្បាប់ជាច្រើនប្រភេទ រួមមាន៖ ប្រេងខ្យង ប្រេងឆា មី ទឹកត្រី និងគ្រឿងទេសជាច្រើនកេសតាមច្រករបៀង និងផ្លូវសមុទ្រនៅពេលយប់អធ្រាត្រ ដើម្បីបន្លំភ្នែកសមត្ថកិច្ច បន្ទាប់ពីព្រំដែនគោកត្រូវបានបិទខ្ទប់ ។

ទោះជាយ៉ាងណា ដោយមានការយកចិត្តទុកដាក់ និងបង្ក្រាបបានទាន់ពេលវេលាពីកម្លាំងជំនាញ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមទាំងរឹបអូសរថយន្ត និងវត្ថុតាងទំនិញទាំងអស់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។


ចែករំលែកព័តមាននេះ