ប្រទេសចិន ៖ តាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ប្រទេសចិន កាលពីថ្ងៃទី១៦ កញ្ញា បានបើកសម្ពោធព្រែកជីក PINGLUដែលអាចឲ្យបណ្ដាតំបន់ភាគនិរតីប្រទេស បំព្រួញផ្លូវមកកាន់ឆ្នេរសមុទ្រ និងទីផ្សារបរទេស ពិសេសបំផុត ទីផ្សារអាស៊ានជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន ។

ព្រីកជីកនោះ ក្នុងការជីកចំណាយប្រាក់៧២, ៧ពាន់លានយន់ប្រមាណជា១០,៧៥ពាន់លានដុល្លារ។ ព្រែកជីកនោះ មានប្រវែង១៣៤,២គីឡូម៉ែត្រ ភ្ជាប់ទីក្រុងណាននីញទីប្រជុំជនតំបន់ស្វយ័តហ្សូអានខេត្តក្វាងស៊ីភាគខាងត្បូងចិន មកកាន់ឈូងសមុទ្រBEIBU ។ ព្រែកជីកនោះ លាតសន្ធឹងតាមបណ្ដោយផ្លូវពាណិជ្ជកម្មអន្តរជាតិដី-សមុទ្រថ្មី ជាផ្លូវពាណិជ្ជកម្មយុទ្ធសាស្ត្រដែលតភ្ជាប់បណ្ដាតំបន់ខាងក្នុងប្រទេសចិន ទៅតំបន់អាស៊ាន និងបណ្ដាទីផ្សារពិភពលោកដទៃៗទៀត ។

នោះជាគម្រោងព្រែកជីកដំបូង ដែលភ្ជាប់ពីទន្លេទៅសមុទ្រ ជាគម្រោងកម្រិតជាតិពុំធ្លាប់មានចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនពីឆ្នាំ១៩៤៩មក ។ កសាងឡើងដើម្បីទទួលបណ្ដានាវាចំណុះច្រើនបំផុតត្រឹម៥០០០តោន ព្រែកជីកនោះបាន
បំព្រួញផ្លូវបានចម្ងាយជាង៥៦០គីឡូម៉ែត្រតាមផ្លូវទឹកសម្រួលដល់ការដឹកទំនិញពីភាគនិរតីចិនទៅកាន់សមុទ្រដែលអាចរួមចំណែកក្នុងការកាត់បន្ថយតម្លៃដឹកទំនិញបានយ៉ាងច្រើនពី១៨ ទៅ៣០%ក្នុងមួយឆ្នាំៗ ។ ការជីកព្រែកជីកនោះ ប្រើពេលជាងជាង៤ឆ្នាំ ៕


ចែករំលែកព័តមាននេះ