កម្ពុជារងឥទ្ធិពលព្យុះទី២៥ ដោយធ្វើឱ្យតំបន់សមុទ្រមានភ្លៀងធ្លាក់ច្រើន
- ភ្នំពេញ
ក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា នៅក្នុងរយៈពេល៩ខែ១៧ថ្ងៃ នៃឆ្នាំ២០២៦ នេះកម្ពុជាបានទទួលរងឥទ្ធិពលព្យុះប្រមាណជា២៥ លើក ប៉ុន្តែកម្ពុជាមិនរងគ្រោះធ្ងន់ធ្ងរឡើយ ។

ប្រភពដដែលបានអះអាង នៅថ្ងៃទី១៧ ខែកញ្ញាថា ពីថ្ងៃនេះ ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយកម្ពុជាកំពុងតែរងឥទ្ធិពលនៃព្យុះទី២៥ ឈ្មោះ ឌូជូអាន ។

ប្រភពដដែលបានបន្តថា ព្យុះនេះវាកើតពីសម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយវាមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល អានដាម៉ាន់ ចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា តែកម្ពុជាមិនចំគន្លងផ្លូវដើររបស់ព្យុះនេះ ដូចជាព្យុះប្អូនៗរបស់វា២៤ ទៀត ។
តាមសេចក្តីប្រកាសព្យុះ ឌូជូអាននេះ អាចធ្វើឲ្យតំបន់ទំនាបកណ្តាល មានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់រង្វង់៥០ភាគរយ ខ្ពង់រាប និងសមុទ្រ ដល់ទៅ៧០ភាគរយ ហើយរលកសមុទ្រវិញ គឺអាចដល់១,៧៥ ម៉ែត្រ ៕


ចែករំលែកព័តមាននេះ