ការទាមទារឱ្យដំឡើងប្រាក់ឈ្នួល ដល់ ២៥០ដុល្លារ “គឺច្រើនហួសកម្រិត” ដែលអាចធ្វើឱ្យរោងចក្របិទទ្វារ ដោយសារតម្លៃពលកម្មថ្លៃ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន ២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំង ដែលអាចធ្វើឱ្យមានការរើរោងចក្រ ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា៖ «ការទាមទារឱ្យប្រាក់ឈ្នួលអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួល មិនត្រូវបានពិចារណារួម ជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ ។ ចំពោះការលើកឡើងថា ប្រាក់ឈ្នួលពលកម្មអប្បបរមាដល់ ២៥០ ដុល្លារនេះ ខ្ញុំយល់ថា ជាកម្រិតមួយច្រើនហួសកម្រិត ដែលធ្វើឱ្យរោងចក្រសហគ្រាសទាំងអស់ នឹងអាចបិទទ្វារ ដោយសារតែកម្លាំងពលកម្មថ្លៃពេក» ។
លោកបណ្ឌិត បានថា ប្រទេសក្នុងតំបន់នៅជិតកម្ពុជា ដែលជាអ្នកផលិតផលិតផលកាត់ដេរដែរនោះ ដូចជាភូមា បង់ក្លាដេស ស្រីលង្កា ប៉ាគីស្ថាន និងវៀតណាមជាដើមនឹង ទាញរោងចក្រឱ្យប្តូរទីតាំង ព្រោះតម្លៃប្រាក់ឈ្នួលមានកម្រិតទាមជាងកម្ពុជា ។ លោកបានថ្លែងថា៖ «បើយើងប្រៀបធៀបទៅបណ្តាប្រទេសផ្សេងៗទៀត ជាពិសេសយើងមើលទៅប្រទេសវៀតណាម ដែលផលិតភាពការងារគាត់មានផលិតភាពខ្ពស់ ហើយប្រាក់ឈ្នួលនៅក្នុងប្រទេសវៀតណាម មានតែតំបន់ហូជីមិញមួយទេ ដែលមានប្រាក់ឈ្នួលអប្បបរមាប្រហាក់ប្រហែលនឹងកម្ពុជា តំបន់ផ្សេងទៀតនោះគឺមានប្រាក់ឈ្នួលទាបជាងកម្ពុជាយើង» ។

ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ ក៏បានពន្យល់ថា ការចរចាប្រាក់ឈ្នួលគួរផ្អែកលើភស្តុតាងជាក់ស្តែង ពីភាគីទាំងពីរ ដោយពិនិត្យទាំងអតិផរណា ការចំណាយរបស់កម្មករ និងសមត្ថភាពរបស់និយោជក ។ លោកបានលើកឡើងថា៖ «ការកំណត់ប្រាក់ឈ្នួលក៏ត្រូវពិនិត្យលើស្ថានភាពជាក់ស្តែងរបស់រោងចក្រ សហគ្រាស និងថ្លៃដើមផលិតកម្ម រួមទាំងការដឹកជញ្ជូន ភស្តុភារកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងវត្ថុធាតុដើម ដើម្បីស្វែងរកអត្រាប្រាក់ឈ្នួលដែលសមស្រប» ។

អ្នកវិភាគបានលើកឡើងបែបនេះ បន្ទាប់ពីមានសហជីពមួយចំនួន ដែលតាំងខ្លួនជាសហជីពឯករាជ្យ បានអំពាវនាវឱ្យកម្មករនិយោជិត ដែលជាបក្ខពួករបស់ខ្លួន ស្រែកទាមទារដំឡើងប្រាក់ឈ្នួលរហូតដល់ ២៥០ដុល្លារអាមេរិក ស្របពេលដែលក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បាននិងកំពុងប្រជុំជាមួយភាគីពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ។
ជាមួយគ្នានេះផងដែរ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងថា ការកំណត់តួលេខប្រាក់ឈ្នួល មិនគួរធ្វើឡើងដោយផ្អែកលើការទាមទារខ្ពស់តាមអារម្មណ៍ ការប្រកួតប្រជែងផ្នែកនយោបាយរវាងសហជីព និងយកមកធ្វើប្រជាភិថុតិនោះទេ ប៉ុន្តែត្រូវពិចារណាឱ្យបានសមស្រប រវាងជីវភាពកម្មករនិយោជិត ស្ថានភាពសេដ្ឋកិច្ច និងសមត្ថភាពផលិតរបស់និយោជក ដើម្បីធានាឱ្យការដំឡើងប្រាក់ឈ្នួលមានចីរភាព ។

លោក សំ សឿន បានបន្តថា៖ «ការចរចាប្រាក់ឈ្នួល គឺមិនមែនអ្នកណាទាមទារខ្ពស់ជាងអ្នកនោះ នឹងល្អជាងនោះទេ ហើយសូមឈប់យកការទាមទារនេះ ទៅបោកប្រាស់កម្មករ ។ ខ្ញុំចង់ឃើញការគណនាតួលេខជាក់លាក់ ឬរបាយការណ៍សិក្សាស្រាវជ្រាវរបស់ពួកគាត់ដែលទាមទារឡើងដល់ ២៥០$ ហើយសុំឱ្យពួកគាត់បង្ហាញរបាយការណ៍នេះជាសាធារណៈថា តើពួកគាត់ផ្អែកទៅលើភស្ដុតាងអ្វីខ្លះ ហើយប្រមូលប្រភពព័ត៌មានពីខាងណាខ្លះ?» ។

ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានថ្លែងថា ការចរចាប្រាក់ឈ្នួលអប្បបរមា គួរតែជាការចរចា ដែលមានការទទួលខុសត្រូវ និងផ្អែកលើផលប្រយោជន៍រួម របស់កម្មករនិយោជិត និយោជក និងសេដ្ឋកិច្ចជាតិទាំងមូល ។ អ្នកនយោបាយ និងសហជីពខ្លះ យកមកធ្វើជាផលប្រយោជន៍ ចម្រើនយោបាយរបស់ក្រុមខ្លួនមួយក្ដាប់តូចនោះទេ ។
លោកបានសង្កត់ធ្ងន់ថា ការទាមទារតួលេខប្រាក់ឈ្នួលណាមួយ ត្រូវមានមូលដ្ឋានច្បាស់លាស់ និងអាចពន្យល់បានតាមទិន្នន័យសេដ្ឋកិច្ច និងសង្គម។ ការទាមទារដោយគ្មានការពិចារណា ពីស្ថានភាពជាក់ស្ដែង អាចបង្កើតការរំពឹងទុកខ្ពស់ដល់កម្មករ ប៉ុន្តែមិនប្រាកដថាអាចសម្រេចបាន តាមការចរចាជាក់ស្ដែងឡើយ ។

លោក អ៊ុន ដារ៉ា បន្ថែមថា៖ «យើងគាំទ្រឱ្យមានការដំឡើងប្រាក់ឈ្នួលកម្មករ ប៉ុន្តែការដំឡើងនោះត្រូវធ្វើឡើង ដោយមានមូលដ្ឋានបច្ចេកទេស និងស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង ។ សហជីពគួរតែផ្តល់ព័ត៌មាន ដែលមានការទទួលខុសត្រូវដល់កម្មករ មិនគួរបង្កើតការរំពឹងទុក ដោយការទាមទារតួលេខខ្ពស់ ដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ» ។

សូមជម្រាបផងដែរដែរ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤(២០២៥-២០២៦) បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ។ កិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗ នៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ទាំង៧ សម្រាប់ភាគីពាក់ព័ន្ធ ធ្វើជាមូលដ្ឋានប្រើប្រាស់ ក្នុងការពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ខ្លួន ដើម្បីបាននូវគោលជំហររួម សម្រាប់កិច្ចប្រជុំបន្ទាប់នៅព្រឹកថ្ងៃចន្ទ ទី១៤, នៅរសៀលថ្ងៃសុក្រ ទី១៨, នៅព្រឹក ថ្ងៃចន្ទ ទី២៨, និងលើកចុងក្រោយ នៅព្រឹក ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ