ជិត១ខែ! មន្ត្រីឧទ្យានុរក្សភ្នំគីរីរម្យ បង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជិត៣០ករណី
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ រយៈពេលជិត១ខែ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងឧទ្យានជាតិគីរីរម្យ សរុបចំនួន២៩ករណី គិតចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការណែនាំពីលោកប្រធានមន្ទីរ និងលោកអភិបាលខេត្តកំពង់ស្ពឺ ក្រុមការងារបានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងឧទ្យានព្រះសុរាម្រិត-កុសុមៈ គីរីរម្យសរុបចំនួន២៩ករណីក្នុងនោះ៖
ទី១- ការបោះបង្គោលហ៊ុមព័ទ្ធ ក្នុងគោលបំណងដើម្បីយកដីព្រៃស្រល់ធ្វើជាកម្មសិទ្ធិ ដកហូតផ្ទៃដីទំហំប្រមាណ ១០.៥៩ហិកតា ចំនួន ២០ករណី
ទី២- ការកាប់គាស់ រុករានទន្ទ្រានដីព្រៃ កាប់ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដកហូតផ្ទៃដីទំហំប្រមាណ ២.៥០ហិកតា ចំនួន ៤ករណី
ទី៣- ការដាក់អន្ទាក់សត្វព្រៃ ដកហូតអន្ទាក់បានចំនួន១៥ខ្សែ (សត្វស្វាងាប់ ចំនួន១ក្បាល ជាប់អន្ទាក់) ចំនួន ១ករណី
ទី៤- ការកាប់រំលំ បំផ្លាញព្រៃឈើ ដកហូតឈើប្រភេទលេខ២(ដើមស្រល់)ចំនួន៦ដើម ចំនួន២ករណី
ទី៥- ការរុករានទន្ទ្រានដីព្រៃ ធ្វើការសង់រោង យកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត ចំនួន២ករណី
សូមបញ្ជាក់ផងដែរថា ក្រសួងបរិស្ថានបានដាក់ចេញការអនុវត្ត «ច្បាប់ ២.១» ក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ទប់ស្កាត់ការទន្ទ្រានដីព្រៃ ការកាប់ឈើខុសច្បាប់ និងការប្រមាញ់សត្វព្រៃ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយចាប់ផ្តើមពីការកសាងសំណុំរឿងបទល្មើស រហូតដល់ការអនុវត្តនីតិវិធីច្បាប់ឱ្យបានម៉ឺងម៉ាត់៕



ចែករំលែកព័តមាននេះ