កម្ពុជាមិនប្រញាប់បង្កើនចំនួនរោងចក្រដំឡើងឡានទេ តែកំពុងជួយអ្នកវិនិយោគដែលមានស្រាប់ឱ្យរស់ និងរីកចម្រើន
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ថ្លែងពីទឹកដីខេត្តកំពង់ឆ្នាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនប្រញាប់ចង់បានរោងចក្រផ្តុំ និងដំឡើងរថយន្តច្រើនពេកនោះទេ ប៉ុន្តែអ្វីដែលជាអាទិភាព គឺការប្រឹងប្រែងពង្រឹងសមត្ថភាពរោងចក្រដែលមានស្រាប់ និងជួយគាំទ្រអ្នកវិនិយោគទាំងនោះឱ្យអាចឈរជើងបានរឹងមាំ និងរីកចម្រើននៅកម្ពុជា ។
ការថ្លែងរបស់សម្ដេចធិបតី បានធ្វើឡើងក្នុងឱកាសដែលសម្ដេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង (TH Automotive Manufacturing) និងខ្សែសង្វាក់ផលិតកម្មរថយន្តម៉ាក GAC ស្ថិតក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីបានលើកឡើងថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥ ដោយមានទុនវិនិយោគសរុប២៤៨លានដុល្លារអាមេរិក (ទុនវិនិយោគក្នុងស្រុក២៨% និងទុនវិនិយោគបរទេស៧២%) និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋសរុប២,៧៧៤ កន្លែង។
ក្នុងចំណោមរោងចក្រទាំង១៥នោះ រួមមាន រោងចក្រកំពុងដំណើរការចំនួន១០រោងចក្រពុំទាន់ដំណើរការចំនួន២ និងគម្រោងរោងចក្រកំពុងសាងសង់ព្រមទាំងស្នើសុំចុះបញ្ជីវិនិយោគចំនួន៣ទៀត ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា បច្ចុប្បន្ន រោងចក្រនិងក្រុមហ៊ុនដំឡើងរថយន្តទាំងអស់ក្នុងស្រុក មានសមត្ថភាពផលិតរថយន្តបានសរុបរហូតដល់៣៥,០០០គ្រឿងក្នុងមួយឆ្នាំរួចទៅហើយ ។ ដោយមើលឃើញពីកម្រិតសមត្ថភាពផលិត និងទីផ្សារនាពេលអនាគត សម្ដេចបានណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ធ្វើការពិនិត្យ និងវាយតម្លៃឡើងវិញលើការកំណត់ការពង្រីកចំនួនក្រុមហ៊ុនដំឡើងរថយន្តថា គួរត្រូវផ្ដល់អាជ្ញាប័ណ្ណបន្ថែមទៀត ឬត្រូវបន្ថយល្បឿនវិញ ។
សម្តេចបវរធិបតីបានលើកឡើងទៀតថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តបន្ថែមទៀតនាពេលខាងមុខ ដើម្បីជំរុញ និងគាំទ្រដល់ឧស្សាហកម្មផលិត និងដំឡើងរថយន្តនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ៕

ចែករំលែកព័តមាននេះ