ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចោរធា.ក់​ប្ល.ន់​ម៉ូតូ​​នៅផ្លូវជាតិលេខ៤ គេ.ច​ខ្លួន​​មិន​ដល់​១០​ម៉ោង​ផង ​អស់លក្ខណ៍​៣​នាក់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ចោរ​ស្ទាវ​កាំបិត​ផ្គាក់​វ័យ​ក្រោម​១៨​ឆ្នាំ​​មួយ​​ក្រុម​មាន​គ្នា​៤​នាក់ បាន​ធ្វើ​សកម្មភាព​ធាក់​ប្លន់​ម៉ូតូ​១​គ្រឿង​ពី​យុវជន​ម្នាក់​​កាលពី​​វេលា​យប់​រំលង​អា​ធ្រា​ត្រ​បាន​សម្រេច រួច​នាំ​គ្នា​យក​ជិះ​គេចខ្លួន​បាត់ ប៉ុន្តែ​មិន​ដល់​១០​ម៉ោង​ផង​ទេ ក៏​អស់លក្ខណ៍​ចំនួន​៣​នាក់​ ក្រោម​កណ្ដាប់ដៃ​នគរបាល​ស្រុក​អង្គស្នួល ចំណែក​បក្ខពួក​១​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​វេលា​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ពងទឹក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។

ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​ទាំង​អស់នោះ​មិន​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​នោះ​ទេ ក្នុង​នោះ​រួម​មាន​១-​ឈ្មោះ ជាតិ ចាន់​ប្រាថ្នា អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ធំ​ទី​២ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ (​អ្នក​បើក​ម៉ូតូ​) ។ ២-​ឈ្មោះ ពង្ស សីហា អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល​(​អ្នក​បើក​ម៉ូតូ​ធ្វើ​សកម្មភាព​ធាក់​ប្លន់​ម៉ូតូ​ជន​រង​គ្រោះ​) ។ ៣-​ឈ្មោះ ទូច មិថុនា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ (​អ្នក​ជិះ​ខាងក្រោយ ) ។ ចំណែក​ទី​៤​កំពុង​រត់គេច​ខ្លួន​នោះ​ឈ្មោះ និ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល (​អ្នក​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​ក្រោយ​ពេល​ប្លន់​បាន​សម្រេច​)​។

នគរ​បាន​បាន​ដកហូត​វត្ថុ​តាង​ពី​ចោរ​ស្ទាវ​ខាងលើ​មួយ​ចំនួន​មាន​ដូច​ជា ម៉ូតូ​ម៉ាក​HONDA DREAM C125 ពណ៌​ទឹកសមុទ្រ ផលិត​ឆ្នាំ​២០២៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1MU-2126​មួយ​គ្រឿង និង​ម៉ូតូ​ម៉ាក​SUZUKl NEX2 ពណ៌​ប្រផេះ​ផលិត​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ តាកែវ​1R-1042​មួយ​គ្រឿង ដែល​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​គឺជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ប្លន់ ។ កាំបិត​ផ្កា​ក់​ដង​ឫស្សី​០១​ដើម ,​ទូរ​សព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន​១២​ប្រូ ពណ៌​ខៀវ​០១​គ្រឿង និង​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1MT-1033 ជា​របស់​ជន​រង​គ្រោះ ដែល​ជនសង្ស័យ​ខាងលើ​ប្លន់​យក​ទៅ ។

យុវជន​រង​គ្រោះ​ក្នុង​អំពើ​ធាក់​ប្លន់​នេះ​ឈ្មោះ លឹ​ម រតនា អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ចំការ​ឡឹ​ក សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​យុវជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ឌុ​ប​មិត្ត​ភក្ដិ​ម្នាក់ ចំណែក​មិត្តភក្ដិ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ផ្សេង ត្រឡប់​មក​ពី​លេង​មិត្ត​ភក្ដិ​ម្នាក់​ដែល​ស្នាក់​នៅ​ក្នុងភូមិ​សាំង​ដំរី ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល​ខេត្តកណ្តាល ឆ្ពោះទៅ​ផ្ទះ​ជួល​នៅ​ភូមិ​ចំការឪឡឹក​វិញ ។ លុះ​ពេល​ទៅ​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ចោរ​ស្ទាវ​ទាំង​៤​នាក់​នោះ ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង​ខាងលើ​ដេញ​តាម​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ​លឹ​ម រតនា បណ្តាល​ឲ្យ​ដួល ហើយ​ជន​រង​គ្រោះ និង​មិត្តភក្ដិ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ឆ្ងាយ​ពី​ម៉ូតូ ។ ព្រោះ​បានឃើញ​ក្រុម​ចោរ​កាន់​កាំបិត​ផ្កា​ក់​នៅ​ក្នុង​ដៃ​ហើយ​ស្រែក​គំរាម​កាប់សម្លាប់​ថែម​ទៀត បន្ទាប់​មក​ចោរ​ក៏​បាន​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​ទៅ​តាម​ផ្លូវ​បេតុង​លេខ​១៤២ ក្នុង​ទិស​ដៅ​ពី​ទិស​ពី​ជើង​ទៅ​ត្បូង​កាត់​តាម​ផ្សារ​បែក​ចាន​បាត់​ស្រមោល ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ យុវជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បែក​ចាន ហើយ​ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ភ្លាម ​កម្លាំង​ប៉ុស្តិ៍​ខាងលើ បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក​អង្គស្នួល ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ដល់ទី​កន្លែង​កើតហេតុ​ភ្លាម​ៗ ។ រហូត​ដល់​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃខែឆ្នាំដដែល​ ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ។ មានការ​សម្របសម្រួល​ពី​ឯកឧត្តម គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដឹកនាំ​ចង្អុលបង្ហាញ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េ​ង​ធី ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ។

លោក​វរ​សេនី​យ៍​ឯក មាន សំណាង អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ដឹកនាំ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បែក​ចាន, ​ប៉ុស្តិ៍​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល ។ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ធំ និង​ប៉ុស្តិ៍​ប្រទះ​ឡា​ង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ចោរ​ស្ទាវ​ខាងលើ​បាន​៣​នាក់ រួម​ទាំង​វត្ថុ​តាង​រួច​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សួរនាំ​តាម​នីតិវិធី ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ និង​បក្ខពួក​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​ធាក់​ទៅ​លើ​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​ពិតប្រាកដ​មែន ៕