ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ៖ ​គ្រប់​ភាគី​ពាក់ព័ន្ធ​ គួរបង្កើន​ល្បឿនការអភិវឌ្ឍន៍កម្លាំង​ពលកម្ម​ជំនាញ និង​ដើម្បីសម្រេច​គោលដៅ​ថាមពល​ស្អាត ​ឆ្នាំ​២០៣០

3 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ​ក្នុង​ពិធី​បើក​សន្និសីទ​ ជំនាញ​ថាមពល​ស្អាត​៖ “​ការ​កសាង​កម្លាំង​ពលកម្ម​ជំនាញ​ថាមពល​ស្អាត​ ដែល​ត្រៀមខ្លួន​សម្រាប់​អនាគត​នៅ​កម្ពុជា​” នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ Shangri-La Phnom Penh ​។ សន្និសីទ​ដែល​មានការ​អញ្ជើញ​ចូលរួម ​ពី​តំណាង​រាជរដ្ឋាភិបាល វិស័យ​ឧស្សាហកម្ម ស្ថាប័ន​បណ្តុះបណ្តាល និង​ដៃគូ​អភិវឌ្ឍន៍ មាន​គោលបំណង​ពិភាក្សា​អំពី​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​ថាមពល​ពន្លឺព្រះអាទិត្យ ប្រសិទ្ធភាព​ថាមពល និង​យានយន្ត​អគ្គិសនី ចែករំលែក​បទ​ពិសោធ និង​ឧត្ត​មា​នុ​វត្ត​ន៍​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​ជំនាញ ព្រមទាំង​លើកកម្ពស់​ការ​ត្រៀមកម្លាំង​ ពលកម្ម​ស្រប​តាម​តម្រូវកា​រវិ​វត្ត ​នៃ​វិស័យ​ថាមពល​ស្អាត​ ។

ថ្លែង​ទៅ​កាន់​អង្គ​សន្និសីទ ​ដែល​ជា​ផ្នែក​មួយ​នៃ​ស​ប្តា​ហ៍​ថាមពល​ស្អាត (Clean Energy Week) និង​រៀបចំ​ដោយ EnergyLab Asia ក្រោម​ការ​គាំទ្រ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី និង​ទី​ភា្ន​ក់​ងារ​អភិវឌ្ឍន៍​លិច​តិ​ន​ស្តា​ញ (LED) ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្តូរ​ទៅ​រក​ថាមពល​ស្អាត​នៅ​កម្ពុជា​កំពុង​ជំរុញ​ការ​ប្រែប្រួល​យ៉ាង​សំខាន់​ក្នុង​វិស័យ​បច្ចេកវិទ្យា ជំនាញ និង​ទីផ្សារ​ការងារ ព្រមទាំង​បង្កើត​ឱកាស​ដ៏​ធំធេង​សម្រាប់​យុវជន ហើយ​វេទិកា​ដ៏​សំខាន់​នេះ​ ជា​កម្លាំង​ជំរុញ​បន្ថែម ដើម្បី​ព​ន្លឿ​ន​ការ​ផ្លាស់​ប្តូរ​ថាមពល​ឱ្យ​កាន់តែ​បៃតង និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ ​របស់​អ្នក​ប្រើប្រាស់ ដោយ​ចាប់ផ្តើម​ពី​ពេល​នេះ ដើម្បី​សម្រេច​គោលដៅ​អនាគត​ ។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ ជា​អតិបរមា​ពី​ការ​ផ្លាស់​ប្តូរ​នេះ កម្ពុជា​កំពុង​ខិតខំ​អភិវឌ្ឍ​អ្នកបច្ចេកទេស​ ស្រប​តាម​ស្តង់ដា​ជាតិ និង​អន្តរជាតិ ព្រមទាំង​ធានា​ឱ្យ​ស្ថាប័ន​បណ្តុះបណ្តាល​អាច​វិ​វត្ត​ទាន់​ នឹង​នវានុវត្តន៍​បច្ចេកវិទ្យា គុណវុឌ្ឍិ​ឆ្លើយ​តប​នឹង​តម្រូវការ​និយោជក និង​អ្នក​សិក្សា​ទទួល​បាន​បទ​ពិសោធ​អនុវត្ត​ជាក់ស្តែង ដើម្បី​លើកកម្ពស់​ផលិតភាព សន្តិសុខ​ថាមពល និង​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ នៅ​លើ​ឆាក​អន្តរជាតិ​ ។

ឯកឧត្តម​គូសបញ្ជាក់​ថា ការ​សម្រេច​បាន​នូវ​ការងារ​បៃតង ផលិតផល​បៃតង និង​សេវាកម្ម​បៃតង មិនមែន​ជា​កិច្ចការ​ ដែល​ធ្វើ​ឡើង ដោយ​ស្ថាប័ន​តែ​មួយ​នោះ​ទេ ប៉ុន្តែ​ត្រូវការ​កិច្ច​ខិតខំ​រួម ជំរុញ​វិនិយោគ​លើ​មូលធន​មនុស្ស​ ។ ថ្មី​ៗ​នេះ​ក្រសួង​បាន​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ TVET ក្នុង​វិស័យ​យានយន្ត តាម​រយៈ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​វិទ្យាស្ថាន BKI នៃ​ប្រទេស​អូស្ត្រាលី និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​លើកកម្ពស់ ការ​ប្រើប្រាស់​ថាមពលបៃតង ​។

នា​ឱកាស​នោះ​ដែរ ឯកឧត្តម គី សុខ​គី​ម នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF) បាន​លើក​ឡើង​ពី​តួនាទី​ដ៏​សំខាន់​នៃ SDF ក្នុង​ការ​ផ្សារ​ភ្ជាប់​តម្រូវការ​ជំនាញ​នៃ​ឧស្សាហកម្ម​ជាមួយ​ការ​ផ្គត់ផ្គង់​ការ​បណ្តុះបណ្តាល​ដែល​ឆ្លើយ​តប​នឹង​តម្រូវការ ការ​ពង្រឹងសមត្ថភាព​គ្រូ​បណ្តុះបណ្តាល ការ​លើកកម្ពស់​ភាព​ជា​ម្ចាស់​នៃ​វិស័យ​ឧស្សាហកម្ម និង​ការ​គាំទ្រ​ការ​អនុវត្ត​ការងារ​នៅ​កន្លែងធ្វើការ និង​ការ​បញ្ជាក់​វិញ្ញាបនបត្រ ​។

ជាមួយ​គ្នា​នេះ លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូត​រង ​នៃ​ស្ថានទូត​អូស្ត្រាលី​ ប្រចាំ​កម្ពុជា ​លើក​ឡើង​ថា ខណៈ​ដែល​មាន​មហិច្ឆតា​ផ្លាស់​ប្តូរ​ទៅ​រក​ថាមពល​ស្អាត កម្ពុជា​កំពុង​ទទួលយក​បច្ចេកវិទ្យា​ថ្មី​ៗ ដូច​ជា ថាមពលព្រះអាទិត្យ ប្រសិទ្ធភាព​ថាមពល និង​យានយន្ត​អគ្គិសនី​។ ទោះ​យ៉ាងណា ការ​ផ្លាស់​ប្តូរ​ថាមពល​ស្អាត​មិន​អាច​ពឹងផ្អែក​តែ​លើ​បច្ចេកវិទ្យា​បាន​ទេ ប៉ុន្តែ​ត្រូវការ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ សមត្ថភាព និង​ចំណេះដឹង​សម​ស្រប​ ។ ក្នុង​ន័យ​នេះ អូស្ត្រាលី​បន្ត​គាំទ្រ​កម្ពុជា​តាម​រយៈ​ការ​អភិវឌ្ឍ​ប្រព័ន្ធ TVET និង​កិច្ចសហការ​រវាង​រដ្ឋាភិបាល វិស័យ​ឯកជន និង​គ្រឹះស្ថាន​បណ្តុះបណ្តាល ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ ដែល​កំពុង​ផ្លាស់​ប្តូរ​ ។

លោកស្រី សា​រឿ​ន ល​ក្ខិ​ណា នាយក​ប្រចាំ​ប្រទេស​នៃ​ទី​ភា្ន​ក់​ងារ​អភិវឌ្ឍន៍​លិច​តិ​ន​ស្តា​ញ បាន​លើក​ឡើង​ថា សន្និសីទ​នេះ​មិនមែន​គ្រាន់តែ​ជា​ព្រឹត្តិការណ៍​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​កិច្ចសហការ​ប្រកបដោយ​និរន្តរភាព ដែល LED នឹង​បន្ត​សម្រាប់​កិច្ច​សន្ទនា ការ​សម្របសម្រួល និង​ការ​អនុវត្ត​ជាក់ស្តែង ដើម្បី​កំណត់​គម្លាត​ជំនាញ និង​ពង្រឹង​ការ​ចូលរួម​របស់​វិស័យ​ឧស្សាហកម្ម ការ​បណ្តុះបណ្តាល និង​ការ​ទទួល​បាន​ឱកាស​ការងារ​ថ្មី​ៗ​ដែល​កើត​ចេញពី​វិស័យ​ថាមពល​ស្អាត​។ លោកស្រី​បន្ត​ថា ការ​វិនិយោគ​លើ​ជំនាញ​ពិតជា​សំខាន់​សម្រាប់​ការ​ផ្លាស់​ប្តូរ​នេះ ដែល​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ៕ អត្ថបទសហការ