ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លៀស​២១​តោន​ដែល​ឈ្មួញ​បម្រុង​នាំ​ចេញ​ទៅ​ក្រៅប្រទេស ត្រូវ​អាវុធហត្ថបង្ក្រាប​បាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ជលផល

2 ម៉ោង មុន
  • ព្រៃវែង

ខេត្តព្រៃវែង​៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាភ្នំ បាន​ចាប់​ឃាត់​រថយន្ត​យី​ឌុ​ប​ដ៏​ធំ​មួយ​គ្រឿង​ដែល​ឈ្មួញ​កំពុង​ដើរ​ប្រមូល​ទិញ​លៀស​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​បឹង​ខ្សាច់​ស ដើម្បី​ដឹក​ចេញ​ទៅ​ក្រៅប្រទេស ។ ការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ កញ្ញា នៅ​ចំណុច​មាត់បឹង​ខ្សាច់​ស ស្ថិត​ក្នុង​ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

មន្ត្រី​អាវុធហត្ថ​ស្រុក​បាភ្នំ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រដូវ​បិទ​នេសាទ​នេះ ការ​នេសាទ​គ្រប់​រូបភាព​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់ ប៉ុន្តែ​នៅ​ចំណុច​បឹង​ខ្សាច់​ស ក្នុង​ឃុំរ​ក្សជ័យ បែរជា​មាន​ឈ្មួញ​ដើរ​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ នាំ​គ្នា​អូស​ប្រមូល​យក​លៀស​មក​លក់ ហើយ​ឈ្មួញ​នៅ​ចាំ​ទទួល​ទិញ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ជា​រៀងរាល់ថ្ងៃ ។

ប្រភព​ដដែល​នេះ​បាន​បន្ត​ថា ដើម្បី​ការពារ​ធនធានធម្មជាតិ​ឲ្យ​នៅ​គង់វង្ស នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ កញ្ញា កម្លាំង​អាវុធហត្ថ​ស្រុក​បាភ្នំ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត បាន​ចុះ​ទៅ​បង្ក្រាប​ក្រុម​ឈ្មួញ ដែល​កំពុង​ប្រមូល​ទិញ​លៀស​ពី​ប្រជាពលរដ្ឋ នៅ​ចំណុច​មាត់បឹង​ខ្សាច់​ស ដោយ​ចាប់​ឃាត់​រថយន្ត​យី​ឌុ​ប​របស់​ឈ្មួញ​បាន​មួយ​គ្រឿង ដែល​មាន​ផ្ទុក​លៀស​នៅ​លើ​រថយន្ត​ចំនួន​២១​តោន ហើយ​បាន​នាំ​យក​ទៅ​កាន់​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ដើម្បី​ចាត់ការ​បន្ត ។

ដោយឡែក មន្ត្រី​ជំនាញ​ជលផល​ខេត្តព្រៃវែង​បានអោយ​ដឹង​ថា ក្រោយ​ពី​ចាប់​រថយន្ត​ដឹក​លៀស​របស់​ឈ្មួញ​បាន​ហើយ កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង បាន​ប្រគល់​ទាំង​រថយន្ត និង​លៀស​ទាំងអស់ ឲ្យ​មក​មន្ត្រី​ជំនាញ​ជលផល​ខេត្តព្រៃវែង ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា មន្ត្រី​ជំនាញ​ជលផល​ក៏​បាន​យក​លៀស​ទាំងអស់ ទៅ​ចាក់​ព្រ​លែង​ចូល​បឹង​ធម្មជាតិ​វិញ នៅ​ចំណុច​ទួល​អស់លោក ក្នុង​ក្រុង​ព្រៃវែង ចំនួន​១០​តោន និង​ចាក់​លែង​នៅ​ចំណុច​បឹង​ស្នេហ៍ ក្នុងស្រុក​បាភ្នំ​ចំនួន​១១​តោន ចំណែក​រថយន្ត​ដឹក​លៀស ត្រូវ​បាន​មន្ត្រី​ជំនាញ​ជលផល​រក្សា​ទុក ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ។