ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ច​ម៉ូតូ​​១​គ្រឿងបានសម្រេច​ ​ជិះ​យក​ទៅ​ពពាយនាយ​លក់ ​ត្រូវ​អ្នកភូមិ​​សង្ស័យ ​ប្ដឹង​នគរបាល​ឱ្យ​ឃាត់ខ្លួន

23 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ធាក់​បំបាក់​សោ ក ម៉ូតូ​១​គ្រឿង រួច​ត​ខ្សែ​ប្រព័ន្ធ​សោ​ម៉ូតូ​លួច​យក​បាន​សម្រេច រួច​បញ្ឆេះ​ជិះ​គេចខ្លួន​យក​ទៅ​ពពាយនាយ​លក់ ឲ្យ​ប្រជាពលរដ្ឋ ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ហ៊ាន​ទិញ​យក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​សង្ស័យ​ថា ជន​នោះ​មិនល្អ ហើយ​ម៉ូតូ​មិន​មាន​ភាព​ប្រក្រតី​ទៅ​វិញ រួច​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ទៅ​ធ្វើការ​ឃាត់ខ្លួន​សួរនាំ ទើប​ដឹង​ថា​ជន​នោះ​គឺជា​ចោរ​មែន ។

អំពើ​ចោរកម្ម​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​មុខ​បន្ទប់​ជួល​ជាន់​ទី​២ ក្នុង​ផ្សារ​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ មិន ភក្តី ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ម្ដុំ​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ដោយឡែក​ម្ចាស់​ម៉ូតូ​ឈ្មោះ​ថន ថា​នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​របង​រមាស ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​ស្នាក់​នៅផ្ទះ​ជួល​ចំណុច​កើតហេតុ​ខាងលើ ។

ម្ចាស់​ម៉ូតូ​រូប​នោះ​បាន​និយាយ​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ក្រោយ​ពេល​ត្រឡ​ប់​ពី​ធ្វើការ​រោងចក្រ​វេន​យប់​ដល់​ផ្ទះ​ជួល​វិញ ខ្លួន​បាន​ទុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ពណ៌​ឈាម​ជ្រូក ផលិត​ឆ្នាំ​២០២៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1MA-3090 នៅ​ជិត​បន្ទប់​ជួល​ដោយ​ចាក់សោ ក ត្រឹមត្រូវ រួច​បាន​ចូល​ងូតទឹក​ក្នុង​បន្ទប់ ។ លុះ​ក្រោយ​ពេល​ងូតទឹក​រួច ចេញ​មក​មើល​ម៉ូតូ​ស្រាប់តែ​បាត់​មិនឃើញ ខ្លួន​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ជួយ​អន្តរាគមន៍ ព្រោះ​ស្មានថា​ទីកន្លែង​ដែល​ចោរលួច​ម៉ូតូ​នោះ​ស្ថិត​នៅ​សង្កាត់​ចោម​ចៅ​ទី​៣ ។

នគរបាល​បាន​ប្រាប់​ថា ដោយឡែក​ជនសង្ស័យ​ក្រោយ​ពេល​លួច​ម៉ូតូ​បាន ហើយ ក៏​បាន​ជិះ​ម៉ូតូ​យក​ទៅ​ពពាយនាយ​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ុន្តែ​ដោយ​មានការ​សង្ស័យ​ថា ជន​នោះ​មិនមែន​មនុស្ស​ល្អ ទើប​គ្មាន​នរណា​ហ៊ាន​ទិញ​ឡើយ ។ បន្ទាប់​មក​ប្រជាពលរដ្ឋ​ក៏​បាន​លួច​រាយការណ៍​ជា​សម្ងាត់​ដល់​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នាំ​យក​ទៅ​សាកសួរ​ភ្លាម​ៗ​តែ​ម្ដង ទើប​ដឹង​ថា​ជន​នោះ​គឺជា​ចោរ ហើយ​ម៉ូតូ​ដែល​កំពុង​ពពាយនាយ​លក់​នោះ​ទើបតែ​លួច​បាន​ថ្មី​ៗ​សោះ ។

ជនសង្ស័យ​ខាងលើ​បាន​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នោះ​មែន ដោយ​ខ្លួន​ទើប​ត្រឡប់​មក​ពី​ខេត្តបន្ទាយមានជ័យ​បាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ និង​បាន​ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ខ្លួន​បាន​ដើរ​កាត់​ផ្ទះ​ជួល​នៅ​ក្នុង​ផ្សារ​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ហើយ​បានឃើញ​ម៉ូតូ​ខាងលើ​ចត​ចោល​មុខ​បន្ទប់​ជួល​គ្មាន​ម្ចាស់​នៅ​ជិត ។ ពេល​នោះ​ខ្លួន​ក៏​បាន​ធាក់​បំបាក​សោ ក រួច​បាន​ត​ខ្សែ​សោម៉ូតូ​ ហើយ​បញ្ឆេះ​ជិះ​គេចខ្លួន​យក​ទៅ​លក់ ប៉ុន្តែ​អត់​មាន​អ្នក​ហ៊ាន​ទិញ​យក​សោះ ក្រោយមក​ក៏​មាន​នគរបាល​ទៅ​ដល់​ឃាត់ខ្លួន​តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​បន្ថែម​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បានហើយ​ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​បញ្ជូន​ខ្លួន​ជន​នោះ​ទៅ​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កន្ទោក ខណ្ឌ​កំ​បូល ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ព្រោះ​ទីតាំង​ចោរលួច​មូ​តូ​ស្ថិត​នៅ​ក្នុង​សង្កាត់ និង​ខណ្ឌ​ខាងលើ​នោះ ៕

ជនសង្ស័យត្រូវបានឃាត់ខ្លួន​
ម្ចាស់ម៉ូតូ