ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនស្រី​លោក គី​ម ជុង​អ៊ុ​ន ៖ មាន​តែ​មនុស្ស​ល្ង.ង់​ទេ ដែល​ជឿ​ថា កូរ៉េ​ខាងជើង​នឹង​បោះបង់​អាវុ.ធ​នុយក្លេអ៊ែរ

1 នាទី មុន

ទីក្រុង​ព្យុ​ង​យ៉ាង ៖ លោកស្រី គី​ម យ៉ូ​ជុង (Kim Yo Jong) ប្អូនស្រី​ដ៏​មាន​អំណាច​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន (Kim Jong Un) នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦ បាន​ថ្លែង​ថា ប្រទេស​កូរ៉េ​ខាងជើង​ត្រូវ​តែ​មាន​អាវុធ​នុយក្លេអ៊ែរ​ជា​ដាច់ខាត ហើយ​លោកស្រី​ថែម​ទាំង​ហៅ​អ្នក​ដែល​សង្ឃឹម​ចង់ឱ្យ​ប្រទេស​នេះ លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ថា​ជា​មនុស្ស​ល្ងង់​ទៀត​ផង​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Channel News Asia (CNA)​។

កូរ៉េ​ខាងជើង​បាន​ចែង​ក្នុង​ច្បាប់​ជា​ផ្លូវការ​នូវ​ស្ថានភាព​របស់​ខ្លួន គឺជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ ដោយ​ថ្នាក់ដឹកនាំ​បាន​ប្រកាស​ថា ច្បាប់​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ គឺជា​អចិន្ត្រៃយ៍ និង​មិន​អាច​កែប្រែ​បាន​ឡើយ​។

លោកស្រី គី​ម យ៉ូ​ជុង បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង (KCNA) ថា «​ជំហរ​របស់​កូរ៉េ​ខាងជើង​ក្នុង​នាម ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ គឺ​ដាច់ខាត ដែល​មិន​អាច​កែប្រែ​បាន​ដោយ​អ្វី​ទាំងអស់​។ ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុ​ង​យ៉ាង រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​ដ៏​ឃោរឃៅ​របស់​ពួក​ជនពាល​អន្តរជាតិ​»​។

លោកស្រី​បន្ត​ថា «​ការ​លើក​ឡើង​បែប​ល្ងង់ខ្លៅ​ដែល​ធ្លាប់តែ​ឮ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើត​មាន​ឡើង​។ ប្រសិនបើ​ពួក​គេ​ជឿ​ថា​វា​អាច​ទៅ​រួច​មែន​នោះ ពួក​គេ​នឹង​គ្រាន់តែ​បានឮ​ពាក្យ​សម្តី​របស់​ពួក​មនុស្ស​ល្ងង់​តែ​ប៉ុណ្ណោះ​»​។

គួរ​បញ្ជាក់​ថា ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាងជើង​បាន​ពង្រីក​កាន់តែ​ធំ​ឡើង ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​លើក​ទី ២ រវាង​លោក​ប្រធានាធិបតី គី​ម ជុង​អ៊ុ​ន និង​លោក​ប្រធានា​ធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​បរាជ័យ​ក្នុង​ឆ្នាំ​២០១៩ ជុំវិញ​បញ្ហា​ដែល​ថា តើ​កូរ៉េ​ខាងជើង​នឹង​ទទួល​បាន​អ្វី​មក​វិញ សម្រាប់​ជំហាន​ទៅ​រក​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​៕