ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ថៃ ដែល​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ និង​ជីក​ប្រឡាយ​នៅ​តំបន់​តា​ទុំ ស្រុក​អន្លង់​វែង និង​ទាមទារ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ថៃ ដែល​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ និង​ជីក​ប្រឡាយ​នៅ​តំបន់​តា​ទុំ ស្រុក​អន្លង់​វែង និង​ទាមទារ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរ​ទស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៧ កញ្ញា ២០២៦ ។

រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​យ៉ាង​ខ្លាំង​បន្ថែម​ទៀត​ចំពោះ​ការ​បន្ត​រំលោភ​បំពាន​ជា បន្តបន្ទាប់​របស់​ថៃ មក​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា តាម​បណ្ដោយ​ព្រំដែន ។

នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៦ កងកម្លាំងប្រដាប់អាវុធ​ថៃ បាន​ប្រើ​គ្រឿងចក្រ​ធុន​ធ្ងន់​ឈូស​ឆាយដី និង​ជីក​ប្រឡាយ នៅ​ក្បែរ​បង្គោល​ព្រំដែន​លេខ​៩ នៃ​តំបន់​តា​ទុំ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

រាជរដ្ឋាភិបាល​កម្ពុជា តវ៉ា​យ៉ាង​ខ្លាំង ប្រឆាំង​នឹង​សកម្មភាព​ខាងលើ ដែល​ជា​ការ​បំពាន​យ៉ាង​ច្បាស់​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដូចដែល​បាន​កំណត់ និង​ខណ្ឌសីមា ដោយ​ផែនទី​ខ្នាត ១:២០០.០០០ ផលិត​ដោយ​គណៈកម្មការ​កំណត់ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម អនុលោម​តាម​អនុ​ស​ញ្ញ បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ។

សកម្មភាព​ទាំងនេះ ក៏​រំលោភ​ផង​ដែរ លើ​មាត្រា​៥ នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ ស្តី​ពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០០០ និង​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល ភាគី​ទាំង​ពីរ​បាន​ឯកភាព​ប្រគល់​ជូន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC) ដើម្បី​បន្តការងារ​វាស់វែង និង​បោះបង្គោល​ព្រំដែន​ឱ្យ​បាន​ឆាប់​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​កម្ពុជា និង​ថៃ​។
រាជរដ្ឋាភិបាល​កម្ពុជា សូម​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត នូវ​ខ្សែបន្ទាត់​ព្រំដែន ឬ​ការ​ទាមទារ​ទឹកដី​ជា​ឯកតោភាគី ដោយ​ប្រទេស​ថៃ នោះ​ឡើយ ហើយ​សកម្មភាព ដែល​បាន​រៀបរាប់​ខាងលើ មិន​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់ ឬ​ជំហរ​របស់​កម្ពុជា​ទាក់ទង​នឹង​ព្រំដែន​អន្តរជាតិ​របស់​ខ្លួន​ឡើយ ។

រាជរដ្ឋាភិបាល​កម្ពុជា ទាមទារ​ឱ្យ​ប្រទេស​ថៃ បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ និង​គោរព​ការ​ប្ដេជ្ញា​ចិត្ត​របស់ ខ្លួន​ក្នុង​ការ​បន្ធូរបន្ថយ​ស្ថានការណ៍​លើកកម្ពស់​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​សម្រួល​ដល់​ការ​ដោះស្រាយ ជម្លោះ​ដោយ​សន្តិវិធី សំដៅ​ស្ដារ​សន្តិភាព ស្ថិរភាព និង​ទំនាក់ទំនង​ភាព​ជា​អ្នក​ជិតខាង​ល្អ នៅ​តាម​បណ្ដោយ​ព្រំដែន កម្ពុជា​-​ថៃ ។

កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជា​ជាមួយ​ប្រទេស ជិតខាង​ទាំងអស់ ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ ព្រមទាំង ប្រកាន់ខ្ជាប់ នូវ​ជំហរ​ជា​គោលការណ៍​របស់​ខ្លួន​ថា ខ្សែបន្ទាត់​ព្រំដែន​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​កម្លាំង​នោះ​ឡើយ ៕