រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បើក្រុមហ៊ុនអន្ដរជាតិនៅប្រទេសកម្ពុជាបើកបិទៗនឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន នៃការវិនិយោគ និងទីផ្សាររបស់កម្ពុជា ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា៖«អាជ្ញាបណ្ណហ្នឹងហើយជួយឲ្យគេរស់សំខាន់ណាស់ កុំឲ្យគេថា ទៅបើកបិទៗ បើក១០០ អបអរទរ ៥ឆ្នាំក្រោយ សល់តែ ៥០ បាន ន័យ ៥០ នៃការបរាជ័យអញ្ចឹងវាក្លាយទៅជាហានិភ័យ នៃការរកស៊ីស្រុកខ្មែរ ហើយក្រុមហ៊ុនមួយៗគេមករកស៊ី គេមកវាយតម្លៃ ហើយរកស៊ីហ្នឹងឱកាស នៃជោគជ័យពិបាកប៉ុន្មាន ហើយបើបើកបិទច្រើន បើកបិទច្រើនគ្រោះថ្នាក់ហើយ ប្រេនអន្តរជាតិទៀតបើកបិទៗដកមួយៗពិបាកដែរ វាប៉ះពាល់តែមកកម្ពុជា បរិស្ថាន នៃការវិនិយោគ និងទីផ្សារ» ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបាន បន្ដថា CDC បានគិតគូរហើយ បានពិនិត្យ មើលទៅលើវិស័យមួយចំនួន ដូចជា ស៊ីម៉ង់ត៍ ហើយខាងស៊ីម៉ង់ត៍សមាគមគាត់សុំហ្មង សុំកុំឲ្យចេញអាជ្ញាបណ្ណសិនទៀត។ បច្ចុប្បន្នមានក្រុមហ៊ុន៨ ហើយមានសមត្ថភាពក្រុមហ៊ុនផលិតដល់១០ លានតោនទៅហើយ មិនបាច់ឲ្យអាជ្ញាបណ្ណថែមទៀតទេ ។
សម្ដេចធិបតី គូសបញ្ជាក់ថា៖ «ក្រុមហ៊ុន ស្រាបៀរក៏យើងបិទដែរ ផលិតនាំចេញបាន តែក្នុងវាមានច្រើនហើយ ជួយប៉ុន្មានឲ្យរស់សិន ដើម្បីធានាគុណភាពរបស់គាត់។ កុំឲ្យប្រកួតដល់ពេលប្រកួតច្រើនពេក តួអង្គច្រើនពេកទម្លាក់គុណភាព ទម្លាក់ដើម្បីទម្លាក់តម្លៃវិញ រៀបចំស្តង់ដារឲ្យបានហើយធានាឲ្យគាត់រស់ ប្រកួតប្រជែង នៅក្នុងកម្រិតណាមួយដែលអាចធ្វើបាន»៕



ចែករំលែកព័តមាននេះ