ដុ.តបំផ្លាញបារីក្លែងម៉ាក ៨០០តោន ដែលរឹបអូសបានពីរោងចក្រមួយកន្លែង ក្នុងខេត្តតាកែវ
- តាកែវ
ខេត្តតាកែវ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកយស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត និងអាជ្ញាធរដែនដី អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ ដែលសមត្ថកិច្ចជំនាញបានបង្ក្រាបនាពេលកន្លងមក នៅក្នុងភូមិសាស្ត្រខេត្តតាកែវ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ស្ថិត នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។
ចំពោះបារីក្លែងបន្លំស្លាកសញ្ញានេះមានចំនួន៣១១មុខ ស្មើនឹង៨០០តោន ដែលរឹបអូសបានពីរោងចក្របារី១កន្លែងក្នុងក្រុងដូនកែវ កាលពីដើមឆ្នាំកន្លងទៅនេះ ហើយការដុតបំផ្លាញបារីក្លែងបន្លំស្លាកសញ្ញារបស់ក្រុមហ៊ុននៅខេត្តតាកែវនេះជាលើកទី២ហើយ ដោយដុតបំផ្លាញដូចគ្នានេះគឺនៅខេត្តត្បូងឃ្មុំជាង៤០០តោន។
ប្រតិបត្តិការ និងការដុតបំផ្លាញចោលនូវផលិផលក្លែងក្លាយនាពេលនេះ គឺជាសាក្សីភាពយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សមត្ថកិច្ច និងរដ្ឋបាលខេត្តតាកែវ ក្នុងការទប់ស្កាត់ លុបបំបាត់បទល្មើសផលិតផលក្លែងក្លាយ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ៕



ចែករំលែកព័តមាននេះ