រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចចង់ឃើញរោងចក្រកាត់ដេរវាយភណ្ឌ និងរោងចក្រផ្គុំ និងដំឡើងរថយន្ត ដំណើរការដូចគ្នា ដោយមិនឃើញរោងចក្រកាត់ដេរដំណើរ ហើយរោងចក្រផ្គុំ និងដំឡើងរថយន្តពុំមានសកម្មភាពនោះទេ ។
ថ្លែងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។
សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា ៖ “សម្តេចមិនចង់ឃើញកម្ពុជាបានតែដំណើរវិស័យកាត់ដេរ ប៉ុន្តែដល់ពេលបើករោងចក្រផ្គុំ និងដំឡើងរថយន្តមិនអាចដំណើរការ ដោយបើកបានបន្តិចបិទទៅវិញ។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមគិតគូរដល់ក្រុមហ៊ុនផលិតគ្រឿងបង្គុំរថយន្ត” ។
សម្តេចធិបតី ក៏បានលើកឡើងថា ត្រូវពង្រឹងភាពជឿជាក់របស់សមាគមអន្តរជាតិចំពោះកម្ពុជា ជាពិសេសត្រូវបង្ហាញពីសមត្ថភាពរបស់កម្ពុជា ដើម្បីឱ្យសហគមន៍អន្តរជាតិបានមើលឃើញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់សម្រាប់គាំទ្រដល់ឧស្សាហ៍កម្មធុនធ្ងន់ និងមានតម្លៃខ្ពស់មិនត្រឹមតែវិស័យកាត់ដេរ និងកសិកម្មបែបប្រពៃណីនោះទេ ប៉ុន្តែចំពោះឧស្សាហ៍កម្មធុនធ្ងន់ក៏ត្រូវធ្វើយ៉ាងណាឱ្យដំណើរការព្រមគ្នាជាមួយវិស័យផ្សេងទៀតដែរ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ ។
ក្នុងឱកាសនោះដែរ សម្តេចធិបតីបញ្ជាក់យ៉ាងដូច្នេះថា ៖ “នេះដែលថា ត្រូវធានាឱ្យគាត់រស់ ឱ្យគាត់រីក កុំឱ្យថា កម្ពុជាបានតែកាត់ដេរទេបានរីក បើកក្រុមហ៊ុនឡានដួល… អត់ទេ អត់មានមនុស្ស អត់មានកម្មករ ឬមួយក៏គោលនយោបាយយើងអត់គ្រប់គ្រាន់រួមទាំងរឿងការធានាទីផ្សារកម្រិតណាមួយជួយគាត់” ។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ជាធម្មតាក្រុមហ៊ុនមួយៗបង្កើតឡើង ដើម្បីចង់ឱ្យដំណើររីកចម្រើននៅលើទីផ្សារ តាមរយៈការបង្កើតវិធីសាស្ត្រផ្សេងៗដើម្បីទាក់ទាញអតិថិជន ៕





ចែករំលែកព័តមាននេះ