ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​ត្រា​ថ្មី​! ជប៉ុន​មាន​ប្រជាជន​អាយុ​ចាប់ពី​១០០​ឆ្នាំ​ឡើង លើស​ពី​១០​ម៉ឺន​នាក់​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

3 ម៉ោង មុន

ទីក្រុង​តូ​ក្យូ ៖ យោង​តាម​ទិន្នន័យ​ចុង​ក្រោយបង្អស់​របស់​ក្រសួងសុខាភិបាល ការងារ និង​សុខុមាលភាព​ប្រទេស​ជប៉ុន បាន​បង្ហាញ​ថា ចំនួន​ប្រជាជន​មាន​អាយុ​ចាប់ពី ១០០ ឆ្នាំ​ឡើង​ទៅ​នៅ​ក្នុង​ប្រទេស​នេះ បាន​កើន​លើស​ពី ១០​ម៉ឺន​នាក់​ជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​កើនឡើង​ដល់ ១០៧ ៦៧៧ នាក់ ក្នុង​ចំណោម​នោះ ៨៨% គឺជា​ស្ត្រី​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​កាសែត New York Post កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦​។

ទិន្នន័យ​ទាំងនេះ ត្រូវ​បាន​ប្រកាស​ឡើង ដើម្បី​អបអរសាទរ​ទិវា​គោរព​មនុស្ស​ចាស់ នៅ​ថ្ងៃ​ទី ១៥ ខែកញ្ញា ឆ្នាំ​២០២៦ ដែល​ជា​ពេល​រដ្ឋាភិបាល​ជប៉ុន​តែង​ផ្ដល់​កិត្តិយស​ដល់​មនុស្ស​ចាស់​មាន​អាយុ​ចាប់ពី ១០០ ឆ្នាំ​ឡើង​ទៅ​ដែល​មាន​សុខភាព​ល្អ និង​សកម្ម​នៅ​ក្នុង​សង្គម តាម​រយៈ​លិខិត​អបអរសាទរ​ពី​នាយក​រដ្ឋមន្ត្រី លោកស្រី Sanae Takaichi និង​ជាមួយ​វត្ថុ​អនុស្សាវរីយ៍​ពែង​ស្រា​សាកេ​ធ្វើ​ពី​ប្រាក់​មួយ​ផង​ដែរ​។

ខណៈ​ពេល​ដែល​ចំនួន​ប្រជាជន​វ័យ​ចំណាស់​បាន​កើនឡើង យុវជន​ជប៉ុន​ជា​ច្រើន​បែរជា​មិន​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​របស់​ពួក​គេ​។ បើ​តាម​របាយការណ៍​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ប្រជាសាស្ត្រ និង​សន្តិសុខ​សង្គម បាន​បញ្ចេញ​លទ្ធផល​នៃ​ការ​អង្កេត​មួយ​ដែល​បាន​បង្ហាញ​ថា បុរស និង​ស្ត្រី​នៅ​លីវ​អាយុ​ចន្លោះ​ពី ១៨ ដល់ ៣៤ ឆ្នាំ ជាង ២០% គ្មាន​បំណង​រៀប​ការ​ឡើយ ដោយ​ក្នុង​នោះ​ជិត​ពាក់កណ្តាល​លើក​ឡើង​ថា ពួក​គេ​មើល​មិនឃើញ​ផលប្រយោជន៍​ណាមួយ​ពី​អាពាហ៍ពិពាហ៍​នោះ​ទេ​។

អ្នកជំនាញ​បាន​លើក​ឡើង​ថា ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ចំនួន​ប្រជាជន​ជប៉ុន គឺជា​រឿង​ដែល​មិន​អាច​ជៀស​រួច​នោះ​ទេ ដោយ​អត្រា​បង្ក​កំណើត​សរុប​របស់​ប្រទេស​នេះ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ជា​ប្រវត្តិសាស្ត្រ​គឺ ១,១៤ ក្នុង​ឆ្នាំ​២០២៥​។ ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​ជប៉ុន អំឡុង​ពេល​ធ្វើ​ជំរឿន​ឆ្នាំ​២០២០ មាន​ចំនួន ១២៦ លាន​នាក់ ដែល​ក្នុង​នោះ​ជិត ៣០% អាយុ​ចាប់ពី ៦៥ ឆ្នាំ​ឡើង​ទៅ​។ យោង​តាម​វិទ្យាស្ថាន​ជាតិ​បានឱ្យ​ដឹង​ថា ចំនួន​ប្រជាជន​ជប៉ុន​នឹង​ធ្លាក់​ចុះ​មក​ត្រឹម ៨៧ លាន​នាក់ នៅ​ត្រឹម​ឆ្នាំ ២០៧០ ដោយ​ជិត ៤០% មាន​អាយុ​ចាប់ពី ៦៥ ឆ្នាំ​ឡើង​ទៅ​៕