រាជធានីភ្នំពេញ ៖ យុវជនម្នាក់កំពុងឈរនោមនៅចុងភូមិ ស្រាប់តែមានក្មេងទំនើង៦នាក់ ព្រួតវាយនឹងដុំថ្មបែកក្បាលហើមមុខពោរយកកាបូបលុយ និងទូរស័ព្ទដៃមួយគ្រឿងទៅបាត់ កាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១១ សីហា នៅភូមិទឹកថ្លា ក្រុមទី៧ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា ផ្ទះរបស់គេជាអ្នកលក់ទឹកអំពៅ ហើយនៅវេលាម៉ោងខាងលើ ជនរងគ្រោះ ព្រមទាំងក្រុមគ្រួសារទើបនឹងត្រឡប់មកពីឡើងផ្ទះរបស់បងប្អូន ហើយម្តាយបានប្រើយុវជនរងគ្រោះឈ្មោះសៀង ផល្លា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ២៤D ភូមិកើតហេតុ ខាងលើ ឱ្យជិះកង់យកកាកអំពៅទៅបោះចោល នៅចុងភូមិកន្លែងចោលសំរាមចម្ងាយប្រមាណ៣០០ម៉ែត្រពីផ្ទះ ។ លុះទៅដល់កន្លែងចោលសំរាមហើយបានឈប់កង់ចុះនោម ដោយដាក់ទូរស័ព្ទក្នុងហោប៉ៅខោ និងចាក់បទចម្រៀងស្តាប់បណ្តើរ។
ប្រភពព័ត៌មានបន្តថា ខណៈពេលកំពុងឈរនោម ស្រាប់តែមានក្មេងទំនើងមួយក្រុមមានគ្នា៦នាក់ចូលទៅឱបពីក្រោយជាប់ ហើយសួរថា «មានអីខ្លះនៅក្នុងខ្លួនឱ្យមកអញទាំងអស់!» ជនរងគ្រោះប្រាប់ថា មានតែទូរស័ព្ទមួយគ្រឿង និងកាបូបប្រាក់មានលុយពី៣ម៉ឺនទៅ៤ម៉ឺនរៀលប៉ុណ្ណោះ ។ ភ្លាមៗនោះ អ្នកខ្លះលូកហោប៉ៅយកទូរស័ព្ទ ខ្លះយកកាបូបប្រាក់ និងខ្លះទៀតយកដុំថ្មវាយក្បាលនិងមុខឡើងហើមពោរ ចំណែកជនរងគ្រោះមិនហ៊ានស្រែកទេ គិតតែពីខំរើបំរះឱ្យតែរួចខ្លួន ក៏រត់ចោលកង់នៅកន្លែងកើតហេតុ ទៅដល់ផ្ទះសន្លប់តែម្តង។
ក្រុមគ្រួសារបាននាំជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ហើយត្រូវគ្រូពេទ្យដេរចំនួន៨កន្លែងសរុបទាំងអស់២០ថ្នេរ ៕
ចែករំលែកព័តមាននេះ