ដេញថ្លៃធ្វើផ្លូវចុះទាបម្លឹងៗ កុំសង្ឃឹមមានគុណភាព !
- ត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ មានការព្រួយបារម្ភពីរឿងគម្រោងដេញថ្លៃផ្លូវ២ខ្សែ ដែលមានទឹកប្រាក់ជាង៥០០លានរៀល ត្រូវបានដាក់ឲ្យដេញថ្លៃនៅសាលាស្រុកតំបែរ នៅព្រឹកថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៦ ។ ជាមួយនោះ ប្រធានការិយាល័យផែនការ និងវិនិយោគខេត្តព្រមានក្រុមហ៊ុន ដែលដេញថ្លៃបានត្រូវប្រើដែកទំហំ៨លីតាមស្តង់ដារបច្ចេកទេស បើពុំនោះទេនឹងមានបញ្ហា ។

សូមបញ្ជាក់ថា ចំពោះលទ្ធផលនៃការដេញថ្លៃផ្លូវចំនួន២ខ្សែ ក្នុងនោះមាន ៖ ១-នៅឃុំចុងជាច ផ្លូវបេតុងប្រវែង៤០០ម៉ែត្រ តម្លៃប៉ាន់ស្មានជាង២៦៣លានរៀល ដោយមានក្រុមហ៊ុនចំនួន១៣ បានចូលរួមប្រកួតប្រជែងដេញបានលើក្រុមហ៊ុន ហ៊ន់ សោភ័ណ្ឌ ក្នុងតម្លៃ៨៤លានរៀល ។ ២-ផ្លូវដីមួយខ្សែប្រវែង៣០៩៨ម៉ែត្រ មានលូមុខកាត់ផ្លូវ៣កន្លែង នៅឃុំត្រពាំងព្រីងតម្លៃដាក់ឲ្យដេញថ្លៃជាង២៦៩លានរៀល ដោយមានក្រុមហ៊ុនចំនួន១១ ចូលរួមប្រកួតប្រជែង ដេញបានលើក្រុមហ៊ុនឡេង ស៊ាងហុង ក្នុងតម្លៃជាង៥៩លានរៀល ។

លោកសឺង សេរីវ៉ាន់ឌី ប្រធានការិយាល័យផែនការ និងវិនិយោគខេត្តមានប្រសាសន៍ឲ្យដឹងថា តាមការពិនិត្យឯកសារក្រុមហ៊ុនដែលបានដាក់ពាក្យចូលរួមដេញថ្លៃ គឺមានក្រុមហ៊ុនខ្លះបំពេញឯកសារមិនបានត្រឹមត្រូវ សូមកុំឱ្យមានបែបនេះបន្តទៀត ។ ការប្រកួតប្រជែងដេញថ្លៃ គឺគណៈកម្មការចង់បានក្រុមហ៊ុនមួយដែលដេញបានធ្វើផ្លូវ មានគុណភាពតាមស្តង់ដារបច្ចេកទេស ហើយទទួលបានប្រាក់ចំណេញ ។ តែបើការដេញចុះច្រើនទៅហើយនោះនិងធ្វើឱ្យផ្លូវពិតជាមិនមានគុណភាពឡើយ ។

លោកប្រធានរូបនេះបានបន្តថា តាមដែលរូបលោកដឹងមានក្រុមហ៊ុនមួយបានដេញថ្លៃផ្លូវបេតុងនៅឃុំមួយនោះក្នុងខេត្តត្បូងឃ្មុំ ពេលដែលស្ថាបនាផ្លូវមិនត្រូវស្តង់ដា ហើយក្រុមហ៊ុននោះបានធ្វើតបន្ថែមទៀត ដែលរឹតតែធ្វើឲ្យផ្លូវកាន់តែអន់ចំពោះមុខ និងមានវិធានការដល់ក្រុមហ៊ុនមួយនោះមិនឲ្យរួចខ្លួនបានទេ ។ ក្រុមហ៊ុនឡេង ស៊ាងហុង ដេញថ្លៃផ្លូវដីមួយខ្សែបាននៅឃុំត្រពាំងព្រីង ដោយដេញចុះថោកច្រើនបានអះអាងថា រូបលោកនិងស្ថាបនាផ្លូវតាមបទដ្ឋានបច្ចេកទេសសៀវភៅប៊ីប មិនឲ្យខុសត្រង់ណាមួយនោះទេ គឺមានគុណភាព ។

គេរង់ចាំមើលពេលខាងមុខក្រុមហ៊ុនទាំងពីរ ដែលដេញថ្លៃផ្លូវចុះច្រើនបែបនេះ តើគុណភាពផ្លូវ ពិតជាធ្វើតាមស្តង់ដារបច្ចេកទេសមែនដែរឬទេ? ដូចអត់សង្ឃឹម និងដូចអត់ជឿទេ ព្រោះតាមធម្មតា វាមិនដែលគេសុខចិត្តរកស៊ីខាតទេ…មែនទេ?








ចែករំលែកព័តមាននេះ