បើបណ្តោយបែបនេះ កា.ប់ដើមត្នោតទៅលក់ឱ្យស្រុកវៀតណាមគ្មានសល់ទេ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ មានរថយន្តធុនយក្សប្រភេទវ៉េអង ដឹកបន្ទះគ្រឿងត្នោតអារពេញទ្រុង បម្រុងលោតឆត្រឆ្លងដែនទៅប្រទេសវៀតណាម ពេលឃើញអ្នកសារព័ត៌មានតាមប្រមាញ់ថតយករូបភាព ត្រូវលោកមេប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនខ្សែដែកឲ្យរថយន្តដឹកគ្រឿងត្នោតនេះ បកត្រឡប់ក្រោយវិញ បើកគេចចូលក្នុងភូមិបាត់ ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣ និង៤៥នាទីរសៀលថ្ងៃទី១៤ កញ្ញា ២០២៦ នៅចំណុចច្រកទ្វារតំបន់ព្រំដែនខ្សែដែក ស្ថិតក្នុងឃុំត្រស់ ស្រុករមាសហែក ។ បើតាមសមត្ថកិច្ចឃុំត្រស់បានបង្ហើបឱ្យដឹងថា កន្លងមក មានក្រុមឈ្មួញដឹកគ្រឿងត្នោតអារជាបន្ទះប្រវែង៥ម៉ែត្រពេញទ្រុងរថយន្តយីឌុបប្រភេទវ៉េអង ដឹកឆ្លងដែនទៅប្រទេសវៀតណាម ជួនកាលទម្លាក់នៅក្នុងទីធ្លាប៉ុស្តិ៍រួចផ្ទេរលើកដាក់លើរថយន្តវៀតណាម ឆ្លងដែនទៅប្រទេសវៀតណាមសង្ស័យអត់ច្បាប់ ទើបឃើញអ្នកសារព័ត៌មានតាមប្រមាញ់ថតរូបភាពលោកមេប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនខ្សែដែកបញ្ជាឲ្យអ្នកបើកបររថយន្តដឹកគ្រឿងត្នោតនេះ បើកចេញពីប៉ុស្តិ៍បើកត្រឡប់ក្រោយវិញចូលទៅក្នុងភូមិបាត់ស្រមោល គឺជួយលាក់ដែលសង្ស័យសុទ្ធតែឆ្នាំងបាយរួមគ្នា ។
ទាក់ទិនករណីនេះដែរ អ្នកសារព័ត៌មានយើងបានសួរទៅកាន់មន្ត្រីនគរបាលវរៈការពារព្រំដែនច្រកទ្វារតំបន់ព្រំដែនខ្សែដែក ដែលអ្នកបើកបារ៉ាស់នោះថា ហេតុអីបានជាបើកបារ៉ាស់ឲ្យចូលហើយ បម្រុងផ្ទេរគ្រឿងត្នោតទៅដាក់លើរថយន្តវៀតណាមឆ្លងដែនទៅប្រទេសវៀតណាម ហើយបែរជាឱ្យបើកត្រឡប់ក្រោយវិញ ?

លោកមេប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនខ្សែដែកបានប្រាប់អ្នកសារព័ត៌មានថា មូលហេតុឱ្យរថយន្តដឹកគ្រឿងត្នោតបើកចេញត្រឡប់ក្រោយវិញ ដោយអ្នកបើកបររថយន្ត និងម្ចាស់គ្រឿងត្នោតអារនេះ មិនបានជម្រាបប្រាប់មកសមត្ថកិច្ចច្រកមុន មានច្បាប់ដែរ ឬអត់ ម្យ៉ាងទៀតដោយអ្នកសារព័ត៌មានមកថតច្រើន ចុះផ្សាយទៅពិបាកឆ្លើយជាមួយថ្នាក់ដឹកនាំ ដូច្នេះ តម្រូវឲ្យបើករថយន្តចេញពីខាងមុខប៉ុស្តិ៍សិន ហើយឲ្យម្ចាស់ត្នោតសុំច្បាប់នាំចេញសិន ទើបឲ្យនាំចេញ ។
មហាជនដាក់ការងឿងឆ្ងល់ថា បើគ្មានច្បាប់ ហេតុអ្វីបើកបារ៉ាស់ឲ្យរថយន្តបើកចូល ហើយឲ្យរថយន្តវៀតណាមឆ្លងដែនចូលមកផ្ទេរបន្ទះគ្រឿងត្នោតដឹកឆ្លងដែនទៅប្រទេសវៀតណាមបានយ៉ាងចំហបែបនេះ?

ចំណែកខាងឈ្មួញវៀតណាមបានបង្ហើបឲ្យដឹងថា គេមកទិញគ្រឿងត្នោតអារនេះ យកទៅរោងចក្រផលិតចង្កឹះ ។ មហាជនបានលើកឡើង និងមានការព្រួយបារម្ភថា បើគ្មានការទប់ស្កាត់ បណ្តែតបណ្តោយឲ្យឈ្មួញកាប់ដើមត្នោតអារច្រៀកលក់ទៅស្រុកវៀតណាមតាមចិត្តបែបនេះ មុខជាហិនហោចបាត់បង់ដើមត្នោតជាក់ជាមិនខាន ៕
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ។


ចែករំលែកព័តមាននេះ